បណ្ណសារចំណាត់ក្រុម៖ គំនិត-យោបល់ខ្ញុំ

ស្វ័យទិតៀន៖ ​ខ្ញុំជាជន​កំសាក..!!..??..

គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ នេះ ផ្ទះស្រុកស្រែរបស់ខ្ញុំ ដែលបាន សាងសង់នៅតំបន់សំបុកចាប WordPress នេះ មានរយៈពេលជាង ៩ខែហើយ… ជាង ៩ខែដែលពោរពេញដោយភាពរីករាយ និងមិត្តភាពមិនអាចកាត់ថ្លៃបាន… ជាពិសេស គឺខ្ញុំសប្បាយចិត្ត ដោយសារតែការចេះរក្សាបាននូវឥរិយាបទ “កំសាកៗ” របស់ខ្ញុំនេះតែម្តង..??..!!..

រំលឹកថយក្រោយបន្តិចកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១… ដោយមើលឃើញគំរូ ពីការបិទប្លុកបែប “ឆៅៗ” របស់ញាតិយើង គឺលោក សាម៉ាឌី (ឈ្មោះហៅក្រៅ ស៊ីម៉ាដាម) ហើយខ្ញុំភ័យខ្លាចប្លុកស្រុកស្រែរបស់ខ្ញុំ មានវាសនាដូចប្លុករបស់គាត់ ដែរនោះ ខ្ញុំក៍បានចំណាយប្រាក់ ដើម្បីទិញ Domain Name (sroksrear.com) ពីក្រុមហ៊ុន WordPress នេះតែម្តង ដោយខ្ញុំគិតថា៖ របស់ដែលគេអោយប្រើទទេៗ (free) ប្រសិនបើយកមកប្រើបែប “ធម្មតា” គឺមិនអីទេ តែបើប្រើបែប “អធម្មតា” វិញ គឺច្រើនតែមានបញ្ហាទៅថ្ងៃក្រោយហើយ។

ដូចការគិតរបស់ខ្ញុំមែន… ក្រោយមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំបានដាក់ប្រកាសមួយ ជាប្រភេទបែប “អធម្មតា” មានចំណងជើងថា៖ ទន្សោងគោព្រៃ… ដែលមានខ្លឹមសារ លើកព្រនង់វ៉ៃត្រង់ៗតែម្តង…។ ភ្លាមៗនោះ មិនដឹងជាអាចង្រៃ Hacker ចោរម្រ៉ាយ លេចចេញពីក្រហែងមេឃណាម៉ោទេ ដែលវាញ៉ាមធ្លាប់បានបិទប្លុកគេឆៅៗ នៅក្នុង WordPress នេះ បានហក់ចូលមកបិទប្លុកស្រុកស្រែរបស់ខ្ញុំនេះចោលតែម្តង។ តែដោយសារខ្ញុំបានទិញ Domain Name ទាន់ពេលវេលា ជាហេតុធ្វើអោយក្រុមនេះ បានត្រឹមតែបិទ Comment ដើម្បីកុំអោយមានអ្នកបញ្ចេញយោបល់បន្តទៀត នៅក្នុងប្រកាសទន្សោងគោព្រៃនេះតែប៉ុណ្ណោះ… ហើយតាំងពីពេលនោះមក ប្លុកស្រុកស្រែរបស់ខ្ញុំនេះ ក៍មិនទាន់ឃើញមានហេតុភេទអ្វីកើតឡើងទៀតដែរ។ តែខ្ញុំនៅតែយល់ថា ពួកក្រុមគេនេះ នៅតែអាចមានសមត្ថភាពធ្វើអ្វីៗបានស្រេចតែ ក្បាលវ៉ាល់ណឹង ប្រសិនបើពួកគេចង់…។

