ចំណងជើងខាងលើនេះ គឺជាសំណួរដែលខ្ញុំតែងតែចោទសួរខ្លួនឯងញឹកញាប់ ណាស់… ហើយខ្ញុំខំប្រឹងរកចំឡើយរបស់សំណួរនេះ ដោយខ្លួនឯងផងដែរ… ដោយឈរលើទស្សនៈមិនលំអៀង ចំឡើយរបស់ខ្ញុំយ៉ាងខ្លីនោះគឺ៖ មិនអាចទេ..!!..
មូលហេតុចំបងបំផុតដែលនាំអោយ “មិនអាច” នេះ គឺដោយសារតែ “ចំណេះដឹង” របស់បេក្ខភាពមេឃុំគ្រប់គណៈបក្សយោបាយទាំងអស់ មិនអាចឆ្លើយតបបាន នូវការវិវឌ្ឍន៍របស់សង្គមយើងនៅទីជនបទបានឡើយ បើទោះជាមេឃុំភាគច្រើន កំពុងតែកាន់អំណាច ដែលសំបូរទៅដោយ “បទពិសោធន៍” ក៍ដោយ… តាមខ្ញុំយល់ បទពិសោធន៍ វាខុសពីសមត្ថភាព ហើយសមត្ថភាព បានមកពីចំណេះដឹង..!!.. ប្រសិនបើមានទាំងសមត្ថភាព មានទាំងបទពិសោធន៍នោះ ការដឹកនាំគ្រប់គ្រង នៅក្នុងឃុំរបស់ខ្លួន ប្រាដកជានឹងទទួលបានជោគជ័យជាមិនខាន។
ទាក់ទងនឹងការជ្រើសរើសបេក្ខភាពមេឃុំ ដែលនឹងត្រូវបោះឆ្នោតនាពេលខាងមុខនេះ ខ្ញុំធ្លាប់បានដាក់ប្រកាសមួយ កាលពីថ្ងៃទី០១ មីនា ២០១២ កន្លងទៅនេះ ដែលមាន ចំណងជើងថា៖ ការជ្រើសរើសបេក្ខភាពមេឃុំ គួរតែត្រូវបានកែប្រែទំរង់ការខ្លះ… ដោយពេលនោះ ខ្ញុំបានជជែកលេងជាមួយញាតិមិត្តយើងនៅទីនេះ ហើយខ្ញុំបាន ការពារគោលគំនិតរបស់ខ្ញុំនេះរហូតមក។ អ្វីដែលខ្ញុំអាចយល់ដឹងបាននោះគឺ ការជ្រើសរើសមនុស្ស អោយកាន់ដំណែងមេឃុំនៅស្រុកយើង ប្រហែលជាជាប់ ទំលាប់តៗគ្នា តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ហើយការងារសំខាន់ របស់មេឃុំសម័យដើម គឺប្រហែលជាគ្មានអ្វីក្រៅពីការដើរប្រមូល “ពន្ធអារក” ពីប្រជាជននៅក្នុងឃុំរបស់ខ្លួន សំរាប់យកទៅបង់អោយអាណាព្យាបាលបារាំង ឡើយ។ ក្រៅពីនេះ តួនាទីមេឃុំសម័យដើម ដូចជាមិនដឹងធ្វើស្អីផងទេ..!!..??..
ចូលដល់សម័យទំនើបកម្ម ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងបំបាត់នូវភាព ក្រីក្រតាមទីជនបទរបស់យើងវិញ តួនាទីចំបងរបស់មេឃុំ បែរជាគ្មានធ្វើអ្វីក្រៅពីការ អូសទាញប្រជាជនក្នុងភូមិឃុំរបស់ខ្លួន អោយចូលរួមក្នុងបក្សរបស់ខ្លួនទេ។ នៅមានទៀត… តួនាទីរបស់មេឃុំបច្ចុប្បន្ន (កំពុងកាន់អំណាច?) គឺត្រូវចេះសរសេរ សំណើរសុំ “ថវិកាឧបត្ថម្ភ” ដើម្បីយកមកចំណាយក្នុងយុទ្ធនាការឃោសនារក សំឡេងឆ្នោត ទើបបានហៅថា មេឃុំមានជំនាញ។ ក្រៅពីនោះ សុំទោសផង… តួនាទីមេឃុំសម័យថ្មីរបស់យើងនេះ ក៍មិនដឹងជាធ្វើស្អីផងដែរទេ..!!..??..
ខ្ញុំមិនបដិសេធពីសមិទ្ធិផលនៃការអភិវឌ្ឍន៍ រីកចំរើនតាមទីជនបទដូចជា ផ្លូវថ្នល់ សាលារៀន ប្រឡាយទឹកដែលជាហេដ្ឋារចនាសម្ព័ន្ធសង្គមទេ… តែខ្ញុំនៅតែយល់ថា ស្ថានភាពជីវភាពរបស់ប្រជាជនទូទៅនៅតាមទីជនបទ គឺជៀសមិនផុតពីការបន្ត រស់នៅដោយការលំបាក ខ្វះខាតដដែលជាដដែល… គឺដោយសារតែមេឃុំ ដែលបានមកពីការបោះឆ្នោតនាពេលខាងមុខនេះ “សំបូរតែបទពិសោធន៍” នេះឯង..!!.. ឯមេឃុំប្រកបដោយចំណេះដឹង និងមានសមត្ថភាពដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និងឈ្លាសវៃ ដើម្បីប្រែក្លាយភូមិឃុំរបស់ខ្លួន អោយមានការវិវឌ្ឍន៍រីកចំរើន សុខដុមរម្យនានោះ ប្រហែលជារកមិនទាន់បាន នៅឡើយទេ និងប្រហែលជាត្រូវការពេលវេលាយូរបន្ថែមទៀត..!!..??..

គណៈបក្សប្រជាជនកម្ពុជា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សហ្វុនស៊ិនប៉ិច នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

បងប្អូនដែលជាសត្រូវនឹងគ្នា..!!.. នេះជាក្បួនរថយន្តរបស់គណៈបក្ស នរោត្តមរណរិទ្ធ និងគណៈបក្សហ្វុនស៊ិនប៉ិច បានបើកបញ្ច្រាសគ្នា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)
ស្រុកស្រែ




