គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ នេះ ផ្ទះស្រុកស្រែរបស់ខ្ញុំ ដែលបាន សាងសង់នៅតំបន់សំបុកចាប WordPress នេះ មានរយៈពេលជាង ៩ខែហើយ… ជាង ៩ខែដែលពោរពេញដោយភាពរីករាយ និងមិត្តភាពមិនអាចកាត់ថ្លៃបាន… ជាពិសេស គឺខ្ញុំសប្បាយចិត្ត ដោយសារតែការចេះរក្សាបាននូវឥរិយាបទ “កំសាកៗ” របស់ខ្ញុំនេះតែម្តង..??..!!..
រំលឹកថយក្រោយបន្តិចកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១… ដោយមើលឃើញគំរូ ពីការបិទប្លុកបែប “ឆៅៗ” របស់ញាតិយើង គឺលោក សាម៉ាឌី (ឈ្មោះហៅក្រៅ ស៊ីម៉ាដាម) ហើយខ្ញុំភ័យខ្លាចប្លុកស្រុកស្រែរបស់ខ្ញុំ មានវាសនាដូចប្លុករបស់គាត់ ដែរនោះ ខ្ញុំក៍បានចំណាយប្រាក់ ដើម្បីទិញ Domain Name (sroksrear.com) ពីក្រុមហ៊ុន WordPress នេះតែម្តង ដោយខ្ញុំគិតថា៖ របស់ដែលគេអោយប្រើទទេៗ (free) ប្រសិនបើយកមកប្រើបែប “ធម្មតា” គឺមិនអីទេ តែបើប្រើបែប “អធម្មតា” វិញ គឺច្រើនតែមានបញ្ហាទៅថ្ងៃក្រោយហើយ។
ដូចការគិតរបស់ខ្ញុំមែន… ក្រោយមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំបានដាក់ប្រកាសមួយ ជាប្រភេទបែប “អធម្មតា” មានចំណងជើងថា៖ ទន្សោងគោព្រៃ… ដែលមានខ្លឹមសារ លើកព្រនង់វ៉ៃត្រង់ៗតែម្តង…។ ភ្លាមៗនោះ មិនដឹងជាអាចង្រៃ Hacker ចោរម្រ៉ាយ លេចចេញពីក្រហែងមេឃណាម៉ោទេ ដែលវាញ៉ាមធ្លាប់បានបិទប្លុកគេឆៅៗ នៅក្នុង WordPress នេះ បានហក់ចូលមកបិទប្លុកស្រុកស្រែរបស់ខ្ញុំនេះចោលតែម្តង។ តែដោយសារខ្ញុំបានទិញ Domain Name ទាន់ពេលវេលា ជាហេតុធ្វើអោយក្រុមនេះ បានត្រឹមតែបិទ Comment ដើម្បីកុំអោយមានអ្នកបញ្ចេញយោបល់បន្តទៀត នៅក្នុងប្រកាសទន្សោងគោព្រៃនេះតែប៉ុណ្ណោះ… ហើយតាំងពីពេលនោះមក ប្លុកស្រុកស្រែរបស់ខ្ញុំនេះ ក៍មិនទាន់ឃើញមានហេតុភេទអ្វីកើតឡើងទៀតដែរ។ តែខ្ញុំនៅតែយល់ថា ពួកក្រុមគេនេះ នៅតែអាចមានសមត្ថភាពធ្វើអ្វីៗបានស្រេចតែ ក្បាលវ៉ាល់ណឹង ប្រសិនបើពួកគេចង់…។
