ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ដោយបង្ហាញពីជ្រុងមួយនៃក្រុងសៀមរាបអង្គរ ដែលខ្ញុំថតបានកាលពីម្សិលមិញ និងថ្ងៃនេះ…។
ក្រុងសៀមរាបយើងសព្វថ្ងៃមានការប្លែកភ្នែកជាងពីមុនច្រើនគួរសមដែរ ហើយអ្វីដែលជាភាពស្រស់ស្អាត គឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយយើង បានផ្សាយជាហូរហែ ច្រើនមកហើយដែរ។ នៅពេលនេះ ខ្ញុំគ្រាន់តែថតផ្តិតយករូបភាពខ្លះ ដែលសាមញ្ញៗ ធម្មតាៗ… តាមភ្នែកដែលខ្ញុំមើលឃើញតាមផ្លូវ ដើម្បីដាក់ចូលក្នុងប្លុកស្រុកស្រែរបស់ខ្ញុំ គ្រាន់ទុកជាឯកសារមើលលេងថ្ងៃក្រោយតែប៉ុណ្ណោះ … មានរឿងស៊យសៀវមួយ ពេលខ្ញុំមកដល់សៀមរាបកាលពីម្សិលមិញ អាសំឡាញ់ម៉ាស៊ីនថតរូបរបស់ខ្ញុំ ស្រាប់តែខូចឡេន ប្រើលែងកើត… ស្តាយ… ចង់ពេប ក៍ពេបអត់ចេញ..!!..

ទីសក្ការៈព្រះអង្គចេក ព្រះអង្គចម នាពេលព្រលប់...។ និយាយតាមត្រង់ចុះ ខ្ញុំអត់ដឹងថា តើអង្គមួយណាចេក អង្គមួយណាចមទេ... ខ្ញុំមានបំណងថានឹងសួរនាំចាស់ទុំនៅទីនោះដែរ តែចេះតែភ្លេចរហូត...

អ្នកមិនសូវសំបូរលុយ ពេលទៅលេងសៀមរាបតែងតែទៅរកមើលម្ហូបម្ហារថោកៗ ដាក់ឆ្នាំងឆ្អិនស្រាប់បែបនេះឯង... ខ្ញុំចូលចិត្តហៅហាងម្ហូបឆ្អិនស្រាប់បែបនេះថា ហាងចង្អុលឆេះ ព្រោះចង្អុលភ្លាមបានភ្លាម អត់ចាំបាច់អង្គុយចាំយូរនាំខាតពេលទេ...

សំណង់ផ្ទះទយចូលស្ទឹងសៀមរាប ដែលបង្កអោយបរិស្ថានទឹកស្ទឹង ក្រខ្វក់លែងនិយាយ... គេហដ្ឋានទាំងអស់នេះ តាមដឹងគឺសុទ្ធតែជាកម្មសិទ្ធិរបស់បងប្អូនយើងទៅទៀត ដែលជាហេតុធ្វើអោយអាជ្ញាធរមានការលំបាកក្នុងការបណ្តេញចេញ ហើយធ្លាប់អគ្គីភ័យឆាបឆេះម្តងដែរ តែក៍កើតឡើងវិញហូរហែលើសដើមចឹងទៅ...
ស្រុកស្រែ





ខ្ញុំដឹងតែអង្គធំជាបងអង្គតូចជាប្អូន អ៊ីចឹងប្រហែលជាអង្គធំ ចេក អង្គតូច ចម ហើយ ។ បងប្អូនម៉ឺនឆ្នាំយើងណឹងមែនទេ ពូ ? ចុះ ខូចឡេនស៍យ៉ាងម៉េចទៅ ? បើខូចថតម៉េចនឹងកើត?
