Gallery

វត្ត​ឧណ្ណាលោម​ ​​ឬវត្ត​ពោធិលោម


ផ្អែកតាមផែនទីចតុមុខមង្គលទី១… វត្តឧណ្ណាលោម គឺជា​វត្តមួយ​ក្នុង​ចំណោម​វត្ត​ទាំងប្រាំមួយ​ (វត្តកោះ, វត្តលង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, និង​វត្តឧណ្ណាលោម) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤​…។

លុះ​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម ក្នុង​ពុទ្ធសករាជ ២៤០៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៨៦៥ ព្រះអង្គ​បាន​និមន្ត​សម្តេច​ព្រះសង្ឃ​រាជ និល ទៀង នៃ​គណៈ​មហានិកាយ​​​​ពី​វត្ត​ពុទ្ធប្រាង្គ ក្រុងឧត្តុង្គ​មានជ័យ អោយ​មក​គង់​នៅ​​វត្ត​ឧណ្ណាលោម នេះ។

​ដោយ​ចន្លោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទីអារាមវត្តឧណ្ណាលោម​ ក៍​ដូច​ជា​ទីអារាម​​ទាំងអស់​ក្នុង​ទូទាំង​ប្រ​ទេស​ដែរ គឺ​ត្រូវ​បាន​ទុក​ចោល ឬ​ប្រែ​ក្លាយ​ទៅ​​មន្ទីរ​ឃុំឃាំង​តែ​ម្តង…។ បច្ចុប្បន្ន ទីអារាមប្រវត្តិសាស្រ្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​​នេះ គឺស្ថិត​ក្រោម​ស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ ​គ្រប់​គ្រង​ដោយ​សម្តេចព្រះអគ្គ​មហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស នៃ​គណៈ​មហា​និកាយ ដែល​បន្ត​មក​ពី​សម្តេច​ព្រះសុមេធា​ធិបតី ហួត តាត​… ហើយសម្តេច​ព្រះ​សង្ឃរាជ​ ហួត តាត បាន​គ្រប់​គ្រង​ទី​អារាម​នេះ គឺក្រោយ​​ពី​ការ​ចូល​ទីវង្គត​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត…។

តាមវចនានុក្រម របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត… ឧណ្ណាលោម មានន័យថា រោមប្រជុំចិញ្វើម…។ កាលពីមុន​ខ្ញុំធ្លាប់​​ហៅវត្តឧណ្ណាលោមនេះ​ថា វត្តព្រលោមៗ… តែដល់​ពេល​​ខ្ញុំ​ចូល​ទៅ​ថត​ក្នុង​បរិវេណ​​ទីអារាមនេះ​​ ទើប​ខ្ញុំ​ដឹង​ថា នៅជិត​របង​វត្ត​ប៉ែក​ខាង​លិច មានប្រាសាទ​បុរាណ​មួយ​ឈ្មោះថា ប្រាសាទពោធិលោម…។  ហេតុនេះ ការ​ហៅ​ឈ្មោះ​វត្ត​ពោធិលោម​​ យូរៗទៅ វា​ចេញ​ជា​សំនៀង ព្រលោមៗ តែ​ម្តង​ទៅ…។