ចាប់ពីមានរឿងហេតុចង្រៃខាងលើនេះមក ខ្ញុំបានក្លាយទៅជាជន “កំសាក” លែងចង់ធ្វើជាអ្នកក្លាហាន “លីព្រនង់” ទៀតហើយ…។ ម្យ៉ាងមកពីខ្ញុំយល់ថា ប្រសិនបើរដ្ឋអំណាចចង់រកអត្តសញ្ញាណរបស់ម្ចាស់ប្លុកនីមួយៗ ដែលកំពុងខំប្រឹង លាក់មុខដូចពង្រូល និងកំពុងរស់នៅក្នុងស្រុកខ្មែរស្រាប់ ដូចយ៉ាងស្រុកស្រែខ្ញុំនេះ ជាដើម គឺហាក់ដូចជាគ្មានអ្វីពិបាកសោះ ព្រោះថា ក្រុមហ៊ុន ISP ទាំងអស់ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាច… ហេតុនេះ បើរដ្ឋអំណាចចង់រកម្ចាស់ប្លុក មួយណា គឺគ្រាន់តែស្វែងរកតាមរយៈ IP Address របស់អ្នកប្រើប្រាស់ម្ចាស់ប្លុកទៅ គឺងាយជាងលាបាតដៃទៅទៀត…។

ទន្ទឹមនឹងការតាំងចិត្តធ្វើជាជនកំសាកនេះ ដែលក្រោយមក មានញាតិមិត្តយើងខ្លះ បានចាត់ទុកខ្ញុំថា ជាប្រភេទកំសាកញីទៅទៀត… តែគិតៗទៅ ខ្ញុំក៍មិនអៀនខ្លួន និងស្រួលម្យ៉ាងដែរ ព្រោះថា ការធ្វើជាជនកំសាក មិនសូវមាន “សត្រូវ” ច្រើនទេ… តែការកំសាករបស់ខ្ញុំនេះ មានចរឹតជាការកំសាកបែប “ហ៊ាន”… មិនមែនកំសាកបែប “ខ្លាច” គេញ៉មៗទេ។ ហេតុនេះហើយបានជាខ្ញុំ ដូរឥរិយាបទពីអ្នកក្លាហាន “លីព្រនង់” ចាំវ៉ៃត្រង់ៗ ទៅជាជនកំសាកអង្គុយ “កាន់ព្រនង់” អង្អែលវិញ។ ចំណាំមើលខ្ញុំចុះ… ពេលណា ខ្ញុំចង់ “ចូលប្រឡូក” ក្នុងរឿងហេតុណាមួយ គឺខ្ញុំចូលចិត្តអង្អែលព្រនង់ និងគ្រាន់តែកាន់ព្រនង់យកទៅជន្ល ធ្វើវ៉ៃប្រឆិតៗ… វ៉ៃក្បែរៗ… ធ្វើជាវ៉ៃខុយៗ… វ៉ៃអោយស្ញើបៗ… វ៉ៃអោយល្ហើយៗខ្លួន..!!.. ការវ៉ៃបែបនេះ ខ្ញុំយល់ថា ពេលខ្លះធ្វើអោយឈឺចាប់ដល់កណ្តាលដើមទ្រូង! ឈឺគ្រាំគ្រឿងក្នុង! ឈឺស្រគារពេញក្បាល… ឈឺជាងវ៉ៃអោយចេញឈាមទៅទៀត..!!..??..

នៅមានទៀត… វិធីវ៉ៃបែបកំសាកៗ ធឺម៉ាកស្រុកស្រែខ្ញុំនេះទៀតសោត គឺជាការវ៉ៃ តាមរបៀបត្រៀមទុកជាមុននូវច្រកផ្លូវក្រោយ ដើម្បីងាយស្រួលដល់ការ “ដកថយ” តាមក្បួនយុទ្ធសាស្រ្ត..!!.. ការដែលអ្នកក្លាហាន ចូលចិត្តនាំគ្នាលីព្រនង់ទៅសំពងចំៗ ម៉ាអស់ទំហឹង… គឺហាក់ដូចជាយកក្បាល ទៅជល់នឹងជញ្ជាំង “វិមានសន្តិភាព” អញ្ចឹង ដែលខ្ញុំយល់ថា មិនមែនជាអ្នកក្លាហានពិតប្រាកដទេ…។

