រសៀលម្សិលមិញ ពេលត្រឡប់មកពីស្រុកពញាក្រែក ខេត្តកំពង់ចាមវិញ ខ្ញុំឆ្លៀតពេលចូលទៅមើលការតាំងពិពណ៌រូបថតរបស់អ្នកស្រី អេលីហ្សាបែត បេកគ័រ (Elizabeth Becker) នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា នាទីក្រុងភ្នំពេញយើងនេះ…
អ្នកស្រី អេលីហ្សាបែត បេកគ័រ គឺជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា៖ នៅពេលដែលសង្រ្គាមរលត់ទៅ (When the War was Over) …។ កាលពី កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អ្នកស្រី អេលីហ្សាបែត បេកគ័រ គឺជាអ្នកឆ្លើយឆ្លង សារព័ត៌មានសំរាប់កាសែត Washington Post ប្រចាំទីក្រុងភ្នំពេញ។ អ្នកស្រី គឺជាស្រ្តីបស្ចឹមប្រទេសតែម្នាក់គត់ ដែលបានមើលឃើញប្រទេសកម្ពុជា ឆ្លងកាត់គ្រប់ដំណាក់កាលទាំងអស់នៃសង្រ្គាម និងភាពក្រីក្រតោកយ៉ាក។
ដោយមានការយល់ព្រមពីរបបកម្ពុជាប្រជាធិបតេយ្យ នៅសប្តាហ៍ទីមួយនៃដើមខែធ្នូ ឆ្នាំ១៩៧៨ អ្នកស្រី អេលីហ្សាបែត បេកគ័រ រួមជាមួយភ្ញៀវពីររូបទៀតគឺ លោក សាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល (Malcolm Caldwell) ដែលជាមិត្តរបស់កម្ពុជា ប្រជាធិបតេយ្យ និង រីឆាត ឌុដម៉ាន់ (Richard Dudman) ដែលជាអ្នកយកព័ត៌មានដ៏ ល្បីល្បាញក្នុងសង្រ្គាមវៀតណាម បានមកដល់ទីក្រុងភ្នំពេញ ដើម្បីមកធ្វើទស្សនកិច្ច យកព័ត៌មាន និងធ្វើជាសាក្សីនៃភាពរីកចំរើនមហាលោតផ្លោះ មហាអស្ចារ្យ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ…។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នៅរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៧៨ គឺបន្ទាប់ពី ជួបសន្ទនាគ្នាដោយផ្ទាល់ជាមួយ ប៉ុល ពត រួចមក លោកសាស្រ្តាចារ្យ ខាដវ៉ែល ត្រូវបានយោធាខ្មែរក្រហម បាញ់សំឡាប់នៅក្នុងបន្ទប់របស់គាត់ ក្នុងនិវេសនដ្ឋាន ផ្ទះភ្ញៀវក្បែរចំការមន…។ បន្ទាប់ពីមានការចូលរួមគោរពសព ដោយលោក អៀង សារី និងលោក ជួន ប្រាសិទ្ធ រួចមក អ្នកស្រី បេកគ័រ និងលោក ឌុដម៉ាន់ រួមទាំង សពលោកសាស្រ្តាចារ្យ ខាដវ៉ែល ត្រូវបានដឹកតាមយន្តហោះចិន ត្រឡប់ទៅដល់ ក្រុងប៉េកាំងវិញ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ គឺពីរសប្តាហ៍ មុនការដួលរលំរបប កម្ពុជាប្រជាធិបតេយ្យ នេះ…៕

អ្នកស្រី អេលីហ្សាបែត បេកគ័រ ក្នុងឳកាសសម្ពោធពិពណ៌រូបថតរបស់អ្នកស្រី នៅមជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា កាលពីថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០១២ កន្លងទៅនេះ...

