ខាងក្រោមនេះ គឺជារូបថតដែលដកស្រង់យកមកពី មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបង្ហាញពីជ្រុងមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កាលពី ៣៤-៣៥ឆ្នាំមុន ស្តីអំពីជីវិតបុរស និងយុវជនខ្មែរយើងនៅជនបទក្នុងរបបនោះ…

ទិដ្ឋភាពការដ្ឋានសំណង់ទ្វារទឹក... ឥឡូវគេធ្វើដោយគ្រឿងចក្រស្រួលចង់ងាប់ តែកាលសម័យនោះ អង្គការមិនប្រើគ្រឿងចក្រទេ គឺប្រើដោយកំឡាំងមនុស្សសុទ្ធសាធ...
មិនខុសពីរូបមុនដែរ ខ្ញុំសង្ឃឹមថា យុវជន និងបុរសៗក្នុងរូបថតខាងលើនេះ ប្រហែលបច្ចុប្បន្នកំពុងតែរស់រានមានជីវិតនៅឡើយ ហើយខ្លះកំពុងក្លាយជាឯកឧត្តម ឧកញ៉ា ឬអស់លោកដែលមានឋានៈ កិត្តិយសខ្ពង់ខ្ពស់ក្នុងសង្គមផងក៍មិនដឹង… ហើយនៅពេលដែលបានឃើញរូបភាពទាំងនេះឡើងវិញ អាចនឹងមានចិត្តអាណិតមេត្តាដល់អ្នកទុគ៌តក្រីក្រ ខ្វះទីជំរកទាំងឡាយជាមិនខាន ព្រោះអ្នកទាំងនោះគឺជាខ្មែរទាំងសាច់ទាំងឈាម បើទោះជាពួកគេមានពណ៌សំបុរនយោបាយខុសពីក្រុមខ្លួនក៍ដោយ ..!!
ស្រុកស្រែ







លោកស្រុកស្រែ! វាពិតជាអាចក្នុងចំណាមរូបថតអ្នកទាំងនោះជាមេៗអីមួយក្នុងរបបបច្ចុប្បន្ននេះមែនហើយ ….បើខ្ញុំមិនច្រឡំទេ(ក្នុងរូបថតទី១)នោះការថតរូបបែបនេះក្នុងសម័យខ្មែរក្រហមដែលមានបងៗឡប់ប៉ុន្មានគ្រឿង កំពុងជាប់ទ្រុងជាមេដឹកនាំដ៏មហិមាកាលណោះនោះ មិនមែនជាការថតរូបទូទៅនោះទេ… ខ្ញុំចង់និយាយថា ប្រជាជនសាមញ្ញៗដូចខ្ញុំ ដូចគេ មិនដែលទាំងឃីញគេថតរូបនោះផង… ខ្ញុំគិតថាអ្នកទាំងនោះអាចជាកូនកម្មាភិបាលធំៗផងក៏មិនដឹង… ម្យ៉ាងមើលឃើញលើកដែមួយទៅលើនេះ គឺគេលើកដើម្បីស្រែកជ័យឃោស បន្ទរពីការគោរពភ្លេងជាតិ…..ឈាមក្រហមច្រាល….នោះ….
ខ្ញុំក៏សូមអំពាវនាវដូចលោកអញ្ចឹងដែរ បើបានរស់មកដល់ឥឡវបានក្លាយជាអ្នកធំដុំ អ្នកមានលុយកាក់ សូមនឹកត្រលប់មកក្រោយវិញផង……..
បាទ, អរគុណណាស់លោកចាស់សល់ពីសង្គម។ ពិតជាត្រឹមត្រូវ ព្រោះសម័យនោះ ខ្ញុំអត់ដែលបានឃើញជាងថតសោះ សូម្បីតែម្តង។ តែរូបខាងលើគេ ហាក់ដូចជាមិនមែនលើកដៃស្រែកជ័យឃោសទេ ព្រោះមើលទៅដៃមួលស្លឹកត្រចៀកគ្រប់គ្នាបែបនេះ គឺជាការគោរពទង់បក្សហើយ។ បទភ្លេងគោរពទង់បក្សនេះ តាមខ្ញុំចាំគឺចំឡងតាមភ្លេងបក្សវណ្ណៈអធនរបស់សូវៀត ហើយពួកគណៈកង បានបង្រៀនក្មេងក្មាងដូចខ្ញុំនេះ អោយចេះគោរពទង់បក្ស ដោយយកដៃមកមួលស្លឹកត្រចៀកខ្លួនឯងបែបនេះ។
ខ្ញុំចាំបានថា ខ្ញុំឮបទគោរពទង់បក្សនេះជាលើកដំបូង គឺនៅឆ្នាំ១៩៧៧ ក្នុងពិធីបុណ្យខួបជ័យជំនះ ១៧មេសា ដែលអង្គការអនុញ្ញាត្តិអោយឈប់សំរាកពីរែកដី តែអោយមកអង្គុយស្តាប់សុន្ទរកថាដ៏វែងអន្លាយតាំងពីព្រឹកទល់ល្ងាច រហូតដល់យប់ទៀត តាមវិទ្យុដែលផ្សាយពីភ្នំពេញទៅ។ គ្រប់គ្នាត្រូវតែទ្រាំអង្គុយស្តាប់ ហាមងោក ឬដេកស្តាប់។ មែនទែនទៅ ថ្ងៃឈប់សំរាក គឺយ៉ាប់ជាងថ្ងៃរែកដីទៅទៀត..!!