ខ្ញុំមិនបង្អាប់ទេ… តែគិតចុះគិតឡើងទៅ… បើប្រៀបជាមួយនឹងអ្នកក្លាហាន ខ្ញុំនៅតែជាជនកំសាក អាដែល..!!..

ស្រុកស្រែ

តាថេន និងចៅសន ឆ្នាំ២០១២…

រឿងតាថេន និងចៅសន ជាភាគនិទានក្នុងសៀវភៅ គតិលោក ដែលនិពន្ធដោយ ឧកញ៉ាសុតន្តប្រីយជា ឥន្ធ ដ៏ល្បីល្បាញ… កាលពីខែមុន ខ្ញុំឃើញញាតិមិត្តយើង នៅទីនេះ បានរៀបរាប់ពីហេតុការណ៍មួយ ស្រដៀងគ្នានឹងរឿងតាថេន និងចៅសន ដែរ… ហើយពេលនេះ ខ្ញុំក៍ចង់លើកយករឿងដដែលនេះ មកនិទានម្តងទៀត ជាការកែកំសាន្តផងដែរ…។

ដំណើររឿងតាថេន និងចៅសន របស់ឧកញ៉ាសុតន្តប្រីយជា ឥន្ធ មានដូចតទៅ៖ …មានប្រជាជនក្នុងភូមិមួយ ត្រូវបានលង់ខ្លួនចាញ់បោកល្បិចកល ជនខិលខូច មួយក្រុម ដោយមានមេក្លោងឈ្មោះតាថេន ដែលបានតាំងខ្លួនជាតាបស សម្មាទានសីល ដើម្បីធានាខ្លួនមកជួយរៀបចំពិធីរំដោះគ្រោះកាចចង្រៃនៅក្នុងភូមិ… ជាតង្វាយសំរាប់រៀបចំពិធីរំដោះគ្រោះនេះ គឺតំរូវអោយប្រជាជនក្នុងភូមិទាំងអស់ ត្រូវតែបរិច្ចាគទ្រព្យធនរបស់ខ្លួន យកមកបូជាដាក់នៅក្នុងរោងពិធីរំដោះគ្រោះ របស់តាថេន ដែលស្ថិតនៅឆ្ងាយពីភូមិឋានរបស់អ្នកស្រុក។ ជាតំណមរបស់តាថេន គឺហាមដាច់ខាតមិនអោយមាននរណាម្នាក់ ចូលមកក្នុងរោងពិធី ដែលមាន “សីមា” ព័ទ្ធពីក្រៅជាដាច់ខាត… ប្រសិនបើមាននរណាម្នាក់ល្មើស នឹងដំណមនេះ អ្នកនោះនឹងត្រូវ “ឆ្កួត” វិកលចរិត និយាយមិនដឹងខុសត្រូវឡើយ។ វេលាថ្ងៃមួយ មានក្មេងប្រុសម្នាក់ ឈ្មោះចៅសន បានឮសំលេងមនុស្សស្រែកឡូឡា ដោយប្រការ សេពគ្រឿងស្រវឹងនៅក្នុងរោងពិធី… ដោយមិនអស់ចិត្ត ចៅសនបានលបលួច ដើរចូលទៅមើលអោយឃើញផ្ទាល់ភ្នែកក្នុងរោងពិធីតែម្តង ក៍ស្រាប់តែឃើញតាថេន និងបក្សពួក កំពុងផឹកស៊ីហ៊ោកញ្ជ្រៀវ និងកំពុងរៀបចំប្រមូលទ្រព្យសម្បត្តិ របស់អ្នកស្រុក បំរុងរត់គេចខ្លួន។ ពេលដឹងរឿងពិតបែបនេះ ចៅសនបានរត់ សំដៅទៅភូមិ ព្រមទាំងស្រែកប្រាប់អ្នកស្រុកថា តាថេន និងបក្សពួកកំពុងផឹកស៊ី ស្រវឹង ព្រមទាំងកំពុងប្រមូលទ្រព្យសម្បត្តិរបស់អ្នកស្រុក បំរុងរត់គេចខ្លួនហើយ។ តែអ្នកស្រុកទាំងអស់មិនជឿសំដីរបស់ចៅសនឡើយ ដោយពួកគេយល់ថា ចៅសនបានដើរចូលក្នុងសីមារបស់ពិធី ទើបបណ្តាលអោយក្លាយទៅជា “ឆ្កួត” និយាយផ្តេសផ្តាសបែបនេះ ព្រមទាំងចាប់បញ្ចូនខ្លួនចៅសន យកទៅប្រគល់អោយ ក្រុមតាថេន ដើម្បីព្យាបាលជំងឺឆ្កួតនិយាយផ្តេសផ្តាសនេះថែមទៀតផង… គឺពេលនោះហើយ ដែលចៅសនយល់ថា៖ មនុស្សមួយភូមិ “ឆ្កួត” ទាំងអស់!… ចំឡែកតែអញមួយ “ជា” អត់ឆ្កួតដូចគេ..!!..??.. តែការដែលអញ “ជា” តែម្នាក់ឯង បែបនេះ ទើបបណ្តាលអោយអ្នកស្រុកទាំងអស់នោះ  ចោទថាអញ “ឆ្កួត” ទៅវិញ… ហេតុនេះ បើអញមិនធ្វើឆ្កួតតាមអ្នកស្រុកទាំងអស់នោះទេ មើលទៅក្រុមតាថេន នឹងវ៉ៃអញអោយទាល់តែងាប់ហើយ..!!..