អរគុណតាម៉ាប់…
- ប្រហែលជាធំ ចេក និងតូច ចម មែនហើយ…។
- ត្រូវហើយ… បងប្អូនយើង តើមាននរណាក្រៅពីណឹងទៀត…
- ខ្ញុំខ្ចីម៉ាស៊ីនគ្នីគ្នាខ្ញុំ សូនីអាតូចសំប៉ែតធម្មតា ថតណឹងណា…
អូ លេនស៍ណុង កំរិតប៉ុន្មានទៅ ? ខ្ញុំឃើញគេរកលក់ ទាំងខ្លួន ទាំងលេនស៍ (២ 18 – 55, 55 – 250) សម្រាប់សូនី មិនដឹងគេឈប់លក់ ឬ ក៏លក់បាត់ឬទេ បើពូចាប់អារម្មណ៍ចាំខ្ញុំសួរគេឲ្យ ហើយល្មមដូរមកប្រើ កាណុង ដូចខ្ញុំហើយ ហេហេហេ សម្បូរគ្រឿងយុទ្ធភ័ណ្ឌ ។
ត្រូវហើយតាម៉ាប់… ខ្ញុំឃើញគេឥឡូវនិយមប្រើកាណុងណាស់។ មើលទៅ ប្រហែលជារកអាហ្នុងប្រើដែរហើយមើលទៅ…
ណឹងហើយ ល្មមដូរហើយ ហេហេហេ ដូរបានចាំជួបគ្នា ថតរូបចេញម្តង
ខ្ញុំសូមណែនាំ បងស្រុកស្រែថា! បើចូលចិត្តដាក់រូបភាពក្នុងប្លក់ចឹងគួរតែប្រើ hosting ផ្សេងសម្រាប់ផ្ទុករូបភាបហើយយក link embed មកបង្ហាញក្នុងប្លក់វិញប្រសើរជាង បើមិនដូច្នោះទេ ថ្ងៃណាមួយវានឹងពេញមិនខាន កុំភ្លេចថាក្នុង wordpress វាអោយប្រើតែទំហំ 3GB ប៉ុណ្ណោះ!
បាទ, អរគុណណាស់ សាម៉ាឌី… បើនិយាយទៅ ខ្ញុំមោកណាស់ក្នុងរឿងនេះ… ខ្ញុំនឹងសួរគេសួរឯង តាមវិធីដែលបានណែនាំនេះ។ អរគុណម្តងទៀត…
ឃើញរូបស្ទឹងសៀមរាបខាងលើ នឹកស្មានតែគេរៀបចំអោយស្អាតវិញហើយតើ ហៀបនឹងសរសើរហើយ ស្រាប់តែមកដល់រូបខាងក្រោម ក៏នឹកថា ហ៊ើយទៅកាលពីបីបួនឆ្នាំមុន អាឡូវនៅតាដដែល! មិនដូចស្ទឹងជីនិត របស់កំពង់ធំ កំពង់ថ្ម សោះ គេប្រើលាងនំបញ្ចុកញ៉ាំអោយរាល់តែថ្ងៃ ។
ហេហេ… ម៉េចក៍ក្មេងស្រែស្គាល់ស្ទឹងជីនិត កំពុងថ្មច្បាស់ម៉េះ? ប្រសិនបើមិនមែនជាស្រុកកំណើតទេ សង្ស័យតែក្មេងស្រែ មានអីៗសំខាន់នៅទីនោះហើយមើលទៅ…ហាសហាហាៗៗៗ…
អត់ទេបង, ធ្លាប់បានទៅបុណ្យមិត្តភក្តិនៅទីនោះម្តង, ខ្ញុំធ្លាប់សរសេរនៅទីនេះម្តងដែរ ។
http://khm3ngsr3.wordpress.com/2011/04/01/num-banhjok/
