សំគាល់៖ អត្ថបទខាងក្រោមនេះ គឺខ្ញុំបានសង្ខេប និងដកស្រង់យកមកពីសៀវភៅ នៅពេលដែលសង្រ្គាមរលត់ទៅ (When the War was Over)… និពន្ធដោយ អ្នកស្រី អេលីហ្សាបេត បេកគ័រ (Elizabeth Becker) ហើយពាក្យ ខ្ញុំ នៅទីនេះ គឺសំដៅ ទៅលើរូបអ្នកស្រីផ្ទាល់តែម្តង…
លោកសាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល (Malcolm Caldwell) កើតនៅស្កុតលេន គឺជាម្នាក់ ក្នុងចំណោមប្រជាជនអង់គ្លេស ពីរនាក់ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា ដោយរបបខ្មែរ ក្រហម។ លោកបានក្លាយជាមិត្ត របស់កម្ពុជា ប្រជាធិបតេយ្យ គឺដោយសារតែគាត់មានការគាំទ្រយ៉ាងប្តូរផ្តាច់ ពីភាពត្រឹមត្រូវ របស់បដិវត្តន៍ខ្មែរក្រហមតាំងពីដើមរៀងមក។ អ្នកស្រី បេកគ័រ បានរៀបរាប់ពីបុគ្គលិក លក្ខណៈ របស់លោក ខាដវ៉ែល ថា៖ ខាដវែល ជាជនជាតិអេកូសម្នាក់មានមាឌមាំ ពោរពេញ ដោយកំឡាំងក្លៀវក្លា រហ័សរហួន មានសំណុំសក់វែងដែលរលាស់រវិច ដូចសក់ស្រី ដើម្បីបិទបាំងមិនអោយគេដឹងពីអាយុពិតប្រាកដរបស់គាត់… ។
រឿងរ៉ាវនៃការស្លាប់របស់លោក ខាដវ៉ែល ត្រូវបានអ្នកស្រី បេកគ័រ កត់ត្រារៀបរាប់ ហូរហែ ដែលខ្ញុំសូមសង្ខេប និងដកស្រង់ដូចខាងក្រោម…
*****************
….រយៈពេលពីរសប្តាហ៍ដែលយើងស្ថិតក្នុងប្រទេសនេះ ហាក់ដូចជារយៈពេលយូរ ដូចពីរឆ្នាំអីចឹង។ ពេលវេលាបានរសាត់ទៅយឺតៗ ដោយសារភាពធុញទ្រាន់ក្នុងការ រង់ចាំម្ចាស់ផ្ទះមករកពួកយើង ដែលមានរយៈពេលយូររាប់ម៉ោង និងដោយសារការ ជិះឡានជាប់រហូតគ្មានចុះដី ដើម្បីដើរមើលប្រទេសដូចដែលយើងប៉ងប្រាថ្នាពីនាយ មក… ប៉ុន្តែពួកយើងបានសំរេចជោគជ័យក្នុងការជួបផ្ទាល់ជាមួយ ប៉ុលពត ដែរ…។ ការស្នើសុំជួបសម្ភាសន៍ជាមួយ ប៉ុល ពត ត្រូវបានចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា ដោយខ្ញុំ និង ឌុដម៉ាន់ ត្រូវជួបមុន។ រីឯ ខាដវ៉ែល ដែលជា “មិត្តពិសេស” របស់កម្ពុជា ប្រជាធិបតេយ្យ ត្រូវបានអនុញ្ញាត្តិអោយជួបតទល់តែពីរនាក់ ជាមួយ ប៉ុល ពត។