ខាងលើនេះ ជាការសង្ខេបនៃភាគនិទានរឿងតាថេន និងចៅសនរបស់គតិលោក សម័យដើម… លុះចំណេរក្រោយៗមក រឿងរ៉ាវនៅក្នុងសង្គមខ្មែរយើង ឧស្សាហ៍ជួប នូវហេតុការណ៍បែបតាថេន និងចៅសន នេះណាស់។ ជាក់ស្តែងថ្មីៗនេះ រឿងរ៉ាវរបស់ ព្រះភិក្ខុ លួន សាវ៉ាត បានកើតឡើងស្រដៀងគ្នានឹងភាគនិទាន របស់គតិលោក ខាងលើនេះដែរ។ ព្រះភិក្ខុ លួន សាវ៉ាត មើលទៅដូចតួអង្គចៅសន បេះបិត ដោយបានដើរចេញពីព្រះវិហារវត្តបទុមវតី ឆ្លងកាត់ “សីមា” ដំណម ដើម្បីទៅចូលរួម ក្នុងពិធីតវ៉ាផ្សេងៗតាមទីសាធារណៈ និងបាន “មើលឃើញ” ពីទុក្ខលំបាករបស់ អ្នកតវ៉ាទាំងអស់នោះ…។ ទង្វើរ ឬសកម្មភាពបែបនេះ ត្រូវបានព្រះភិក្ខុ លួន សាវ៉ាត គិតយល់ដោយខ្លួនព្រះអង្គផ្ទាល់ថា៖ ជាទង្វើរប្រកបដោយទឹកចិត្តដ៏សប្បុរស ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅ…។ ព្រះអង្គក៍ប្រហែលជាយល់ទៀតថា៖ ក្នុងឋានៈខ្លួនជាសង្ឃ ដែលឆាន់បាយរបស់ ប្រជាជន កាលបើឃើញប្រជាជនមានទុក្ខហើយ បើមិនជួយយកអាសារ រកខុស រកត្រូវទេ មិនដឹងជាអាត្មាអញ បួសរកខ្មោចយ៍អីទេ..??..!!..

