រូបស្វាយទុំខាងលើនេះ ជាស្វាយកែវចិន ដែលដាក់លក់នៅជិតស្ពានព្រែកតាមាក់ ត្រើយខាងលិច… ខ្ញុំឆ្ងល់ថា មិនដឹងជាយ៉ាងម៉េច អោយតែផ្លែឈើ ឬរបស់ឆ្ងាញ់ពិសា គឺសុទ្ធតែមិនមែនជាឈ្មោះរបស់ខ្មែរ…!!.. ដូចជាស្វាយកែវចិននេះជាដើម… បើផ្លែទៀបវិញ មានទៀបបារាំង, បើដំឡូងវិញ មានដំឡូងបារាំង, បើខ្ទឹមវិញ មានខ្ទឹមបារាំង ។ល។…
ដោយឡែកពេលរដូវស្វាយទុំនេះ នៅស្រុកយើងឥឡូវ សំបូរតែស្វាយកែវល្មៀតទេ ឯស្វាយកែវចិននេះ ដូចជាចង់ខ្សត់ផុតពូជទៅហើយ។ ចំណែកឯពូជស្វាយផ្សេងៗ ទៀត ប្រហែលជាជិតដាច់ពូជ ឬដាច់ពូជតែម្តង ដូចជា ស្វាយពុំសែន, ស្វាយខ្មៅ, ស្វាយក្បាលដំរី, ស្វាយកែវយក្ស, ស្វាយកែវត្រឡោក, ស្វាយកែវសារី, ស្វាយខ្ទិះ, ស្វាយដងទែង, ស្វាយល្ហុង, ស្វាយល្ហួត, ស្វាយខុសរដូវ…ជាដើម។ល។
មូលហេតុដែលពូជស្វាយពីដើមជាច្រើននេះ មិនមានឃើញលក់តាមទៅផ្សារ ហើយសំបូរតែស្វាយកែវល្មៀត គឺដោយសារស្វាយនេះមានទីផ្សារសំរាប់នាំចេញ។ តាមដំណឹង ស្វាយកែវល្មៀតខ្មែរ ត្រូវបានឈ្មួញនាំចេញយកទៅលក់ដល់ប្រទេសចិន និងធ្លាយទៅដល់អឺរ៉ុបទៀតផង ហើយអ្នកទទួលទានតែងសរសើរថា ស្វាយនាំពីខ្មែរ យើងទៅ មានរសជាតិឈ្ងុយឆ្ងាញ់ជាងស្វាយនៅវៀតណាម និងថៃ…។
ស្រុកស្រែ

ស្វាយពុំសែន, ស្វាយល្ហួត, ស្វាយក្បាលដំរី ខ្ញុំមិនដែលហូបពេលទុំទេពូ តែពេលខ្ចីគឺជូមហាហើយ តែបើបានអំបិលគ្រួសបុកម្ទេសគ្រាប់ ដឹងតាឆ្ងាញ់បាញ់ឆ្ងាយចឹងម៉ង!
និយាយទៅ ក្នុងត្រកូលស្វាយខ្មែរយើងទាំងអស់ ដែលពេលនៅខ្ចីជូរជាងគេ គឺស្វាយក្បាលដំរី… តែដល់ពេលទុំទៅផ្អែមឈ្ងុយអស់ទាស់ជាងគេ ក៍ស្វាយក្បាលដំរីនេះដែរ… និយាយដល់ត្រង់នេះ ខ្ញុំស្រក់ទឹកមាត់ច្រោកម៉ង… ហេហេហេៗៗៗ…
កុំនិយាយឲ្យខ្ញុំស្រក់ទឹកមាត់តាម!