បន្ទាប់ពីបរិភោគបាយល្ងាចរួច ឌុដម៉ាន់ បានដើរចូលទៅបន្ទប់របស់គាត់ ដើម្បីចំឡង កំណត់ខ្លីៗដោយម៉ាស៊ីនអង្គុលីលេខ… ខាដវ៉ែល និងខ្ញុំ នៅអង្គុយកន្លែងតុបាយ ដដែល ដើម្បីពិភាក្សាគ្នាជាលើកចុងក្រោយ អំពីប្រទេសកម្ពុជា។ ដោយប្រកាន់ជាប់ នូវអ្វីដែលគាត់ចាត់ទុកជាទស្សនៈមានតំលៃយូរអង្វែងនោះ ខាដវ៉ែល បានបញ្ចេញនូវ ការវិនិច្ឆ័យវិជ្ជមានមួយ ចំពោះការបដិវត្តន៍នេះ។ចំណែកខ្ញុំ ខ្ញុំជឿលើលក្ខណៈពិត ប្រាកដនៃការឆ្លើយជាសាក្សីរបស់ពួកអ្នកភៀសខ្លួន ច្រើនជាង…។
ខ្ញុំបានដកខ្លួនពីតុបាយ ហើយចូលដេកនៅប្រមាណម៉ោង ១១យប់។ វ៉ាលីសទាំង ប៉ុន្មានរបស់ខ្ញុំ ត្រូវបានរៀបចំរួចជាស្រេច ដើម្បីត្រៀមការចេញដំណើរត្រឡប់ទៅវិញ នៅព្រឹកស្អែក ដោយទុកវាក្បែរមាត់ទ្វារបន្ទប់ខ្ញុំនៅជាន់ទីមួយ។ ប៉ុន្មានម៉ោងក្រោយ មក ខ្ញុំភ្ញាក់ពីដំណេកទាំងមមីងមមាំង ដោយសារ ស្នូរក្ឌុងក្ឌាំង… ខ្ញុំទំលាក់ខ្លួនពីលើ គ្រែមកក្រោម ហើយខ្ញុំឮសំឡេងថ្មីមួយទៀត ធ្វើអោយខ្ញុំផតពោះប៉ផ្អុក គឺសំឡេង គ្រាប់កាំភ្លើងមួយជិតបង្កើយ ដែលខ្ញុំអាចធុំក្លិន រំសេវឡើងឈ្ងៀម។ ខ្ញុំស៊កអាវហ្សង់ ពាក់ពីក្រៅអាវរាត្រីខ្ញុំ ហើយដើរទៅកាន់បន្ទប់បាយ។ ខ្ញុំឮសំឡេងថ្ងូរមួយ… ខ្ញុំបើកទ្វារ ហើយដើរចូលទៅក្នុងបន្ទប់មួយទៀត ចំពេលដែលយុវជនម្នាក់លេចមុខចូលមកដល់ ទីនេះ តាមទ្វារខាងក្នុងដែរ។ យើងសំឡឹងសំឡក់ដាក់គ្នា… ជនជាតិខ្មែរម្នាក់នេះ ស្លៀកពាក់ខុសប្លែកពីគេ ព្រមទាំងពាក់មួក ដូចមួកកីឡាបេសបល(Base-Ball) ដែរ។ ជននេះមានពាក់កាទូសៀនៅលើដើមទ្រូង មានកាំភ្លើងស្វ័យប្រវត្តិមួយដើមពាក់នៅ ស្មា ហើយកាន់កាំភ្លើងខ្លីមួយដើមទៀត ដោយភ្ជង់តំរង់មករកខ្ញុំ។ ជននោះមើលទៅ ដូចជាភ័យរន្ធត់ជាងខ្ញុំទៅទៀត។
ទេ! កុំបាញ់...(ខ្ញុំស្រែកឡើងខ្លាំងៗ)។ ខ្ញុំស្ទុះរត់ចូលទៅក្នុងបន្ទប់របស់ខ្ញុំ ទាញទ្វារ បិទឮសូរគ្រាំង ប៉ុន្តែភ្លេចចាក់សោរ។ ខ្ញុំបោលសំដៅទៅក្នុងបន្ទប់ទឹក ហើយលោត ចូលក្នុងអាងដោយដេកសណ្តូកខ្លួនផ្កាប់មុខ។ ខ្ញុំគ្មាននឹកឃើញអ្វីទាំងអស់… ខ្ញុំធ្វើប្រតិកម្មទៅតាមសភាវគតិប៉ុណ្ណោះ ព្រោះខ្ញុំធ្លាប់ឮគេនិយាយក្នុងពេលសង្រ្គាមថា អាងងូតទឹក គឺជាគ្រឿងការពារដ៏ប្រសើរបំផុត ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង ផ្សេងៗ ធ្វើអោយរត់ខុសគោលដៅរបស់វាបាន… ហើយយុវបុរសនោះ ក៍មិនបានដេញ តាមខ្ញុំដែរ…។ អាងងូតទឹកនោះ ស្ថិតនៅខាងក្រោមជណ្តើរ ដែលធ្វើអោយខ្ញុំឮសូរ ជើងដើរឡើងកាំជណ្តើរយ៉ាងប្រញាប់ ព្រមទាំងឮសំឡេងផ្ទុះអាវុធដាក់គ្នារបស់ពួកគេ ទៀតផង។ អំពូលអគ្គិសនីត្រូវបានពន្លត់ទាំងអស់ ដែលធ្វើអោយក្នុងផ្ទះងងឹតឈឹង។ ខ្ញុំឮគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀត… អាច ៦គ្រាប់ ឬច្រើនជាងនេះក៍មិនដឹង។ បន្ទាប់មក ឮសូរដូចមនុស្សកំពុងចុះជណ្តើរ រួចភាពស្ងប់ស្ងាត់ដូចវាលកប់ខ្មោច បានអូសបន្លាយពេលប្រហែលជាមួយម៉ោងកន្លះ ទំរាំនឹងមានមនុស្សមករកខ្ញុំ។
សំឡេងបែកកែវមួយ លាយនឹងសំឡេងក្ឌុងក្ឌាំងក្នុងបន្ទប់របស់ខ្ញុំ រួចស្នូរជើងដើរមក ជិតបន្ទប់ទឹកខ្ញុំកំពុងពួន… ខ្ញុំឃើញដៃក្រង៉ុកសោរទ្វារធ្លាក់ចុះ… ពេលទ្វារបើកឃ្វាំង មក គឺមិត្ត ឡា ជាមនុស្សម្នាក់ក្នុងចំណោមអ្នកបំរើក្នុងផ្ទះដែលខ្ញុំស្គាល់។ ខ្ញុំនៅលត់ ជង្គង់ញ័រខ្លួននៅឡើយ។ មិត្ត ឡា មើលខ្ញុំមួយភ្លែតដោយចង់ដឹងថា តើខ្ញុំមានត្រូវ របួសឬអត់? គាត់រៀបនឹងបែរខ្លួនត្រឡប់ក្រោយវិញ តែខ្ញុំស្ទុះទៅចាប់ដៃគាត់ ព្រមទាំងនិយាយអង់គ្លេស លាយខ្មែរប៉ៃឡាំៗខ្លះៗ ជាមួយនឹងកាយវិការដៃជើង ដោយចង់ដឹងថា តើ ឌុដម៉ាន់ និង ខាដវ៉ែល បានសុខសប្បាយដែរទេ? គាត់ឆ្លើយថា មិនអីទេ! មិនអីទេ!… ។ ខ្ញុំតោងមិត្ត ឡា ជាប់ និងអង្វរគាត់អោយនៅទីនេះសិន។ គាត់បើកភ្លើងឡើងវិញ ព្រមទាំងប្រាប់ ខ្ញុំអោយនៅអោយស្ងៀមទីនេះ និងហាម ខ្ញុំមិនអោយចេញក្រៅ ហើយខ្ញុំនៅតែអង្គុយចោងហោងក្នុងបន្ទប់ទឹកដដែល…។
ប្រហែល ១៥នាទីក្រោយមក ខ្ញុំបានឮសំឡេងមួយដែលខ្ញុំស្គាល់យ៉ាងច្បាស់គឺ ប្រសិទ្ធិ… ជាមួយនឹងបែបបទជាមន្រ្តី គាត់បានគោះទ្វារ និងហៅឈ្មោះខ្ញុំ។ ខ្ញុំក៍ ចេញទៅទាំងញ័រចំប៉្រប ហើយសួរចង់ដឹងពីជោគវាសនាមិត្តខ្ញុំពីរនាក់ទៀត។ ប្រសិទ្ធិ បានប្រាប់ខ្ញុំថា៖ឌុដម៉ាន់ សុខសប្បាយជាទេ… ខាដវ៉ែល ត្រូវស្លាប់ដោយសារត្រូវ គ្រាប់..!!..