តែទង្វើរបែបព្រះភិក្ខុ លួន សាវ៉ាត នេះបានធ្វើអោយព្រះភិក្ខុសង្ឃដទៃៗទៀត ស្ទើរតែទាំងអស់ ជាពិសេស សម្តេចសង្ឃថ្នាក់ឡូស កំពូលៗ បែរជាយល់ថា៖  គឺជាការប្រព្រឹត្តិខុសនឹងធម្មវិន័យសង្ឃព្រះពុទ្ធសាសនាទៅវិញ… ការដែលខ្លួន គ្រងស្បង់ចីពរជាសង្ឃ ហើយទៅជួយឈឺឆ្អាលរឿងរបស់គ្រហស្ថបែបនេះ គឺជាការមិនត្រឹមត្រូវ… ហើយបើចង់ធ្វើបែបនេះ វិធីមានតែមួយគត់ គឺត្រូវតែ ផ្សឹកពីសង្ឃ ហើយស្លៀកពាក់ជាស៊ីវិល ចូលប្រឡូកក្នុងឆាកនយោបាយ អោយពេញទំហឹងតែម្តងទៅ…។

ហេតុនេះហើយ ទើបប្រហែលជាសម្តេចសង្ឃថ្នាក់ឡូសៗ បានមូលមតិគ្នា បើកភ្លើងខៀវមហាសាមគ្គី ដើម្បីចាប់ខ្លួនចៅសន-លួន សាវ៉ាត យកទៅប្រគល់ អោយក្រុមតាថេន-តុលាការ ដើម្បីធ្វើយ៉ាងណា បង្ខំអោយ ចៅសន-លួន សាវ៉ាត ឈប់ដើរឆ្វេចឆ្វាចតាមទីសាធារណៈ និងជាពិសេស កុំអោយមានសង្ឃដីការ “ផ្តេសផ្តាស” ជួយក្រុមអ្នកតវ៉ាទៀត..!!..

តែអ្វីដែលជាកំហុសពិតប្រាកដ ហាក់ដូចជាស្ថិតនៅហួសឆ្ងាយពីនេះ… នោះគឺមកពី ព្រះសង្ឃចាប់ពីឋានៈតូចទាប រហូតដល់ថ្នាក់ឡូស កំពូលៗ បានមកប្រមូលផ្តុំមូលមីរ មកប្រជ្រៀតគ្នាឈរនៅខាងរដ្ឋាភិបាល… ចំឡែកខុសគេតែព្រះភិក្ខុ លួន សាវ៉ាត តែមួយអង្គឯងគត់ បែរជាមកឈរនៅក្នុងក្រុមប្រជាជនអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ទៅវិញ..!!.. រឿងនេះ ខ្ញុំមិនហ៊ានថា ខាងណា “ឆ្កួត”  ខាងណា “ជា” ទេ… តែមើលទៅ ដំណើររឿង អត់ខុសពីភាគនិទានតាថេន និងចៅសន បន្តិចណាសោះ… គ្រាន់តែថា រឿងហេតុមួយមុនកើតនៅសម័យដើម ឯរឿងហេតុមួយនេះ កើតនៅក្នុងឆ្នាំ២០១២ ក្តៅៗនេះឯង..!!..