ហេហេ… អោយតែម្ជូរ គឺសុទ្ធតែជាចំណីរបស់ធនញ្ជ័យ ហើយ…
ខ្មែរយើងតែងឲ្យតម្លៃនិងឈ្មោះផ្លែឈើ ឬក៏ចំណីអាហារតជាប់ទៅនិងឈ្មោះប្រទេសគេ គឺមកពីមូលហេតុខ្មែរខ្លាចគេ។ ម្យ៉ាងទៀតមិនទាន់មានមេពាក្យគ្រប់គ្រាន់ ដើម្បីម្ចាស់ការខ្លួនឯង ម្លោះហើយត្រូវលួចឈ្មោះគេមកដាក់ ជាការសម្គាល់ថារបស់ទាំងនោះ ចេញមកពីប្រភពណា។ មិនត្រឹមតែផ្លែឈើ សូម្បីតែឈ្មោះមុខម្ហូបក៏ដាក់ឈ្មោះគេដែ ដូចជា សម្លរម្ជូរយួន។ តាមពិតទៅខ្មែរអ្នកធ្វើសោះ បែកញើសហូរតាមជើងខោ តែបានគុណសម្បត្តិ ដាក់ងារទៅឯណាស្កុយ! …..។ អរគុណ ស្រុកស្រែ
បាទ, សូមអរគុណលោកជក់ទិព្វ… លោកមានប្រសាសន៍ថា ការដាក់ឈ្មោះដើម្បីសំគាល់ថារបស់នោះចេញមកពីប្រភពណានោះ គឺពិតជាត្រឹមត្រូវណាស់…។ ក៍ប៉ុន្តែ ចំពោះផ្លែឈើ ឬរបស់ឆ្ងាញ់ពិសាដទៃៗទៀត ពេលមកជារបស់ខ្មែរហើយ យើងគួរតែដូរមកទំលាប់ហៅជាខ្មែរវិញទៅ ដូចជាស្វាយកែវចិននេះ បើហៅថា កែវផ្អែម ឬកែវឈ្ងុយ ឬកែវពិសិដ្ឋ អីទៅ មិនរឹតតែសក្តិសមនឹងរសជាតិរបស់វាថែមទៀតហើយ… តែបើជ្រុលជាហៅថាស្វាយកែវចិនទៅហើយ យកល្អហៅអោយពេញតែម្តងទៅ ដូចជា ស្វាយកែវចិនប៉េកាំង! ឬស្វាយកែវចិនតែវ៉ាន់! ស្វាយកែវចិនហុងកុង អីចឹងៗទៅ…
ដោយឡែកមុខម្ហូបសំឡរម្ជូរយួននេះ គឺពិតណាស់ ម្ចាស់ដើមរបស់សំឡរនេះ គឺយួនណឹងឯង… តែដើម្បីរឹតចំណងមិត្តភាពយូរអង្វែងម៉ឺនឆ្នាំ គេមិនទំលាប់ហៅដាច់សាច់អីចឹងទេ… គឺគេហៅថា សំឡរម្ជូរវៀតណាម!… បើកាលពីជំនាន់មានជំនាញការទៀត គេហៅថា សំឡរម្ជូរមិត្តភាព!… បើខ្ញុំទៅដល់វៀតណាម ក៍ខ្ញុំហៅសំឡរនេះថា ម្ជូរវៀតណាមដែរ… បើមិនអីចឹងទេ អត់អីស៊ីឡូវណឹង..!!..
ខ្ញុំមានការចាប់អារម្មណ៍បន្តិចហើយប្រហែលជាប្លែក៖
អ្នកស្រុកភ្នំពេញគេហៅថា ស្វាយទុំ តែចំណែកអ្នកស្រុកសៀមរាប_បាត់ដំបង_
កំពង់ធំ_ឧត្តរមានជ័យ គឺគេហៅ ទុំស្វាយ ឬ ទុំចេក……….គឺទុំគេនិយាយមុន
តើខុសគ្នាដែរទេចំពោះពាក្យ២ម៉ាត់នេះត្រឡប់ចុះត្រឡប់ឡើង.
ដួងចាន់… ខ្ញុំដូចអត់ដែលឮ… តែប្រហែលជាចង់មានន័យថា ផ្លែឈើដែលយកមកបន្ទំអោយទុំ ទើបបានជាត្រឡប់ហៅ ទុំ មុនឈ្មោះយ៉ាងនេះ…
ពិតមែនគេហៅទុំស្វាយឬទុំចេកមែន…..បើមិនជឿរខ្ញុំទេថ្ងៃណាមួយ
បងបានទៅស្រុកខាងលើប្រាកដជាចឹងមែន.
និយាយពីផ្លែស្វាយទុំ ខ្ញុំសូមបង្ហាញផងដែរ .
មិត្តភក្តិនៅខ្មែរ ផ្ញើឱយញ៉ាំ ‹‹ បែវល្មៀត និង ខ្ទិះរកាកោង តាមអ្នកបាត់ដំបង ឯអ្នកភ្នំពេញហៅកែវចិន››
http://www.khmercity.net/photo/25022011-1?context=user
បាទ, ត្រូវហើយបងកូឡាបខៀវ… ស្វាយខ្ទិះរកាកោងណឹងហើយ គឺស្វាយកែវចិន… អ្នកស្រុកដែលរស់នៅតាមមាត់ទន្លេនិយមដាំស្វាយកែវចិននេះណាស់។ តែសព្វថ្ងៃឃើញមានសំបូរលក់តែម្តុំព្រែកអញ្ចាញ ជ្រោយឫស្សី រកាកោងនេះឯង…