ពួកគេបាននាំ ឌុដម៉ាន់ ចុះមកខាងក្រោមដើម្បីអោយខ្ញុំអាចឃើញរូបគាត់។ បន្ទាប់ មក គេបានស្នើអោយពួកយើងឡើងទៅខាងលើវិញ ដើម្បីបង្ហាញអោយយើងឃើញ ខាដវ៉ែល ដែលដេកស្តូកស្តឹងលើឥដ្ឋការ៉ូ ក្នុងខោអាវភីសាម៉ា មានឈាមនៅកកលើ ដើមទ្រូង… សក់វែងពណ៌ត្នោតរបស់គាត់ឡើងរាត់រាយលើផ្ទៃមុខរបស់គាត់ និងភ្នែក បិទជិតឈឹង។ គាត់ស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង តែមួយគ្រាប់គត់។ នៅមាត់ទ្វារ បន្ទប់គាត់ មានសាកសពម្នាក់ទៀតនៅស្តូកស្តឹងគ្មាន កំរើក គឺជាយុវជនម្នាក់ស្លៀក ពាក់ខ្មៅ ដូចមនុស្សដែលភ្ជង់កាំភ្លើងដាក់ខ្ញុំដែរ។
ប្រសិទ្ធិ បានសូមអភ័យទោស និងស្នើអោយពួកយើងរៀបចំឥវ៉ាន់ ដើម្បីចាកចេញពី ទីនេះជាបន្ទាន់ ដោយមានរថយន្តមួយគ្រឿងនៅចតរងចាំជាស្រេច។ ពេលចុះពី រថយន្តវិញ ឌុដម៉ាន់ និងខ្ញុំ ត្រូវបានគេអញ្ជើញអោយទៅបង្ហាញខ្លួនភ្លាមៗ នៅមុខ ប្រធានសន្តិសុខម្នាក់ ដែលមានភារកិច្ចសាកសួរពួកយើងពីរឿងនេះ។ ឌុដម៉ាន់ បានរាយការណ៍ថា នៅពេលឮស្នូរកាំភ្លើងដំបូងនៅខាងក្រៅ គាត់បានឃើញមនុស្ស ប្រហែល ៦នាក់ បានសំរុកចូលមក។ គាត់បានស្ទុះទៅគោះទ្វារបន្ទប់ ខាដវ៉ែល ដើម្បីដាស់គាត់អោយភ្ញាក់។ ពួកយើងជជែកគ្នាពីរបីម៉ាត់ ក៍ឮសំឡេងអាវុធផ្ទុះឡើង ម្តងទៀត ហើយគាត់ក៍រត់បែកពី ខាដវ៉ែល មករកបន្ទប់របស់គាត់វិញ។ ពេលបែរខ្លួន រត់ត្រឡប់មកវិញនោះ គាត់ជួបនឹងមនុស្ស ប្រុសម្នាក់មានអាវុធ និងគ្រាប់ពេញខ្លួន បានដើរតំរង់មករកគាត់ ហើយបាញ់ភ្ជុចជើងគាត់ មួយគ្រាប់… ធ្វើអោយគាត់រត់ចូល ក្នុងបន្ទប់គាត់ទាំងភ័យ តក់ស្លុត ដោយទាញទ្វារបិទឮសូរគ្រាំង… ហើយយុវជននោះ បានបាញ់សំដៅទ្វារបន្ទប់គាត់ ពីរគ្រាប់ថែមទៀត…។