ស្រុកស្រែ

ចំណង​អាពាហ៍ពិពាហ៍​ គូរស្នេហ៍​ចាស់…

ប៉ុន្មានថ្ងៃមុននេះ សំរាប់អ្នកតាមដានសភាពការណ៍នយោបាយស្រុកខ្មែរ ហាក់ដូចជាមានការភ្ញាក់ផ្អើលតិចតួចណាស់ ចំពោះព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍ របស់គូរស្នេហ៍ចាស់ៗមួយគូរ ដែលបានលែងលះគ្នាអស់រយៈពេលយូរគួរសមដែរ… អ្វីដែលជាការចាប់អារម្មណ៍នោះគឺ ពិធីរៀបមង្គលការឡើងវិញម្តងទៀតនេះ មិនត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានខាងប្រុស ហើយក៍មិនមែននៅគេហដ្ឋាន ខាងស្រីដែរ តែបែរជារៀបចំធ្វើនៅក្នុងសណ្ឋាគារថ្នាក់ “ផ្កាយ៧” ដែលតាមដំណឹង គឺម្ចាស់សណ្ឋាគារផ្កាយ៧ នេះតែម្តងដែលជាអ្នកសំរបសំរួលអោយគូរស្នេហ៍យិនស៊ិន មួយគូរនេះ ត្រូវរ៉ូវគ្នាឡើងវិញ… ម្យ៉ាងបើតាមអ្នកមាត់អត់គំរបខ្លះបានអោយដឹងថា កាលពេលលែងលះគ្នា ក៍ម្ចាស់សណ្ឋាគារផ្កាយ៧ នេះជាអ្នកពន្យុះអោយប្តីប្រពន្ធ មួយគូរនេះ ចែកចានចែកឆ្នាំងគ្នាដែរ… ហេតុនេះ ទាល់តែត្រឡប់មករកគ្រូដើមវិញ បានចប់រឿង..!!..

រឿងនេះមិនមានអ្វីជាអាថ៌កំបាំងឡើយ ព្រោះថា បើតាមទ្រឹស្តីរបស់អតីតមគ្គុទេសន៍ ចិនលោក តេង ស៊ាវពីង កាលពីអំឡុងសង្រ្គាមត្រជាក់នោះគឺ៖ សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ! ដោយហេតុនេះ ការប្រមូលផ្តុំ “សត្រូវរបស់សត្រូវ” អោយមកនៅ ក្រោមចំណុះខ្លួន គឺជាយុទ្ធសាស្រ្ត ឈានទៅរកភាពខ្លាំង ភាពឈ្នះ..!!..

ខ្ញុំនៅចាំថា កាលពីអំឡុងយុទ្ធនាការបោះឆ្នោតមុនៗ ម្ចាស់សណ្ឋាគារផ្កាយ៧ ដដែលនេះ ក៍លោកឧស្សាហ៍លើកឡើងពីយុទ្ធសាស្រ្តរបស់លោកញឹកញាប់ណាស់៖ សុខចិត្តមានសត្រូវខ្លាំង ប្រសើរជាងមានមិត្តដ៏កំសោយ… ហើយសុខចិត្តមានសត្រូវ ឆ្លាតវាងវៃ ប្រសើរជាងមានមិត្តល្ងង់ទ្រើកៗ…។ ហេតុនេះ ការជួយផ្តល់យុទ្ធសាស្រ្ត និងកំលាំងចិត្តដល់មិត្ត “ខ្សោយៗ” អោយមានភាព “រឹងមាំ” តែ “មិនខ្លាំង” ដើម្បីជួយទប់ទល់សត្រូវរួម គឺជាការចាំបាច់ដែលត្រូវធ្វើដោយជៀសពុំរួច។

តែអ្វីដែលពិបាកភ្នែកនោះគឺ តើញាតិមិត្តទាំងខាងប្រុស ទាំងខាងស្រីដែលរស់នៅ តាមស្រុកតាមភូមិ ពួកគេនឹងធ្វើមុខយ៉ាងម៉េចដាក់គ្នា? ព្រោះថា មុននេះប៉ុន្មានថ្ងៃ “បងប្អូនដែលជាសត្រូវនឹងគ្នា” នេះ បានគប់ដបទឹកសុទ្ធដាក់គ្នា ស្រែកបរិហារគ្នា ទៅវិញទៅមក នៅពេលហែរក្បួនជួបគ្នាម្តងៗ… ដល់ឥឡូវនេះ មេៗខាងលើ គេត្រូវរ៉ូវគ្នាឡើងវិញហើយ និងថែមទាំងអោបថើបគ្នាម៉ាង៉ៃបីដង ថែមទៀត… ដូច្នេះ តើអ្នកនៅក្រោមៗ ធ្វើដូចថ្នាក់លើរបស់ខ្លួន ទៅរួចអត់?