ត្រឹមត្រូវណាស់លោក!
ខ្ញុំអាចភ្លេចមែនណឹង.. តែខ្ញុំបន្ទោសខ្លួនឯងដូចជាមិនកើត ព្រោះកាលសម័យណឹងខ្ញុំគ្រាន់តែជាយុវទាសករម្នាក់ប៉ុណ្ណោះជំនាន់នោះ (ខ្ញុំចង់និយាយថា ប្រហែលពួកសមមិត្តបងៗ ជាអ្នកទទួលខុសត្រូវប្រទេសជាតិជំនាន់ណឹងផង ក៏ឥឡូវភ្លេចភ្លាំងទៅជាភ្លីភ្លើ ល្ងីល្ងើ សួរលិចឆ្លើយទៅកើត… ចុះទំរាំខ្ញុំ?…)
-ទោះជាយ៉ាងណា ក៏លោកដូចជាមានសំណាងជាងខ្ញុំ ព្រោះស្តាប់ទៅលោកដូចជានៅក្មេងមិនទាន់ត្រូវប៉ាន់ដូចជារូបខ្ញុំ…. ឬបើហោចណាស់ក៏មិនសូវបានដេក ដើរ ឈរ អង្គុយទាំងភ័យ ទាំងព្រួយ ខ្លាចគេអញ្ជើញយកទៅវ៉ែចោលនោះដែរ…. ខ្ញុំចង់និយាយថាមិត្តភ្រ័ក្ត ពួកម៉ាកខ្ញុំធ្លាប់រៀនសូត្រជាមួយគ្នារាប់រយនាក់ លុះមកដល់ឆ្នាំ៧៩ (ដោយសារការទំនាក់ទំនងស្វែងរកគ្នីគ្នា) គិតមើលទៅ ដូចជាសល់មិនដល់ដប់នាក់ផងទេ… មិនដឹងថាសមមិត្តបងៗដ៏មហិមាដឹងដែរឬក៏មិនបានដឹង ដោយសារឡប់តាំងពីណឹងមកក៏មិនដឹង… និយាយនេះដោយសារថាស្តាប់ទៅ ពួកឡប់ទាំងនេះបានឆ្លើយដូចជាអត់ដឹងអីម៉ារៀលសោះ ពីរឿងហេតុដែលបានកើតឡើងគ្រានោះ….. តែទោះជាយ៉ាងណា អ្វីៗវាបានកន្លងទៅយ៉ាងឆ្ងាយទៅហីយ……. ពៀររំងាប់ដោយការមិនចងពៀរ….
បាទ, ត្រូវហើយលោកចាស់សល់ពីសង្គម។ កាលជំនាន់នោះ ខ្ញុំនៅក្មេងនៅឡើយទេ គឺអត់ទាន់ត្រូវប៉ាន់ដូចលោកមែន… តែគិតៗទៅ ចាប់តាំងពីក្រោយពេលអង្គការយកឪពុកខ្ញុំទៅរៀនសូត្រនៅមន្ទីរសន្តិសុខបាត់ទៅ ជីវិតខ្ញុំត្រូវបានអង្គការផ្ញើទុកនៅជាប់នឹងខ្លួនខ្ញុំជាបណ្តោះអាសន្នសិនតែប៉ុណ្ណោះ រង់ចាំតែថ្ងៃឈ្លបយកទៅវ៉ៃចោលទេ។ ព្រោះថា នេះគឺជាយុទ្ធសាស្រ្ត ចូកស្មៅត្រូវចូកទាំងឫសរបស់ខ្មែរក្រហម… ចុះសម័យយើងនេះ ការចូកអ្នកក្រីក្រយកទៅចាក់ចោលជាយក្រុង តើជាយុទ្ធសាស្រ្តអីដែរ? យុទ្ធសាស្រ្តចតុកោណ ក៍ខុស! យុទ្ធសាស្រ្តឈ្នះ ឈ្នះ ក៍ខុយ! ឬក៍យុទ្ធសាស្រ្តរាស្រ្តមានមុខរដ្ឋ ក៍នៅតែមិនត្រូវដែរ..!!