លោកស្រុកស្រែលឿនមែន ដល់សៀមរៀបហើយ ទៅតាមផ្លូវណា ម៉េចមិនថត តាមផ្លូវផង ប្រហែលទៅតាម ស្វាយស៊ីសាផុន ហើយមើលទៅ បើតាមផ្លូវហ្នឹង ខ្ញុំមានអានុស្សាវរីយ៍ គឺទៅដោយចៃដន្យទៅទៀត គឺគ្មានគំរោងអ្វីទាំងអស់ ។
នៅសល់ពេលតែថ្ងៃគត់ ត្រូវត្រឡប់ទៅស្រុកក្រៅវិញ មកដល់ផ្សារដើមដូង បាត់ដំបង ប្រហែលជាម៉ោង ៧ ព្រឹក បំរុងនឹងរកឡានជិះទៅភ្នំពេញ តែសួរគេ សិនថា មានឡានទៅអង្គវត្តទេ គេថាមាន ចេញអាឡូវហើយ អើបើមាន ទៅចឹង ឡើងប្រុយ ទៅញាំបាយនៅផ្សាស្វាយស៊ីសាផុន បីនាក់បងប្អូន ខោមិនខោ អាវមិនអាវ ពៃក់មួកស្លឹកត្នោត គេមើលមិនស្គាល់ទេ ឥវ៉ាន់សុទ្ធតែដាក់ក្នុង ការ៉ុង ចាស់ៗ ខ្មៅមើលមិនយល់ បើជ្រុះក៏គេមិនរើសដែរ ។
លុះញាំបាយហើយ ឡានក៏ចេញទៅ តែឡានបកក្រោយ ទៅចេញតាមផ្សារ មង្គលបូរីទៅវិញ ដោយសារតែស្ពានបាក់ អត់មានអ្នកណាធ្វើ បរកាត់វាលស្រែ ផងតាមផ្លូវលំផង ទើបចូលដល់ធំគេ ធំហ្នឹងក៏ពិបាកទៀត ស្ទើរគ្រប់កន្លែងស្ពាន ខូចស្ទើរទាំងអស់ គ្រាន់តែចុះជួយរុញបីដង ទើបបានដល់សៀមរាប តាមធម្មតា ឡានគេទ្រូវទៅផ្សារសៀមរាប តែចៃដន្យនាពេលពេលនោះ មាននាយទាហ៊ាន ម្នាក់មកពីតំបន់កូបនិមិត្ត គាត់សុំអោយឡានហ្នឹងដាក់គាត់ចុះ នៅម្តុំផ្ទះគាត់ ។
ចឹងឡានត្រូវធ្វើដណើរតាមក្បែរព្រលានយន្តហោះ ផ្លូវហ្នឹងកាត់ត្រង់ទៅចំ អង្គវត្ត តែម្តង ហើយទាហ៊ានហ្នឹងគាត់ចុះនៅផ្ទះគាត់ពាកកណ្តាលផ្លូវ ហើយឡានក៏បរ តម្រង់សំដៅទៅអង្គរវត្តតែម្តងៈ អស្ចារ្យមែន ! អស្ចារ្យមែន ! ជាលើកទី ១ ហើយ ដែលខ្ញុំបានឃើញអង្គរវត្ត នៅពេលឡានចូលដល់ ក្បែរអង្គរហ្នឹងអស្ចារ្យមែន តែម្តង ! ធាតុអាកាសត្រជាក់ រំភើយ មានដើមឈើម្លប់ត្រឈៃ មើលទៅបា្រង្គ ប្រាសាទអង្គរ ស្រស់បំព្រង ហាកបីដូចជាញញឹមដាក់ខ្ញុំចឹង មើលទៅគួរអោយ ចាប់អារម្មណ៍មែនទែន មិនលេងឡើយ ។