នា​ពេល​​អតីតកាល​កន្លង​ទៅ… ទី​អារាមគឺ​ជា​ថ្នាល​​បណ្តុះ​នូវ​បុព្វជិត​​ ​អោយ​ក្លាយ​ជា​​អ្នក​ប្រាជ្ញ​អក្សរសាស្រ្ត​ជា​តិ ជា​ច្រើន​អង្គ​រួច​មក​ហើយ​ ដែលខ្ញុំ​អាច​ចាំ​ឈ្មោះ​ព្រះ​សង្ឃ​ល្បីៗ​មួយ​ចំនួន​​កាល​ខ្ញុំ​នៅ​រៀន​ជា​សិស្ស​នៅ​ឡើយ​ ​ដូចជា​ព្រះភិក្ខុ ប៉ាង ខាត់, ព្រះគ្រូ សូរ ហា​យ, ព្រះភិក្ខុ ខៀវ ជុំ ជាដើម។ នេះ​ខ្ញុំ​មិន​បាន​រាប់​បញ្ចូល​​ព្រះ​នាម​សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត និង ​ហួត​ តាត ​ដែល​សម្តេច​ទាំងពីរ​ព្រះ​អង្គ​នេះ គឺ​​ជា​កំពូល​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត​ជាតិ​ និង​មាន​ចំណេះ​ច្រើន​ភាសា ដែល​ព្រះ​ភិក្ខុ​សង្ឃ​ជំនាន់​ក្រោយៗ​យើង​នេះ លំបាក​នឹង​ប្រៀប​ផ្ទឹម​បាន​ណាស់…។ តាម​ការគិត​របស់​ខ្ញុំ ព្រះសង្ឃ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ និង​លេច​ធ្លោរ​ជាង​គេ​ក្រោយ​ឆ្នាំ ១៩៧៩ គឺ​ប្រហែល​ជា​មាន​តែ​​សម្តេច​ព្រះមហា​ឃោសនន្ទ វ៉ា យ៉ាវ (១៩២៤-២០០៧) គង់​នៅ​វត្ត​សំពៅមាស​តែ​មួយ​ព្រះ​អង្គ​គត់…។

ឈរនៅពីមុខវត្តឧណ្ណាលោម​បច្ចុប្បន្ននេះ អស់លោកអ្នក​នឹង​ឃើញចេតិយ​មួយ​ខ្ពស់​ជាងគេ​នៅ​ជ្រុង​ខាង​ជើង… នោះគឺជាចេតិយ​តំកល់​ព្រះអិដ្ឋធាតុ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត…។ បន្ទាប់មក មាន​អាគារដំបូល​ស្រួច​មួយ ស្ថិត​នៅចំពីមុខខ្លោង​ទ្វារ​ ​គឺជា​អតីត​ព្រះរាជ​ដំណាក់​​ចុងក្រោយ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ហើយក៍​ជា​អតីត​​ព្រះ​រាជ​ដំណាក់​កុដិ​ របស់សម្តេច​ព្រះ​អគ្គមហាសង្ឃរាជ ទេព វង្ស ផងដែរ។ បន្ទាប់​មក​ទៀត មាន​អាគារ​រាង​បួនជ្រុង និង​មាន​កំពូល​​ស្រួចធំ គឺជា​ព្រះវិហារ​ធំ (ជាន់ខាងលើ) និង​សាលាឆាន់​ (ជាន់ខាងក្រោម)។ បន្ទាប់​មក​ទៀត ជា​អាគារមួយ​ខ្នងធំជង្គ្រឹង​ថ្មី​ចែស…​ ​នោះគឺ​ជា​រាជ​កុដិ ឬ​ព្រះរាជដំណាក់​ថ្មី​​ របស់សម្តេច​ព្រះអគ្គ​មហា​សង្ឃ​រាជ ទេព វង្ស នៃគណៈ​មហា​និកាយ។

នៅ​ចំខាងក្រោយ​អតីតព្រះរាជដំណាក់ចាស់ មានអាគារចំណាស់​មួយ ដែល​ស្លាក​ប៉ាយ​នៅ​​លើ​ដំបូល​ដាក់កាលបរិច្ឆេទ​ឆ្នាំ ១៩៣៣…។ នៅខាងត្បូង​ជាប់​អាគារ​ចំណាស់​នេះ គឺ​ជាអាគារព្រះរាជការិយាល័យ​របស់​អគ្គមហាសង្ឃរាជ បច្ចុប្បន្ន… ហើយ​នៅ​កាច់​ជ្រុង​​​ម្ខាង​ផ្លូវ​​នៃ​អាគារ​​ព្រះ​រាជ​ការិយាល័យ​នេះ គឺ​ជា​អតីតព្រះរាជដំណាក់​​ដំបូង​ របស់​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត…។ ​តទៅ​ខាង​ត្បូង​ជាប់​នោះ​ទៀត គឺ​ជា​ប្រាសាទ​ពោធិ​លោម…។