ពីឆ្វេងទៅស្តាំ៖ រីឆាត ឌុដម៉ាន់, អេលីហ្សាបែត បេកគ័រ, សមមិត្ត ពីន ប្រធានកងពល ពិសេសរបស់មជ្ឈឹមបក្ស, និងលោកសាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល ។ រូបនេះ សមមិត្ត ពីន បានជូនដំណើរភ្ញៀវទៅក្រែក-មេមត់ ខេត្តកំពង់ចាម នៅពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨ ដែលស្នូរកាំភ្លើងប្រយុទ្ធគ្នានៅតាមព្រំដែន ជាមួយវៀតណាម ឮសូរច្បាស់ចែស...

ឈរជួរខាងក្រោយពីឆ្វេងទៅស្តាំ៖ ជួន ប្រសិទ្ធិ, ម៉ាល់ខុម ខាដវ៉ែល និងអ្នកជូនដំណើរ។ អង្គុយជួរខាងមុខ៖ អេលីហ្សាបែត បេកគ័រ, អ្នកជូនដំណើរ និង រីឆាត ឌុដម៉ាន់ នៅមុខប្រាសាទបន្ទាយស្រី នាពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨...

រូបថតសមមិត្តអគ្គលេខាបក្ស ប៉ុល ពត ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត បស្ចឹមប្រទេស ជាលើកទីមួយ និងជាលើកចុងក្រោយ ក្នុងកំឡុងពេលនៃការ កាន់អំណាចរបស់ខ្លួន នៅអាគាររដ្ឋាភិបាលក្បែរវត្តភ្នំ នារាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៧៨...

ក្នុងឳកាសជួបជាមួយសមមិត្ត អៀង សារី រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាបុរីញូយ៉កក្នុងឆ្នាំ១៩៧៨ អ្នកស្រី អេលីហ្សាបែត បេកគ័រ បានស្នើសុំការអនុញ្ញាត្តិជាពិសេស ដើម្បីចូលទៅយកព័ត៌មានក្នុងប្រទេសកម្ពុជា ហើយនៅក្បែរខ្លួនសមមិត្ត អៀង សារី គឺសមមិត្ត គាត ឈន់...
ស្រុកស្រែ

ខ្ញុំចាប់អារម្មណ៍ជាងគេគឺរូបលោក គាត ឈន់.
ខ្ញុំសុំដូរដាក់ថា សមមិត្ត វិញហើយចឹងកុំអោយខុសពីដើម
ព្រោះអីរូបថតនិងរបស់ សមមិត្ត គាត_ឈន់ ក៍រូបពីដើមដែរ.
មើលទៅមុខគាត់ដូចនៅដដែល អត់ប្លែកសោះ…
សួស្តីនិងជំរាបរលឹក លោកស្រុកស្រែ!
ដោយហេតុថាមានសំណូមពរពីបងប្អូននៅស្រុកខ្ញុំខ្លះគាត់ខ្វះមធ្យោបាយ.. គាត់សុំលោកជួយថតរូបក្នុងពិពណ៏នេះឲ្យបានច្រីន តាមដែលលោកអាចធ្វើបានដើម្បីចែកជូនពួកគាត់.. ព្រោះថាចង់ឃើញ តែវាក្រមិនអាចទៅភ្នំពេញបាន!! សូមអរគុណលោកទុកជាមុន ។
តែថាចំពោះរូបថតខាងក្រោមគេ ជំនាន់នោះដូចជាគេហៅថា សមមិត្ត អៀង សារីឬ សមមិត្ត គាត ឈន់ មិនមែនលោកចឹងទេ… ឬមួយក៏មានករណីលើកលែង ?