ឡានបរយឺតៗតិចៗ ហើយក៏បត់ស្តាំតម្រង់ទៅផ្សារសៀមរាប គិតទៅធ្វើអោយ ខ្ញុំរំភើបក្នុងចិត្តឥតឧបមា ស្តាយណាស់ចង់តែចូលទៅស្នាក់ក្នុងទីនោះ លុះបើក មកដល់ផ្សារ ក៏អោយគេដាក់ចុះក្បែរសណ្ឋាគារមួយក្បែរនោះ ភ្លេចឈ្មោះបាត់ ទៅហើយ ចូលសួរគេរកបន្ទប់កេង គេមានមួយនៅជាន់ក្រោម មានអីសណ្ឋា គារ ស្អាតដែរតើនាពេលនោះ (១៩/០២/១៩៩៩) គេទើបតែជួសជុលហើយថ្មី ក៏អោយ ប្អូនៗគេជញ្ជូនឥវ៉ាន់ចូល អ្នកសណ្ឋាគារគេមើលមុខ ប្រហែលជា គេ ថា ចុះពូកនេះមកពីណាចេះ ឥវ៉ាន់សុទ្ធដាក់ក្នុងការ៉ុងអំបិលចាស់ៗ មិនសម មកដេក កន្លែងគេស្អាតចឹងទេ តែគេមិនហ៊ានសួរទេ ។
លុះព្រឹកឡើង ស្រស់ស្រូបបាយពេលព្រឹកហើយ ក៏រកមើលម៉ូតូឌុបទៅលេង អង្គរ រកបានម៉ូតូពីរ គេថាគេធ្លាប់ជូនភ្ញៀវទៅលេងអង្គរដែរ ចឹងគេដឹងថា ទៅ ផ្លូវណា គឺយើងចាប់ផ្តើមពី ស្រះស្រង់ ឬ បន្ទាយក្តីមុន ទើបមកចប់នៅអង្គរវត្ត ។
លុះចូលមកដល់ប្រាសាទតាកែវ ក៏នាំគ្នាឡើងទៅកំពូលលើ អូយអីចោទ ម្លេះ! ទៅដល់កំពូល ក៏តាំងចាប់ធូប ៥ សសៃ អុចបន់សំបូងសំរោង សុំសេចក្តី សុខ ស្រាប់តែនៅពេលនោះ មាននារីដ៏ស្រស់ស្អាតម្នាក់ មិនអាយុច្រើនទេ ប្រហែល ជាខ្ទង់អាយុ ១៩-២០ មកបន់ស្រាន់ក្បែរខ្ញុំដែរ នាងថា សុំកុំអោយជួប ប្រុស ក្បត់ចិត្តទៀត សុំអោយជួបបុរសចិត្តល្អ ខ្ញុំក៏លួចងាកមើល ហើយសើច ញឹមៗ អត់ហ៊ានថាអីទេ នឹកតែក្នុងចិត្តថា ប្រហែលជានាង សង្សាក្បត់ចិត្ត ហើយ មើលទៅ រួចក៏នាំគ្នាចុះមកក្រោមវិញ ។
ហើយបន្តរដំណើរទៅទៀត តែនាងនោះ គាត់មកជាគ្រួសារប្រជាម្តាយ និង បងប្អូន ៤-៥ នាក់ តែពួកគាត់ជិះសុទ្ធតែ ឡាន លើកលែងតែពួកខ្ញុំទេ ដែលជិះ ម៉ូតូឌុប តែអត់មានតូចចិត្តទេ លុះដល់ព្រលានជល់ដំរី ក៏នាំគ្នាចង់ជិះដំរី គ្រួសារនារីនោះក៏មកដែរ រកជិះដំរីដែរ មើលទៅដូចក្រុំមគ្រួសារជាមួយគ្នាចឹង ដែរ ដំរីមានពីរ ញីរ-ឈ្មោល ពួកខ្ញុំជិះអាឈ្មោល ពួកនារីគាត់ជិះអាមេ គឺយើង ជិះទន្ទឹមគ្នា ហើយចុះក៏ចុះទាំងអស់គ្នា រួចក៏លាគ្នាចេញដំណើររៀងៗខ្លួនទៅ ។ គិតទៅប្រហែលជាគេចង់ទំនាក់ទំនងដែរ តែមិនហ៊ានវាចា ហើយនឹកចង់ ទាក់ទងដែរ តែមិនហ៊ានវាចារ រក្សាតម្លៃវប្បធម៌ដូចគ្នា បានត្រឹមតែនឹកស្តាយ ។ល។