នៅ​ក្នុង​តួប្រាសាទពោធិលោមនេះ មានរូបបដិមាករធំមួយអង្គ ទ្រង់គង់ព្រះភ្នែន។ រីឯនៅ​ខាង​មុខ​ប្រាសាទនេះ មានរូបសំណាកព្រះសិវៈ​ចំនួនបួនអង្គ ដែលឈរអម​រូប​សំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលគង់នៅលើគជសារក្បាលបី (សត្វដំរីក្បាលបី) ព្រមទាំងមានផ្ទាំងសិលាពីរផ្ទាំង៖ ផ្ទាំងទី១ សំរាប់​ឧទ្ទិសជូន​ដល់​​វិញ្ញាណក្ខន្ធ​​អ្នក​កាសែត​ជនជាតិ​ជប៉ុន​មួយរូបឈ្មោះ Koki Ishiyama ដែល​បាន​បូជាជីវិត​ក្នុង​ភ្លើង​សង្រ្គាម​នៅ​កម្ពុជា​យើង នា​ថ្ងៃ​ទី ២០ ខែមករា ឆ្នាំ១៩៧៤… និងផ្ទាំងទី២ សរសេរថា៖ ទីសំរាន្ត​របស់​ប្រជាពលរដ្ឋនៃសកលលោក… សូម​អោយ​​វិញ្ញាណក្ខន្ធ​ពួកគេ​ទៅ​កាន់​សុគតិភព (Here lie citizens of the world. May they rest in peace.)។

ចាប់ពីខាងត្បូង​ព្រះរាជដំណាក់​កុដិ​ថ្មីទៅ គឺ​មាន​អាគារ​របស់​គណៈមេគុណ អនុគុណ…​ អាគារ​សមាគមស្លឹករឹត… អាគារ​គិលានដ្ឋាន​មួយសំរាប់​ព្យាបាល​ព្រះសង្ឃ… ព្រម​ទាំង​​សំណង់កុដិ​សំរាប់​​ព្រះសង្ឃ​ស្នាក់នៅ រៀនសូត្រ​ឡើង​​ណែនក្តន់ ស្ថិត​​នៅសងខាង​ផ្លូវ​​តែ​​​មួយ​គត់​ ​ដែលរត់​ត្រង់​​ពីលិច​ទៅកើត​កាត់​ក្នុង​ទី​អារាម​នេះ។

ខ្ញុំ​សូម​ជំរាប​ផង​ដែរ​ថា នៅ​ក្នុង​បរិវេណវត្តឧណ្ណាលោម ខាង​ជើង​​ជាប់នឹង​សាលាឆាន់ មានរូប​បដិមាករព្រះអង្គចេក ព្រះអង្គចម ដូចគ្នា​នឹង​បដិមាករ​ព្រះអង្គចេក ព្រះអង្គចម ​​នៅ​ខេត្ត​សៀមរាប​បេះ​បិទ… ហើយ​ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទី​អារាម​វត្ត​​ឧណ្ណាលោម ឬវត្តពោធិលោម ក្នុង​រដូវ​កាន់​បិណ្ឌ​​ឆ្នាំ ២០១២ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

About these ads

4 responses to “វត្ត​ឧណ្ណាលោម​ ​​ឬវត្ត​ពោធិលោម

  1. ព្រះមហាឃោសនន្ទមុននឹងមន្តទៅសិក្សានៅឥណ្ឌាក៏គង់នៅវត្តនេះជាសិស្សសម្ដេចសង្ឃរាជដែរ ។ ពូអាចរកជាវសៀវភៅទើបបោះពុម្ព មហាបុរសពុទ្ធសាសនានៅកម្ពុជា ។

  2. ពី​តូច​ខ្ញុំ​ហៅ​វត្ត​នេះ​តែ​វត្ត​ពោធិ​លោម​ៗ​ទេ

  3. Pingback: ប្រាសាទពោធិលោម | តាម៉ាប់ យាយម៉ាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s