ឆ្លងកាត់ហេតុការណ៍ក្នុងរាត្រីនោះ ខាដវ៉ែលនិងខ្ញុំ នៅសំកុកជជែកគ្នារហូតដល់ ភ្លឺ។ នៅព្រឹកនោះ គេបានយកអាហារពេលព្រឹកមកអោយពួកយើងស្រស់ស្រូប ហើយ បន្ទាប់មក អៀង សារី បានរៀបចំពិធីមួយសំរាប់ ខាដវ៉ែល ដែរ។ សាកសពរបស់ ខាដវ៉ែល បានដាក់ក្នុងក្តារមឈូសឈើយ៉ាងសាមញ្ញមួយ ព័ទ្ធជុំវិញដោយបាច់ផ្កា ជាច្រើន។ ពួកគេបានបើកគំរបក្តារមឈូស ដើម្បីអោយយើង អាចមើលមុខ ខាដវ៉ែល ជាលើកចុងក្រោយ។ ក្នុងពិធីដ៏ស្ងៀមស្ងាត់នេះ យើងមានគ្នាតែបួននាក់ប៉ុណ្ណោះគឺ អៀង សារី, ជួន ប្រសិទ្ធិ, ឌុដម៉ាន់ និងខ្ញុំ… ហើយនៅក្នុងសេចក្តីថ្លែងមរណទុក្ខយ៉ាងខ្លី មួយ អៀង សារី បានចោទប្រកាន់ពួកវៀតណាមថា បានធ្វើរឿងនេះ…។
យើងសំឡឹងមើលពួកកម្ពុជា លើកក្តារមឈូសដាក់លើរថយន្តមួយ។ បន្ទាប់មក ក្បួនរថយន្តដ៏ក្រៀមក្រំរបស់យើង បានចេញដំណើរឆ្ពោះទៅវាលយន្តហោះ ពោធិចិនតុង។ ប្រសិទ្ធិ បានជូនដំណើរយើងទៅដល់ប៉េកាំងដែរ។ យើងទាំងអស់គ្នា បានទៅដល់រដ្ឋធានីចិន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ ជាមួយនឹងសព ខាដវ៉ែល… ។
តាមចំឡើយសារភាព ដែលឃើញមាននៅសល់ក្នុងគុកទួលស្លែង ឬមន្ទីរស២១ ក៍មានជាប់ទាក់ទងនឹងឃាតកម្មលើរូបមិត្តខ្ញុំ ខាដវ៉ែល នេះផងដែរ។ កម្មាភិបាល ខ្មែរក្រហមពីរនាក់ត្រូវបានឆ្លើយទទួលសារភាពថា ពួកគេទទួលបញ្ជាអោយមក សំឡាប់ជនជាតិអេកូសនេះតែម្នាក់គត់ ពុំមែន ឌុដម៉ាន់ និងខ្ញុំទេ ក្នុងក្រមខ័ណ្ឌ នៃការរួមគំនិតក្បត់ សំដៅធ្វើអោយរបបនេះធ្លាក់ទៅក្នុងស្ថានការណ៍លំបាកមួយ នៅពេលហៀបមានសង្រ្គាមជាមួយប្រទេសវៀតណាម។ ភស្តុតាងប្រយោល ទាំងឡាយដែលមាននៅក្នុងចំឡើយសារភាពនេះ បានបំផុសអោយមាន យោបល់មួយថា ខាដវ៉ែល ត្រូវគេជ្រើសរើសធ្វើជាគោលដៅក្នុងការសំឡាប់នេះ ពីព្រោះ គាត់ គឺជា “មិត្ត” របស់របបខ្មែរក្រហម ហើយប្រហែលជាបង្កើតអោយមាន ឧបស័គ្គ និងធ្វើអោយគំរោងការ “សេរីកម្ម” របស់ អៀង សារី ទទួលបរាជ័យ។
អ្នកដែលបានបញ្ជាអោយធ្វើឃាតកម្មនេះ ទោះជាអ្នកណាក៍ដោយ គឺអ្នកនោះចង់ទុក អោយពួកអ្នកកាសែតអាមេរិកាំងនៅរស់មានជីវិត ដើម្បីរ៉ាយរ៉ាប់ប្រាប់ពិភពលោក ពីមរណភាពរបស់ ខាដវ៉ែល…។
អេលីហ្សាបេត បេកគ័រ
សៀវភៅណឹងតម្លៃប៉ុន្មានទៅពូ ? ប៉ុន្មានទំព័រ? ហើយអាចរកទិញបាននៅឯណាដែរ ?