បែកគ្នានៅពេលឡើងភ្នំបាកខែង រួចហើយមកដល់់អង្គរវត្ត ដែលខ្ញុំបាន មើល ឃើញកាលពីម្សិលមិញ ដ៏អស្ចារ្យនោះអី ថ្ងៃត្រង់ចែស ស្ងាត់ជ្រងុំ មិនសូវមាន មនុស្សទេពេលហ្នឹង ដើរមើលខ្លួនឯង មានភ្ញៀវខ្លះៗ ដើរតាមគេតាមឯងទៅ គិតទៅឃើញថាអស្ចារ្យណាស់ ហើយចង់ដឹងណាស់ មិនដឹងមានពីណាសោះ ដើម្បីសួរនាំ ស្រាប់តែកំពុងតែគិត មានលោកពូចំណាស់បន្តិច មកក្បែរគាត់ ក៏ចាប់ណែនាំប្រាប់ អានេះវាអញ្ចេះ អានៅវាអញ្ចុះ ដល់កន្លែងអក្សសំស្រ្កិត ស្រាប់តែខ្ញូំអាចមើលកើត ខ្ញុំថាអក្សរនេះដូចអក្សរដែលខ្ញុំបានរៀនមើលតិចៗ កាលនៅវត្តពីតូច គាត់ថាយីក្មួយឯងចេះមើល អក្សរសំស្រ្កិតដែរ ! ខ្ញុំថាខ្ញូមចេះ កាលនៅវត្តពីតូចៗ ខ្ញុំក៏កើតអស្ចារ្យថា យីអាហ្នឹងអក្សរបុរាណហើយ ដល់ឮ គាត់សរសើចឹង សប្បាយចិត្តណាស់ ហើយគាត់នាំឡើងទៅលើ អីយ៉ូយ ខ្ពស់ ម្លេះ ចោទម្លេះ ចោទជាងប្រាសាទតាកែវទៅទៀត ត្រូវតែវារឡើង វារឡើង ហើយ នៅតែខ្លាចរមៀលមកក្រោមវិញទៀត ចេះតែឆ្ងល់ថា ចុះគេដើរ ឡើង យ៉ាងម៉េចទៅ មិនធ្លាក់ទេឬអី បើកាំជណ្តើរហ្នឹងវាអាលោងទៅទៀត ដូចគ្មាន អីចាប់ជាប់ទេ ។
លុះឡើងទៅដល់ខាងលើ ស្រាប់តែឃើញព្រះពុទ្ធរូប ឬបដិមាករជាច្រើនអង្គ តូចៗ សុទ្ធដាច់ប្រកេស នៅសល់តែខ្លួន គួរអោយសោកសង្រេង មនុស្សអីក៏ ចិត្តអាក្រក់ម្លេះកាត់យកតែប្រកេស មើលទៅរណ្តៅពីកំពូលចុះក្រោម ល្ងិត ឈឹង មិនដឹងដល់ណា រួចហើយមកមើលទ្វារឈើតាំងពិជំនាន់ធ្វើអង្គរ នៅ ស្ថិតសិ្ថររហូតដល់សព្វថ្ងៃ អស្ចារ្យមែន ! អស្ចារ្យមែន ! រួចមកចូលប្រាសាទ ឬបន្ទប់គក់ទ្រូង ឆ្ងល់មែនទែន ហេតុអីបានជាគក់ទ្រូង ឮសូរឌុងៗចឹង វាមានអី មកចូលក្នុងខ្លួនយើង មានអីទាក់ទងគ្នា ឆ្ងល់អត់ឈប់ ។