ស្តាប់មើលទៅដូចមនុស្សតែម្នាក់និយាយ តែយ៉ាងណាក៏ដោយ ប្រសព្វដើរតួរមែន ! ខ្ញុំខំរកមើលរូបខ្ញុំមិនឃើញសោះចឹង !
តាមពិតល្អម្យ៉ាងដែរ ធ្វើការងារជុំគ្នាច្រើនចឹង សប្បាយណាស់ដែរ មិនសូវអស់កម្លាំងទេ បើមានមិត្តនារីធ្វើការជាមួយ រិតតែសប្បាយទៅទៀត តែខ្ញុំគ្មានសំណាងនឹងគេ បានធ្វើការងារចឹងយូរទេ បានធ្វើឬលើកទំនប់ ជីក ប្រឡាយ ប្រហែល ២-៣ ខែដែរ កាលនៅជាលោកសង្ឃ មុន និង បន្ទាប់ ១៧ មេសា ៧៥ ឆ្នាំថ្មី មហាអស្ចារ្យ មហាជោគជ័យ តែអាស៊ីសេរី (លោកជីវិតា) មិនព្រមដាក់អោយស្តាប់កន្លែងហ្នឹងទេ ខ្លាចគេថា លោកសង្ឃ លើកទំនប់ជីកប្រឡាយកាលសម័យនោះ ក៏មិនដឹង !
និយាយតាមត្រង់ចុះលោក Lovepeehs05 ប្រសិនបើសម័យនោះ អង្គការខ្មែរក្រហមអោយប្រជាជនទូទៅ បានទទួលទានឆ្អែត និងកុំយកមនុស្សទៅវ៉ៃចោលងាយៗ ប្រហែលជាសប្បាយដូចលោកនិយាយមែន។ តែអាចមកពីខ្ញុំនៅក្មេងពេក ណាហត់ ណាឃ្លាន… ទើបបានជាមិនដឹងថា ធ្វើការជិតមិត្តនារីៗ នាំអោយសប្បាយចិត្តរីកថ្លើម រីកប្រមាត់ ដោយមិនគិតពីការអត់ឃ្លាននោះ…។
ម្យ៉ាងទៀតលោកថា ដូចមនុស្សម្នាក់ដើរតួនិយាយគ្នា… ស្រេចតែលោកគិតចុះ។ តែតាមការណ៍ពិត ខ្ញុំសន្ទនាគ្នាលេង ជាមួយលោកចាស់សល់ពីសង្គមដោយគោរព កន្លងមកនេះ គឺខ្ញុំចាត់ទុកគាត់ជាចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានចំណេះដឹង និងបទពិសោធន៍មួយរូប ដែលខ្ញុំកំពុងសិក្សារៀនសូត្រពីគាត់ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងមានសំណាងបានជួបគាត់ដោយផ្ទាល់ជាមិនខាន…។ អរគុណ…
ប្ដេជ្ញា ១ហិកតាឲ្យបាន៨តោន បើធ្វើមិនគ្រប់ នឹងនាំយកទៅរៀនសូត្របន្ថែម!
សួស្តីលោកស្រុកស្រែ និង Lovepeehso5 ជាទីរាប់អាន !
