ថ្ងៃមុន ពេលបានធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា… ចុះពីស្ពានជ្រោយចង្វារទៅ ខ្ញុំចេះតែចំឡែកក្នុងចិត្តថា ហេតុម៉េចបានជាអត់ឃើញឡានក្រុងរត់? តែនៅពេល ទៅដល់ហួសស្ពានទី៦ ម្តុំជិតផ្លូវបំបែកទៅស្ពានព្រែកព្នៅ ទើបខ្ញុំឃើញរបា កាត់ទទឹងថ្នល់យ៉ាងទាបមួយ ដែលមានកំពស់អតិបរិមា ២.៥ម..!! អូ… អីចឹងតើ បានជាស្ងាត់ឡានធំៗ អត់ឃើញមានរត់លើកំណាត់ផ្លូវនេះ… សូមអរគុណ សាលាក្រុង ដែលចេះនឹកឃើញពីវិធីកាត់បន្ថយការកកស្ទះចរាចរ ដោយបញ្ចៀស ឡានក្រុងមិនអោយរត់កាត់ផ្លូវ នេះ… ហើយខ្ញុំចេះតែគិតថា ឡានក្រុងប្រហែលជា រត់ឆ្លងស្ពានព្រែកក្តាម រួចកាត់ទៅរកផ្លូវជាតិលេខ ៦អា ត្រង់ថ្នល់កែងហើយ…។
តែនៅពេលខ្ញុំបកមកពីកំពង់ធំវិញ ចង់ដឹងក៍សាកជិះកាត់ពីថ្នល់កែងទៅតាមស្ពាន ព្រែកក្តាមសាកលមើល… ឳព្រះម្ចាស់ថ្លើមថ្លៃ..!! កំណាត់ផ្លូវពីថ្នល់កែងទៅគល់ ស្ពានព្រែកក្តាម គឺយ៉ាប់ជាងផ្លូវពោធិសាត់ កាលពីមិនទាន់ធ្វើទៅទៀត។ នៅតាមផ្លូវស្ងាត់ឈឹង មានតែឡានធំរត់កាត់មួយៗ… ខ្ញុំមើលទៅឡានគេកំពុង តែរលាក់… ឯគេមើលមកខ្ញុំវិញកំពុងលោតកញ្ឆេងតាមចង្វាក់ផ្លូវហាយវ៉េ ដ៏រដិបរដុបនេះ…។
តាមខ្ញុំចាំ កាលពេលសម្ពោធស្ពានព្រែកក្តាម សម្តេចតេជោ លោកដូចជាបាន ប្រកាសបើកការដ្ឋានជួសជុលផ្លូវនេះ ដោយថវិកាជំនួយ ឬកម្ចីឥណទានរបស់ មហាមិត្តចិន។ ហើយបន្ទាប់ពីប្រកាសបើកការដ្ឋានរួច ផ្លូវចាស់នេះត្រូវបានចាប់ផ្តើម ឈូសឆាយ និងពង្រីកតួផ្លូវយ៉ាងសកម្មបំផុត។ តែរហូតមកដល់សព្វថ្ងៃនេះ ផ្លូវនេះត្រូវបានទុកចោល បណ្តាលអោយមានជង្ហុក និងរណ្តៅដូចរន្ធបាយខុម ពិបាកក្នុងការធ្វើដំណើររកលេខដាក់គ្មាន។ ពីថ្នល់កែងទៅ ទំរាំតែទៅដល់គល់ស្ពាន ព្រែកក្តាមត្រើយខាងកើត ខ្ញុំត្រូវទប់ថ្លើម ប្រមាត់ខ្ញុំ កុំអោយវាលោតចេញមកខាងក្រៅ ឃើញពន្លឺព្រះអាទិត្យ…។ ពេលទៅដល់ជិតគល់ស្ពានព្រែកក្តាម ទើបខ្ញុំបានឃើញ គ្រឿងចក្រខ្វេះដីតែមួយគ្រឿងគត់ កំពុងតែសំរាកស្ងៀមក្បែរចិញ្ចើមផ្លូវ។