បាទសូមជំរាបរលឹកលោកចាស់ជាន់មុន… រូបថតក្នុងពិពណ៌មានច្រើន ដែលអ្នកស្រី បេកគ័រ គាត់បានថតក្នុងសម័យនោះ ហើយនៅក្នុងកន្លែងពិពណ៌នេះ គេហាមមិនអោយថតទេ… តែអោយតែភ្លាងភ្នែកបន្តិច ខ្ញុំលួចចុចបានមួយប៉ុស្តិៗដែរ…។ រូបមានច្រើន ដូចជារូបផ្សារថ្មី, រូបប្រជាជនកំពុងធ្វើស្រូវ, រែកកណ្តាប់ស្រូវ, រូបកងទ័ពក្មេងៗ, រូបក្មេងៗកំពុងធ្វើស្មៅនៅមុខលានជល់ដំរី បរិវេណអង្គរធំ…។ល។
ទាក់ទងនឹងការមិនហៅ សមមិត្ត នេះ ពេលខ្ញុំកំពុងសរសេរ ខ្ញុំចង់ហៅអស់លោកទាំងនោះថា សមមិត្ត ដែរ តែគិតចុះគិតឡើង ខ្លាចពួកគាត់បានមើលឃើញរូបគាត់ឡើងវិញទៅ នាំអោយអៀនខ្លួន..!!..
ខ្ញុំថាតាម លោកមនុស្សចាស់សល់ពីសង្គមទេ! ពាក្យថា សមមិត្តនេះ!
មានទៅឆ្អី… ថាអត់ឆ្អី អត់ឆ្អីហើយ…
សួស្តីលោកស្រុកស្រែ !
ខ្ញុំភេ្លចសួរលោក!!តើមានឃើញរូបថតរបស់សមមិត្ត សម្តេចរបស់យើងទាំងអស់គ្នាដែរឬទេ? បើឃើញ សូមជួយលួចថតផ្ញើគ្រាន់បានចែកបងប្អូនមើលលេងកំសាន្តផង។ គឺបងប្អូនយើងគាត់ចង់ឃើញមេៗយើងកាលពីនៅសម័យតស៊ូរាងរៅពួកគាត់យ៉ាងម៉េចដែរទៅ? សំណូមពរ នេះបើអាចទេតែបើមិនអាច ក៏មិនឆ្អីដែរ…. អរគុណ!
បាទ, សួស្តីលោកចាស់ជាន់មុន និងសុំទោស ដោយការឆ្លើយតបមានការយឺតយ៉ាវ… ព្រោះម្សិលមិញនេះ មួយថ្ងៃទល់ល្ងាច ខ្ញុំជាប់រវល់នៅខេត្តកំពង់ឆ្នាំង។
ទាក់ទងនឹងរូបថតរបស់អ្នកស្រី បេកគ័រ នេះ គឺមិនមានរូបរបស់សម្តេចយើងបច្ចុប្បន្នទេ ព្រោះអ្នកស្រីជាភ្ញៀវរបស់កម្ពុជាប្រជាធិបតេយ្យ។ រីឯសម្តេចយើងបច្ចុប្បន្នគឺជាគូរសត្រូវរបស់របបនោះ… ដែលខុសពីលោកតា គាត់ឈន់ ដែលពួកកាសែតលោកខាងលិច គេប្រសិទ្ធិនាមថាជា មន្រ្តីផ្ការីកគ្រប់រដូវ ទើបបានមានជាប់រូបគាត់នៅក្បែរសមមិត្ត អៀង សារី បែបនេះ… ហើយប្រសិនបើកាលណោះ ខ្មែរក្រហមបានអនុញ្ញាត្តិអោយនាំភ្ញៀវចូលទៅមើលជំរំបឹងត្របែកទៀត នោះប្រហែលជាអាចឃើញរូបលោកតា ហោ ណាំហុង ផងក៍មិនដឹង…
ខ្ញុំចាប់អារម្មណ៍ជាងគេ គឺលោកសាស្រ្តាចារ្យ Cardwell ម៉េចបានត្រូវយោធាខ្មែរ ក្រហមលួចបាញ់សម្លាប់ចោល បើគាត់ហ្នឹងជាមិត្តភគ្ររបស់ កម្ពុជាប្រជាធិបតេយ្យហ្នឹង ? តែម្នាក់ដែលជាអ្នកថតសង្គ្រាមស្រុកយួន មិនត្រូវបានសម្លាប់ទៅវិញនោះ ! ហើយម៉េចមិនឮសូរ គេនិយាយរឿងការ សម្លាបនេះ លើកមុន ឬ ពេលដែលគេសម្ភាសអ្នកស្រី Elizabeth កាលពីប៉ុន្មានថ្ងៃមុនេះ ? រឿងការសម្លាប់មិនមែនចេះតែសម្លាប់ដែរទេ សម្លាប់ជនបរទេស ដែលខ្លួនបានអនុញ្ញាត អោយចូលមកយកពត៌មាននោះ ដូចជាពិបាកជឿ !