ពាក្យចាស់លោកពោលថា៖ ទូកអ្នកនយោបាយ “ខ្លី”… ឯទូកប្រជាពលរដ្ឋម្ចាស់ឆ្នោត “វែង” បត់អត់ទាន់ទេ… ហើយរឿងនេះ សំរាប់អ្នកនយោបាយ គឺវាត្រូវតែអញ្ចឹងឯង… មិត្តថ្ងៃនេះ អាចក្លាយទៅជាសត្រូវនៅថ្ងៃស្អែក! ឯសត្រូវថ្ងៃនេះ ក៍អាចក្លាយទៅជាមិត្ត នៅថ្ងៃស្អែកវិញបានដែរ!…

ស្រុកស្រែ

តើមេឃុំ​ដែលបានមក​ពីការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​មែនឬ?​

ចំណងជើងខាងលើនេះ គឺជាសំណួរដែលខ្ញុំតែងតែចោទសួរខ្លួនឯងញឹកញាប់ ណាស់… ហើយខ្ញុំខំប្រឹងរកចំឡើយរបស់សំណួរនេះ ដោយខ្លួនឯងផងដែរ… ដោយឈរលើទស្សនៈមិនលំអៀង ចំឡើយរបស់ខ្ញុំយ៉ាងខ្លីនោះគឺ៖ មិនអាចទេ..!!..

មូលហេតុចំបងបំផុតដែលនាំអោយ “មិនអាច” នេះ គឺដោយសារតែ “ចំណេះដឹង” របស់បេក្ខភាពមេឃុំគ្រប់គណៈបក្សយោបាយទាំងអស់ មិនអាចឆ្លើយតបបាន នូវការវិវឌ្ឍន៍របស់សង្គមយើងនៅទីជនបទបានឡើយ បើទោះជាមេឃុំភាគច្រើន កំពុងតែកាន់អំណាច ដែលសំបូរទៅដោយ “បទពិសោធន៍” ក៍ដោយ… តាមខ្ញុំយល់ បទពិសោធន៍ វាខុសពីសមត្ថភាព ហើយសមត្ថភាព បានមកពីចំណេះដឹង..!!.. ប្រសិនបើមានទាំងសមត្ថភាព មានទាំងបទពិសោធន៍នោះ ការដឹកនាំគ្រប់គ្រង នៅក្នុងឃុំរបស់ខ្លួន ប្រាដកជានឹងទទួលបានជោគជ័យជាមិនខាន។

ទាក់ទងនឹងការជ្រើសរើសបេក្ខភាពមេឃុំ ដែលនឹងត្រូវបោះឆ្នោតនាពេលខាងមុខនេះ ខ្ញុំធ្លាប់បានដាក់ប្រកាសមួយ កាលពីថ្ងៃទី០១ មីនា ២០១២ កន្លងទៅនេះ ដែលមាន ចំណងជើងថា៖ ការជ្រើសរើសបេក្ខភាពមេឃុំ គួរតែត្រូវបានកែប្រែទំរង់ការខ្លះ… ដោយពេលនោះ ខ្ញុំបានជជែកលេងជាមួយញាតិមិត្តយើងនៅទីនេះ ហើយខ្ញុំបាន ការពារគោលគំនិតរបស់ខ្ញុំនេះរហូតមក។ អ្វីដែលខ្ញុំអាចយល់ដឹងបាននោះគឺ ការជ្រើសរើសមនុស្ស អោយកាន់ដំណែងមេឃុំនៅស្រុកយើង ប្រហែលជាជាប់ ទំលាប់តៗគ្នា តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ហើយការងារសំខាន់ របស់មេឃុំសម័យដើម គឺប្រហែលជាគ្មានអ្វីក្រៅពីការដើរប្រមូល “ពន្ធអារក” ពីប្រជាជននៅក្នុងឃុំរបស់ខ្លួន សំរាប់យកទៅបង់អោយអាណាព្យាបាលបារាំង ឡើយ។ ក្រៅពីនេះ តួនាទីមេឃុំសម័យដើម ដូចជាមិនដឹងធ្វើស្អីផងទេ..!!..??..