នៅបណ្ណាគារខ្វះអីតាម៉ាប់ ភាសាខ្មែរក៍មាន ភាសាអង់គ្លេសក៍មាន និងមានកំរាស់ច្រើនទំព័រគួរសមដែរ… កាលពេលបោះពុម្ពផ្សាយដំបូងខ្ញុំទិញអាន ថោកដែរទេ… តែពេលបោះពុម្ពលើកក្រោយ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា រាងដូចថ្លៃបន្តិច (ខ្ញុំអត់ចាំដែរ) ហើយអ្នកនិពន្ធបានកែសំរួលខ្លឹមសារខ្លះនៅក្នុងសៀវភៅនោះឡើងវិញ…
ល្អណាស់ លោកស្រុកស្រែ ដែលបានដាក់ចែករំលែកគ្នាដឹងរឿងនេះ ខ្ញុំបានអាន ត្រួសៗពុំទាន់យល់ច្បាស់នៅឡើយទេ តែខ្ញុំចាប់អារម្មណ៍រឿង រូបថតនេះរិតតែ ច្រើនឡើង ខ្ញុំសូមនិយាយថា រូបប្រហាក់ប្រហែល Cardwell នេះ ធ្វើអោយខ្ញុំនឹក ឃើញពួកជនជាតិបរទេសពីរនាក់ ដែលពួកខ្ញុំចាប់បាន មនុស្សទី ១ ចាប់បាននៅ ចុងឆ្នាំ ១៩៧៥ ត្រូវបានបាញ់ស្លាប់ ដោយសារគាត់លួចរត់ ទាំងកណ្តាលយប់ និងរូបទី ២ ចាប់បាននៅដើមឆ្នាំ ១៩៧៨ ជាប់ព្រំប្រទល់ដែនខ្មែរ-ថៃ នៅរស់ មិនត្រូវរបួសអីទេ កំពស់ប្រហាក់ប្រហែល Cardwell សក់ដូចគ្នា សម្បុរដូចគ្នា រាងស្តើងដូចគ្នា ហើយបានបញ្ជូនទៅអង្គការលើបាត់ទៅ មិនដឹងទៅដល់ណាទេ សារុបសេចក្តីមក ខ្ញុំមិនបានដឹងថាក្រុមអម្បូរមនុស្សដូច Cardwell ជាក្រុមមនុស្ស មកពីណាទៅណាទេ តែហេតុអ្វីបានជាពួកគាត់ មកប្រទេសកម្ពុជា កាត់តាមព្រៃ តាមដុបអញ្ចឹង ប្រហែលជាពួក ឈ្លបយកការណ៍អីមិនដឹង គួរអោយឆ្ងល់ណាស់ ដែរ ឯកសារនេះ ដូចជាអាចជួយបំភ្លឺរឿងមនុស្សចម្លែក ពីរនាក់ដែលពួកខ្ញុំចាប់ បាន ចឹងប្រហែលជាពួកគាត់ហ្នឹង ជាជនជាតិ ស្កត់ឡែន Scotland ? ។ល។៚…
អរគុណលោកបង… ខ្ញុំជឿថា ជោគវាសនារបស់ជនបរទេសដែលក្រុមលោកបងចាប់បាន និងបញ្ជូនទៅថ្នាក់លើ ប្រហែលជាក្រុមតាឌុច ចាត់ការកំទេចនៅ ស២១ អស់ហើយ…
ប្រហែលចឹងមែនហើយ លោកស្រុកស្រែ មនុស្សសំខាន់ៗ ប្រហែលសុទ្ធតែ ទៅជួបអង្គការថ្នាក់លើ ឬ គុកទួលស្លែងហើយ បើតាមគេប្រាប់ខ្ញុំ មេបញ្ជាការ កងវរសេនាតូចខ្ញុំ គេបានចាប់បញ្ជូនមកភ្នំពេញហ្នឹងដែរ គេបញ្ជូនទាំងប្រពន្ធ មកផង តាមពិតមេម្នាក់ហ្នឹង ស្គាល់ខ្ញុំច្បាស់ណាស់ ធ្លាប់នៅវត្តជាមួយផង