ពេលឆ្លងផុតស្ពានព្រែកក្តាមទៅទើបខ្ញុំយល់ថា ផ្លូវនេះប្រហែលជាមិនងាយកសាង អោយហើយឆាប់ៗទេ… យ៉ាងហោចណាស់ ក៍ត្រូវរង់ចាំពី ៣ ទៅ៥ឆ្នាំទៀត ទើបបាន ហើយរួចរាល់ដែរ… ព្រោះថាបើផ្លូវនេះធ្វើហើយស្អាតភ្លឹងឆាប់ៗទៅ នរណាគេទៅ ហ៊ឺហារ សុខចិត្តបើកឡានកាត់ស្ពានព្រែកព្នៅ បង់លុយនោះ គឺម្នាក់ៗនឹងនាំគ្នាទៅ ឆ្លងស្ពានព្រែកក្តាមហើយ…
នេះអាចចាត់ទុកថា ជាល្បិចកៀងត្រី(ឡានដឹកជញ្ជូនធំៗ) អោយមកបញ្ចូល ក្នុងស៊ង(ឆ្លងស្ពានបង់លុយ) របស់ក្រុមហ៊ុនស្ពានព្រែកព្នៅនេះច្បាស់ណាស់…. ហើយល្បិចបែបនេះ ប្រហែលជាមិនមែនរៀនតាមក្បួនរបស់ខុងប៉េង ហើយរិតតែមិនមែន ជាល្បិចរបស់ ស៊ឺម៉ាអ៊ី ក្នុងរឿង សាមកុក ទេ..!!..

នេះជាកំណាត់ផ្លូវពីថ្នល់កែង ទៅស្ពានព្រែកក្តាម ត្រូវបានទុកចោល ឬអូសបន្លាយការសាងសង់ ដែលធ្វើអោយត្រីធាត់ៗទាំងឡាយ មិនរត់កាត់ផ្លូវនេះទេ...
ស្រុកស្រែ


លោកបងផ្លូវជាតិលេខ៦Aសម្តេចលែងអោយហៅ៦Aទៀតហើយ
គឺសម្តេចអោយហៅថាផ្លូវជាតិលេខ៦គត់តែម្ដង.
ខ្ញុំបានលឺពេលសម្តេចនិយាយពេលទៅសម្ភោតប៉ុន្មានថ្ងៃមុននេះ.
ធ្លាប់ហៅតែ ៦អា អីចឹងជាប់មាត់ទៅហើយ ដួងចាន់អើយ… បើសម្តេច លោកចង់កែហៅ ៦គត់វិញ គឺមានតែដូរហៅតាមសម្តេចទៅ…
សូមឡង់សេប្លុកដ៏ស្ងប់ស្ងាត់ទី ២ របស់ខ្ញុំមួយ ជ្រុលជាពូស្រុកស្រែបាននិយាយរឿងថ្នល់កែង ស្រុកបាធាយ ខែត្រកំណើតកើតជាខ្ញុំហើយ http://kompongchamprovince.wordpress.com/
អរគុនតាម៉ាប់… ខ្ញុំចូលទៅអើតមើលហើយ… តែមិនទាន់មានពេលនិយាយ…
កាលជិះកាត់ពីពីរឆ្នាំមុន ខំតែសរសើរថា នឹងបានផ្លូវធំគ្រាន់នឹងជិះ តែមានឯណា ត្រូវប្រើផ្លូវជាតិលេខប្រាំមួយ(អា) អាដែល ។ មិនដឹងជាល្បិចត្រីបញ្ចូលស៊ង ឬ មិនស៊ងរ៉េ គ្រាន់តែថា តាមទំនាក់ទំនងគេ គេចង់អាម៉េចក៏បានដែរ ។
វិធីនេះ អ្នកដែលរីករាយ គឺក្រុមហ៊ុនស្ពានព្រែកព្នៅ… ឯអ្នកនិយាយអត់ចេញ គឺម្ចាស់ឡានដឹកទំនិញធំៗ រាប់ទាំងឡានក្រុងដឹងអ្នកដំណើរផង ដែលមានកំពស់លើសពី ២.៥ម ឡើងទៅ គឺត្រូវតែបរកាត់ស្ពាននេះ ដើម្បីជួយយិតយោងក្រុមហ៊ុនស្ពានព្រែកព្នៅ កុំអោយធ្លាក់ខ្លួនក្រទាន់…