ចាប់ពីមានរឿងហេតុចង្រៃខាងលើនេះមក ខ្ញុំបានក្លាយទៅជាជន “កំសាក” លែងចង់ធ្វើជាអ្នកក្លាហាន “លីព្រនង់” ទៀតហើយ…។ ម្យ៉ាងមកពីខ្ញុំយល់ថា ប្រសិនបើរដ្ឋអំណាចចង់រកអត្តសញ្ញាណរបស់ម្ចាស់ប្លុកនីមួយៗ ដែលកំពុងខំប្រឹង លាក់មុខដូចពង្រូល និងកំពុងរស់នៅក្នុងស្រុកខ្មែរស្រាប់ ដូចយ៉ាងស្រុកស្រែខ្ញុំនេះ ជាដើម គឺហាក់ដូចជាគ្មានអ្វីពិបាកសោះ ព្រោះថា ក្រុមហ៊ុន ISP ទាំងអស់ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាច… ហេតុនេះ បើរដ្ឋអំណាចចង់រកម្ចាស់ប្លុក មួយណា គឺគ្រាន់តែស្វែងរកតាមរយៈ IP Address របស់អ្នកប្រើប្រាស់ម្ចាស់ប្លុកទៅ គឺងាយជាងលាបាតដៃទៅទៀត…។
ទន្ទឹមនឹងការតាំងចិត្តធ្វើជាជនកំសាកនេះ ដែលក្រោយមក មានញាតិមិត្តយើងខ្លះ បានចាត់ទុកខ្ញុំថា ជាប្រភេទកំសាកញីទៅទៀត… តែគិតៗទៅ ខ្ញុំក៍មិនអៀនខ្លួន និងស្រួលម្យ៉ាងដែរ ព្រោះថា ការធ្វើជាជនកំសាក មិនសូវមាន “សត្រូវ” ច្រើនទេ… តែការកំសាករបស់ខ្ញុំនេះ មានចរឹតជាការកំសាកបែប “ហ៊ាន”… មិនមែនកំសាកបែប “ខ្លាច” គេញ៉មៗទេ។ ហេតុនេះហើយបានជាខ្ញុំ ដូរឥរិយាបទពីអ្នកក្លាហាន “លីព្រនង់” ចាំវ៉ៃត្រង់ៗ ទៅជាជនកំសាកអង្គុយ “កាន់ព្រនង់” អង្អែលវិញ។ ចំណាំមើលខ្ញុំចុះ… ពេលណា ខ្ញុំចង់ “ចូលប្រឡូក” ក្នុងរឿងហេតុណាមួយ គឺខ្ញុំចូលចិត្តអង្អែលព្រនង់ និងគ្រាន់តែកាន់ព្រនង់យកទៅជន្ល ធ្វើវ៉ៃប្រឆិតៗ… វ៉ៃក្បែរៗ… ធ្វើជាវ៉ៃខុយៗ… វ៉ៃអោយស្ញើបៗ… វ៉ៃអោយល្ហើយៗខ្លួន..!!.. ការវ៉ៃបែបនេះ ខ្ញុំយល់ថា ពេលខ្លះធ្វើអោយឈឺចាប់ដល់កណ្តាលដើមទ្រូង! ឈឺគ្រាំគ្រឿងក្នុង! ឈឺស្រគារពេញក្បាល… ឈឺជាងវ៉ៃអោយចេញឈាមទៅទៀត..!!..??..
នៅមានទៀត… វិធីវ៉ៃបែបកំសាកៗ ធឺម៉ាកស្រុកស្រែខ្ញុំនេះទៀតសោត គឺជាការវ៉ៃ តាមរបៀបត្រៀមទុកជាមុននូវច្រកផ្លូវក្រោយ ដើម្បីងាយស្រួលដល់ការ “ដកថយ” តាមក្បួនយុទ្ធសាស្រ្ត..!!.. ការដែលអ្នកក្លាហាន ចូលចិត្តនាំគ្នាលីព្រនង់ទៅសំពងចំៗ ម៉ាអស់ទំហឹង… គឺហាក់ដូចជាយកក្បាល ទៅជល់នឹងជញ្ជាំង “វិមានសន្តិភាព” អញ្ចឹង ដែលខ្ញុំយល់ថា មិនមែនជាអ្នកក្លាហានពិតប្រាកដទេ…។
ខ្ញុំមិនបង្អាប់ទេ… តែគិតចុះគិតឡើងទៅ… បើប្រៀបជាមួយនឹងអ្នកក្លាហាន ខ្ញុំនៅតែជាជនកំសាក អាដែល..!!..
ស្រុកស្រែ