ខ្ញុំក៏ឆ្ងល់ពីចំនុចនេះដែរ។ ហេតុអ្វីក៏គេសំលាប់តែសាស្រ្តាចារ្យ Cardwell?បើគេចង់សំលាប់គឺគួរតែសំលាប់ទាំងអស់។ ពិតជាពិបាកយល់មែន។
សូមអរគុណលោកបង និងលោក គឹមស្រុន…
បាទ, ខ្ញុំនឹងដាក់ប្រកាសមួយ ស្តីពីការស្លាប់របស់លោក ខាដវ៉ែល នៅថ្ងៃនេះ…
អរគុណណាស់ចំពោះចំលើយរបស់លោក !ខ្ញុំចាប់អារម្មណ៍ថា លោកគួរកុំនិយាយពីរឿងបឹងត្របែកអី ព្រោះថាខ្ញុំធ្លាប់ដឹងថា គេប្តឹងគ្នាវក់វី.. ដូចជាមិនទាន់ចង់ចប់ផងទេ…. និយាយទៅ ខ្ញុំបារម្ភពីសុខទុក្ខលោក.. ម្យ៉ាងខ្លាចអត់មានអ្នកថតរូបដាក់ប្រកាសអីឲ្យមើលទៀត!!! តែទោះជាយ៉ាងណាក្តី មនុស្សល្អដូចលោកមិនមានអីគួរឲ្យភ័យទេ…. អរគុណ!
អរគុណលោកចាស់ជាន់មុនណាស់ ដែលបារម្ភពីខ្ញុំ ហើយខ្ញុំក៍មិនបាននិយាយថា លោកតា ហោ ណាំហុង គាត់ធើធំនៅជំរំកែប្រែបឹងត្របែកនោះដែរ… ជួនកាលបើមានសល់រូបភាពខ្លះទៅ អាចនឹងបង្ហាញពីភាពស្អាតស្អំរបស់គាត់ ដែលនឹងបង្ហាញអោយដឹងពីការជាប់ឃុំឃាំងរបស់ក្រុមគ្រួសារគាត់ ដូចគេដូចឯងនៅទីនោះផងដែរ…។
អ្នកស្រីអេលីហ្សាបែត បេកគ័ កាន់កាតចេញចូលស្រុកខ្មែរក្នុងសម័យសាធារណៈរដ្ឋ តែអត់ឃើញគេប្រើភាសាខ្មែរ បែជាប្រើភាសាបារាំងសេសវិញ ឬមួយសម័យនោះភាសា បារាំង ជាភាសាផ្លូវការរបស់ខ្មែរ? ។
បាទលោកជក់ទិព្វ… តាមខ្ញុំដឹង សម័យសាធារណរដ្ឋ(១៩៧០-១៩៧៥) គឺនៅនិយមប្រើប្រាស់ភាសាបារាំងនៅឡើយទេ ហើយអាចជាភាសាផ្លូវការផង ដោយបន្តពីសម័យសង្គមរាស្រ្តនិយមមក។ ឯការប្រើប្រាស់ភាសាអង់គ្លេសនៅស្រុកខ្មែរយើង គឺបានចាប់ផ្តើមឡើងនៅសម័យអ៊ុនតាក់ចូលស្រុក ក្នុងឆ្នាំ១៩៩៣…។