រួចហើយចុះមកក្រោម វិញ នាំគ្នាអង្គុយលេងនឹងបង្កាន់ដៃថ្ម ក៏លូកហោប៉ៅ យកកាតចេញមក ចែកគ្នាមើលលេង គឺកាត “គណបក្សខ្មែរអង្គរ” ហើយក៏ និយាយអំពីប្រវត្តិប្រាសាទខ្មែរអង្គរ ចែកគេស្តាប់ត្រួសៗ មនុស្សកាន់តែមក ច្រើនឡើង ក្នុងនោះមានមីងម្នាក់ រាងដូចចិនតិចយួនតិច និយាយខ្មែរ ក៏ចាប់ ផ្តើមសុំអើយសុំ សុំជិះឡានទៅជាមួយដែរ ខ្ញុំថាខ្ញុំអត់មានឡានមកទេ គាត់អត់ ជឿ តែគាត់និយាយជាមួយប្អូនខ្ញុំ អត់ចេញអាលីង បែបស្មានវាជាថៃកុងឡាន ហើយមើលទៅ ឆ្ងល់ដែរគាត់មិនដឹងថា ពួកខ្ញុំទៅណាមកពីណាផង គាត់សុំ ឡានជិះជាមួយ កើតឆ្ងល់ តែរាងខ្លាចទៅវិញទេ មិនដឹងជាគាត់ចង់ដឹងរឿងអី ពួកខ្ញុំដឹង បានជាសុំទៅជាមួយចឹង ! គាត់រត់តាមបានតិចដែរ តែឈប់ទៅ ហើយខ្ញុំក៏មករកអ្នកម៉ូតូឌុបខ្ញុំដែលចាំខាងមុខ ហើយត្រឡប់មកកន្លែងវិញទៅ ។ ចប់ដោយសង្ខេប ឯវំ ។៚…
សុំទោសផង លោកស្រុកស្រែ ពាក្យគួរពុំគួរសូមអភ័យទោស ! ព្រោះលោក ស្រុកស្រែអញ្ជើញមកដល់ កន្លែងអានុស្សាវរីយ៍របស់ខ្ញុំ ក៏និយាយបន្តិចទៅ អានេះត្រួសៗទេ ខ្លាចធ្ងន់ឡានស្រុកស្រែ ពីបាកបើក កុំអីនិយាយតទៅទៀត។
សូមអរគុណលោកបង… ស្តាប់តាមការរៀបរាប់របស់លោកបងទៅ ធ្វើអោយខ្ញុំដឹងរឿងរ៉ាវផ្សេងៗ ប្លែកៗនៅសៀមរាបនេះ កាន់តែច្រើនថែមទៀត។ សូមអរគុណម្តងទៀតចំពោះការចំណាយពេលរបស់លោកបង ក្នុងការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីអតីតកាលដ៏ហូរហែនៅផ្ទះរបស់ខ្ញុំនេះ…។ សូមជូនពរអោយលោកបងសុខសប្បាយ…
នឹកស្រុកណាស់ឃើញចឹង។
ហិហិៗៗៗ… បើលោកនឹកស្រុកអីចឹង សូមអញ្ជើញមកលេងម៉ោ… នៅខែ ៧ ឆ្នាំនេះ ខ្ញុំមានគំរោងទៅលេងខាងក្រៅផង… បើបានទៅលេងប្រទេសជិតខាងលោក ខ្ញុំសង្ឃឹមថា នឹងបានជជែកលេងជំរាបសួរសុខទុក្ខលោកតាមទូរស័ព្ទជាមិនខាន… អរគុណលោកដែលបានមកលេងផ្ទះខ្ញុំ… កាលពីម្សិលមិញខ្ញុំរវល់បន្តិច… ឥឡូវនេះ ខ្ញុំមកដល់កំពង់ធំហើយ ហើយសប្តាហ៍ក្រោយ ខ្ញុំចង់ឡើងទៅព្រះវិហារផង…។ សូមជូនពរលោក សុខសប្បាយ…
ខ្ញុំបែបមានគម្រោងសុំដាក់ខ្លួនក្នុងវ៉ាលីពូស្រុកស្រែហើយ
បាទ ពេលមកសូមប្រាប់ផង យើងអាចទំនាក់ទំនងគ្នា ហើយស្វាគមន៍មកខាងអឺរ៉ុប!
.