កាលពេលដែលគាត់ទៅបួស រួចទើបសឹកហើយចូលធ្វើទាហាន រួចយកកំាភ្លើងទាហានរត់ចូលក្នុងព្រៃជាមួយខ្មែរក្រហម នេះជាល្បិចមួយ មុនចេញទៅព្រៃតស៊ូ ចឹងហើយបានជាបានដំណែងធំធ្វើ តែខ្ញុំទេសំណាង ទៅវិញ ដោយសារពួកគាត់មិនហៅអោយធ្វើធំនឹងគេ ឬ ដោយសារមិនមាន ខ្សែររយៈនឹងគេ មិនតែគាត់ទេ ដែលជិតស្និត តែស្នងការកងវរៈ ជិតស្និតជាង គាត់ទៅទៀត តែប្រហែលជាពួកគាត់ មិនដឹងថាខ្ញុំធ្លាប់ធ្វើអ្វី ហើយម្យ៉ាងពួក គេមើលស្រាលដែរ រៀងការតស៊ូក្នុងព្រៃ ដែលមិនមែនជាយោធា ជាពិសេស លោកសង្ឃតែម្តង គេចាត់ទុកជាវណ្ណៈមួយ ដែលជិះជាន់គេ ខ្លះគេប្រៀប លោកសង្ឃដូចឈ្លើងក៏មាន ចឹងបានគេទុកជីវិត ក៏ប្រសើរណាស់ទៅហើយ ចឹងហើយបានជាគេ បំបែកពួកខ្ញុំ ៧ នាក់ មិនអោយនៅជុំគ្នាទេ បំបែកគ្នាទាំង អស់ មួយកងអានុសេនាធំ ដាក់ពួកខ្ញុំម្នាក់ ៗ មិនអោយមានការទាក់ទងគ្នាបាន ទេ នេះប្រហែលជាគេ មិនអាចសម្លាប់ពួកខ្ញុំបាន កាលពីសឹកពីបួសថ្មី ៗនោះ ។ល។
អរគុណលោកស្រុកស្រែ !
ខ្ញុំដូចជាបានអានដែររឿងរ៉ាវនេះ តែវាយូរពេកដូចជាចង់ភ្លេចទៅវិញខ្លះ…ខ្ញុំគិតថាប្រហែលនៅពេលជួបផ្ទាល់ជាមួយខ្មោចល្បងពត ម៉ាល់ខុម ខាដវ៉ែល បានសំដែងនូវទស្សនៈផ្ទុយពីគំនិតដែលខ្លួនធ្លាប់តែមានចំពោះរបបព្រៃផ្សៃនោះហើយទើប ខ្មោចល្បងមើលទៅមិនទុកចិត្តក៏ធ្វើល្បិច យកកូនត្រីដូរទូកដូច្នេះនោះទៅ….វាគ្មានវៀតណាមឯណាមកធើរឿងអញ្ចឹងកើតនោះទេតាមមើលទៅសមមិត្ត អៀង សារិ កាលណោះក៏ចេះតែថាៗទៅណឹង…សម័យនោះ(ខ្ញុំមិននិយាយចំពោះអស់លោកក្មេងៗជំនាន់ក្រោយទេដែលអាចថាក្តាប់មិនសូវច្បាស់) គឺសម័យមហាលោតផ្លោះមហាអស្ចារ្យ មហារំលងផ្លោត នៅក្នុងស្រុកខ្មែរកុំថាឡើយមានមនុស្សវៀតណាម សូម្បីឆ្កែវៀតណាមចូលមិនបានផង..(មានករណីលើកលែងក្រុមនៅប៉ែកខាងលិចដោយជ្រកជ្រឿតតាមព្រំដែនបង្កើតជាចលនាតស៊ូតាមលក្ខណៈស្ទើរដូចជាក្រុមចោរព្រៃនិងអាចទទួលការគាំទ្រខ្លះពីពួកទាហានថៃ)ព្រោះថាមនុស្សខ្មែរទាំងអស់គ្នាកាលណោះកំពុងរស់នៅក្នុងទ្រុងធំមួយដែលមានទ្វារបិទជិតឈឹង….ខ្ញុំជឿថានេះវាគ្រាន់តែជាពាក្យដោះសាររបស់សមមិត្ត អៀង សារី តែប៉ុណ្ណោះឯង…។