ចូលដល់សម័យទំនើបកម្ម ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងបំបាត់នូវភាព ក្រីក្រតាមទីជនបទរបស់យើងវិញ តួនាទីចំបងរបស់មេឃុំ បែរជាគ្មានធ្វើអ្វីក្រៅពីការ អូសទាញប្រជាជនក្នុងភូមិឃុំរបស់ខ្លួន អោយចូលរួមក្នុងបក្សរបស់ខ្លួនទេ។ នៅមានទៀត… តួនាទីរបស់មេឃុំបច្ចុប្បន្ន (កំពុងកាន់អំណាច?) គឺត្រូវចេះសរសេរ សំណើរសុំ “ថវិកាឧបត្ថម្ភ” ដើម្បីយកមកចំណាយក្នុងយុទ្ធនាការឃោសនារក សំឡេងឆ្នោត ទើបបានហៅថា មេឃុំមានជំនាញ។ ក្រៅពីនោះ សុំទោសផង… តួនាទីមេឃុំសម័យថ្មីរបស់យើងនេះ ក៍មិនដឹងជាធ្វើស្អីផងដែរទេ..!!..??..

ខ្ញុំមិនបដិសេធពីសមិទ្ធិផលនៃការអភិវឌ្ឍន៍ រីកចំរើនតាមទីជនបទដូចជា ផ្លូវថ្នល់ សាលារៀន ប្រឡាយទឹកដែលជាហេដ្ឋារចនាសម្ព័ន្ធសង្គមទេ… តែខ្ញុំនៅតែយល់ថា ស្ថានភាពជីវភាពរបស់ប្រជាជនទូទៅនៅតាមទីជនបទ គឺជៀសមិនផុតពីការបន្ត រស់នៅដោយការលំបាក ខ្វះខាតដដែលជាដដែល… គឺដោយសារតែមេឃុំ ដែលបានមកពីការបោះឆ្នោតនាពេលខាងមុខនេះ “សំបូរតែបទពិសោធន៍” នេះឯង..!!.. ឯមេឃុំប្រកបដោយចំណេះដឹង និងមានសមត្ថភាពដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និងឈ្លាសវៃ ដើម្បីប្រែក្លាយភូមិឃុំរបស់ខ្លួន អោយមានការវិវឌ្ឍន៍រីកចំរើន សុខដុមរម្យនានោះ ប្រហែលជារកមិនទាន់បាន នៅឡើយទេ និងប្រហែលជាត្រូវការពេលវេលាយូរបន្ថែមទៀត..!!..??..

គណៈបក្សប្រជាជនកម្ពុជា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សសម រង្សី នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សសិទ្ធិមនុស្ស នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សហ្វុនស៊ិនប៉ិច នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

បងប្អូនដែលជាសត្រូវនឹងគ្នា..!!.. នេះជាក្បួនរថយន្តរបស់គណៈបក្ស នរោត្តមរណរិទ្ធ និងគណៈបក្សហ្វុនស៊ិនប៉ិច បានបើកបញ្ច្រាសគ្នា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

ស្រុកស្រែ