បើតាមស្តាប់និងតាមដានមើលទៅ លោកស្រុកស្រែ ចំណាពេលវេលា ច្រើនណាស់ ដើរមើលបងប្អូនរួមជាតិយើង ក្នុងផ្ទៃប្រទេស អញ្ចឹងជាអោកាសមួយ ដ៏ល្អចង់ដឹងចង់លឺ នៅតាមក្រុង តាមខែត្រមួយចំនួនផងដែរ ។
កាលពីប៉ុន្មានថ្ងៃមុននេះ មានបងប្អូនខ្មែរមួយចំនួន បានប្រាប់ខ្ញុំអោយជួយ ផ្សប់ផ្សាយផងដែរនូវ ទង្វើររបស់មន្ត្រីមួយចំនួន ដែលប្រព្រឹត្តបទល្មើស ដូចឃុបឃិតគ្នាលក់ដីធ្លី របស់រដ្ឋ ដែលត្រូវច្បាប់បានហាមឃាត់ ដែលចាត់ទុកថា ជារបស់ជាតិ ជាបិកតភណ្ឌ ជាតិ ដូចបឹង បួរ ទីទួលបុរាណវត្ថុ ជាដើម តើលោកស្រុកស្រែ មានការចាប់អារម្មណ៍នូវ រឿងទាំអស់នេះ ដែរទេ ?
បាទ, ត្រូវហើយលោកបង… ការងារខ្ញុំគឺត្រូវចំណាយពេលវេលាមួយភាគធំ ដែលនៅតែជាមួយសហគមន៍ខ្មែរយើងនៅតាមជនបទបែបនេះឯង… ហើយទីជនបទចុងកាត់មាត់ញកណា ក៍មិនសូវជាចន្លោះពីភ្នែកខ្ញុំប៉ុន្មានដែរទេ…។
ខ្ញុំជាមនុស្សចូលចិត្តចង់ដឹងរឿងរ៉ាវច្រើន ហើយនៅស្រុកយើង ការដឹងរឿងរ៉ាវច្រើនពេកក៍ជារឿងមិនសូវស្រួលខ្លួនប៉ុន្មានដែរទេ… រដ្ឋយើងមិនបានបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ… ក៍ប៉ុន្តែ សេរីភាពក្នុងការសរសើរគឺមានគ្រប់គ្រាន់បរបូណ៌។ ចំណែកឯសេរីភាពក្នុងការរិះគន់វិញ គឺនៅមានកំរិតនៅឡើយ។ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ធ្វើការបែងចែកមិនច្បាស់លាស់ រវាងការរិះគន់ ឬការផ្តល់យោបល់ក្នុងន័យស្ថាបនា ជាមួយនឹងការរិះគន់វាយប្រហារ ទើបធ្វើអោយការផ្តល់ភស្តុតាងខ្លះ ក្លាយទៅជាការប្រឆាំងនឹងរដ្ឋអំណាចទៅវិញ។ ហើយអ្វីដែលពួកខ្ញុំកំពុងរស់នៅក្នុងស្រុក ត្រូវតែចងចាំកុំភ្លេចខ្លួនអោយសោះនោះគឺ សេរីភាពក្នុងការបញ្ចេញមតិនៅស្រុកយើង ប្រៀបបាននឹងកូនចៀនស្ថិតក្នុងហ្វូងចចក..!!.. ហេតុនេះ លោកបងសួរខ្ញុំពីរឿងមន្ត្រីខិលខូច លួចឃុបឃិតគ្នាលក់ដីរដ្ឋនេះ ខ្ញុំមិនសូវដឹងទេ… ហើយបើដឹងក៍ភ្លេចអស់ហើយ… អត់ចាំទេ… គឺតែប៉ុណ្ណឹងឯង..!!..
ខ្ញុំយល់ហើយ ស្រុកស្រែ តែរឿនេះ គេមិនចង់ប្រាប់ទៅ អង្គការក្រៅរដ្ឋាភិបាល ឬ វិទ្យុផ្សាយសម្លេងក្រៅស្រុកទេ តែគេចង់បានពត៌មាននេះ ទៅទីស្តីការ នាយករដ្ឋមន្ត្រី និង ក្រសួងវប្បធម៌ ឬ នារយករដ្ឋមន្ត្រីទៅវិញទេ តើលោកស្រុកស្រែ យល់យ៉ាងណាដែរ ?