តែខ្ខុំជឿថាអាក្បួនអារករមាន់គំរាមស្វានេះនៅតែមានមនុស្សខ្មែរមួយចំនួនយកមកប្រើម្តងម្កាលនៅឡើយដែរទេ….ខ្ញុំមិនដឹងថាចំណាប់អារម្មណ៍ខ្ញុំទៅលើរឿង ម៉ាល់ខុម ខាដវ៉ែល នេះវាមានកំរឹតត្រូវឬលំអៀង ប៉ុនណានោះទេ…តែខ្ញុំគ្រាន់តែចង់ញែកសាច់រឿងឲ្យដាច់ពីគ្នា ….រឿងវៀតណាមចង់លេបទឹកដីខ្មែរតាំងពីអុងឡូវណាមកនោះគឺជារឿងមួយដោយឡែក…គឺអ្នកធ្លាប់សិក្សាពីប្រវត្តិសាស្រ្តខ្មែរអ្នកណាៗក៏គេដឹងដែរ….ឯរឿងបរាជ័យរបស់ពួកមេដឹកនាំខ្មែរក្រហមឡប់ៗប៉ុន្មានគ្រឿងនោះវាជារឿងដែលមកតែពីកង្វះការជជែកគ្នាដោយឆន្ទះស្នេហាជាតិពិតៗ គឺគិតតែពីសង្ស័យគ្នាទៅវិញទៅមកបង្កការមិនទុកចិត្តគ្នាខ្លាចគេដន្តើមអំណាចពីខ្លួន….ដូច្នេះមានតែរកលល្បិចកាប់សំឡាប់គ្នាដើម្បីកុំឲ្យវាមានបន្លានៅក្នុងកែវភ្នែក…ហើយទាំងអស់នេះហើយវាប្រៀបដូចជាអាសំរក់ឈាមពីខ្ឡួនឲ្យខ្សោះដូច្នោះដែរ…មកដល់សម័យកុំព្យូទ័រនេះហើយខ្ញុំគិតថាមេៗទាំងឡាយគួរសិក្សាពីសាច់រឿងបរាជ័យរបស់របបខ្មែរក្រហមឲ្យបានហ្មត់ចត់…..និងបើសង្ស័យត្រូវហៅមកសួរនិងត្រូវដោះស្រាយដោយសន្តិវិធី…
គួរមិនគួរសូមលោកអធ្យាស្រ័យ………..
ពិតត្រឹមត្រូវណាស់លោកចាស់ជាន់មុន… ក្នុងពេលជួបសន្ទនាជាមួយ ប៉ុលពត លោកខាដវ៉ែល បានផ្តល់យោបល់ទៅ ប៉ុលពតថា កម្ពុជាមិនគួរធ្វើសង្រ្គាមជាមួយវៀតណាម នៅពេលនេះទេ… កម្ពុជាត្រូវការអោយខឿនសេដ្ឋកិច្ចជាតិ និងធនធានមនុស្ស អោយមានភាពរឹងមាំជាងនេះ ដោយមិនត្រូវគិតពីរឿងសង្រ្គាមជាមួយប្រទេសជិតខាង នៅពេលនេះទេ…។ គឺប្រហែលជាដំបូន្មានខ្លះៗរបស់គាត់នេះហើយ ដែលធ្វើអោយអគ្គលេខាបក្សកុំម្មុយនីសកម្ពុជា មិនសប្បាយចិត្ត រហូតដល់សំរេចធ្វើឃាតគាត់ចោលតែម្តង កុំអោយបាក់មុខ…
អរគុណបងដែលជួយដកស្រង់និងសង្ខេប។ សំរាប់លោកអ្នកដែលមិនអាចរកទិញសៀវភៅនេះអានបាន (ជាពិសេសអ្នកនៅបរទេស) អាចរកអានបាននៅទីនេះ។ http://sokhancambodia.wordpress.com/books/novpel-songream-rolot-tov/
អរគុណលោកគឹមស៊្រុន… ខ្ញុំនឹងដាក់ដំណភ្ជាប់ជាមួយនឹងសៀវភៅនេះ…