ខ្ញុំសូមជំរាបថាលោកស្រុកស្រែផ្សេងមិនមែនខ្ញុំទេបាទ…… ម្យ៉ាងខ្ញុំចង់បញ្ជាក់ថា ការពិតពាក់ព័ន្ធជីវិតរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្ញុំ ខ្ញុំស្ទើរតែបង្ខំឲ្យវាភ្លេចចោលពីក្នុងខួរក្បាលទៅហើយ ដោយហេតុថា អ្វីៗវាបានកន្លងផុតយ៉ាងយូរដូច្នេះនោះ… អ្វីៗដែលខ្ញុំបានជជែកជាមួយលោកស្រុកស្រែកន្លងមកនោះ វាអាចថា គ្រាន់តែជាផ្នែកមួយតូចបន្ធូរអារម្មណ៌ប៉ុណ្ណាះ វាមិនមែនជាការបញ្ចេញមតិសងសឹក ឬមានចេតនាមិនល្អទៅលើពួកសមមិត្តទាំងនោះក៏ទេដែរ….. ព្រោះថាដូចខ្ញុំធ្លាប់និយាយលេងជាមួយលោកស្រុកស្រែកន្លងមកអញ្ចឹង ខ្ញុំយល់ថា ការកាត់ទោសអ្នកទាំងអស់នោះ វាគ្មានប្រយោជន៌អ្វីសំរាប់ខ្ញុំនោះទេ….។
ម្យ៉ាងចំពោះលោកស្រុកស្រែ… ខ្ញុំពិតជាមិនហ៊ានទទួលងារជាអ្នកមានការចេះដឹងខ្ពង់ខ្ពស់អីនោះទេ… ត្រង់មានអាយុច្រើនជាងលោក ពិតជាអាចតែថា ឲ្យចេះជាងលោកនោះ វាប្រហែលជាមិនអាចទៅរួចទេ ព្រោះតាំងពីបញ្ចប់វិទ្យាល័យទាំងទីងម៉ាត់ទីងម៉ែងឆ្នាំ១៩៧៥ មកខ្ញុំដូចជារកនឹកមិនឃើញសោះថាខ្ញុំមានរៀនអីថែមទៀត… ក្រៅពីធ្វើនេះបន្តិចនោះបន្តិច ខ្ញុំមើលខ្លួនឯងដូចជាអត់ចេះអីឲ្យប្រាកដផងទេ។ តែខ្ញុំក៏ដូចជាលោកស្រុកស្រែដែរ សង្ឃឹមថាថ្ងៃណាមួយនឹងបានជួបលោកផ្ទាល់ដូចគ្នា…. ខ្ញុំមានសំណេរខ្លះចង់ពឹងលោកជួយសំរួល និងចុះផ្សាយតាមដែលអាចធ្វើបាន….. សូមអរគុណទុកជាមុន….
បាទ, លោកចាស់សល់ពីសង្គមជាទីគោរព!
ទោះជាលោកប្រកែក ក៍ខ្ញុំនៅតែគិតថា ដោយសារតែលោកមានវ័យចាស់ជាងខ្ញុំ ហេតុនេះ លោកនឹងមានអ្វីមួយដែលខ្ពស់ជាងខ្ញុំ នោះគឺបទពិសោធន៍នេះឯង..!!
និយាយរួមទៅ មនុស្សគ្រប់វ័យដែលនៅជុំវិញខ្លួនខ្ញុំ គឺខ្ញុំគោរព និងសិក្សារៀនសូត្រទាំងអស់ ហើយជានិច្ចកាល ខ្ញុំចូលចិត្តសង្កេតមើលគ្រប់រឿងហេតុ តែមិនទំលាប់វិនិច្ឆ័យទៅលើហេតុការណ៍ទាំងនោះទេ លើកលែងតែហេតុការណ៍នោះ មានការពាក់ព័ន្ធមកលើខ្ញុំតែប៉ុណ្ណោះ…។
អរគុណ លោកស្រុកស្រែ លោកសល់ពីសង្គម ខ្ញុំស្ទង់តាមការសរសេរ ឬបញ្ចេញមតិយោបល់ បូករួមទាំងឃ្លាប្រយោគ និងអត្ថន័យក្នុងការនិយាយ ឬសរសេរផងដែរ ដែលអាចញាំងអោយខ្ញុំយល់ដូច្នេះ ហើយខ្ញុំក៏មិនទាន់ជឿថា ក្មេងជាងខ្ញុំទេ បើនិយាយរឿងអ្នកនៅជនបទ បើនៅទីក្រុង ឬទីផ្សារ ថាមិនត្រូវ ដោយការសិក្សា គេសិក្សាតាំងពីអាយុ ៥-៦ឆ្នាំម្លេះ តែយ៉ាងណាក៏ដោយ អស់លោកមិនមែនជាមនុស្សធម្មតាទេ បើតាមខ្ញុំយល់ ទោះសម័យមុន និងក្រោយក៏ដោយ! មិនថាអញ្ចឹង?
អរគុណលោក Lovepeehs05 ម្តងទៀត។
តាមពិតទៅ រាល់មតិយោបល់ទាំងអស់នៅផ្ទះស្រុកស្រែខ្ញុំនេះ បន្ទាប់ពីខ្ញុំពិនិត្យទៅឃើញមានខុសអក្ខរាវិរុទ្ធ ឬឃ្លាល្បះរឆិញរឆុញអាក្រក់ភ្នែកមើល គឺខ្ញុំចាំបាច់ត្រូវតែធ្វើការកែសំរួលអោយបានត្រឹមត្រូវ (រាប់តាំងពីការចុះបន្ទាត់ឡើង) ដោយរក្សាទុកនូវខ្លឹមសារយោបល់របស់ម្ចាស់ដើមទាំងស្រុង ដោយគ្មានកែប្រែអ្វីឡើយ បើទោះជាមតិខ្លះ មានការប្រមាថទិតៀនខ្ញុំក៍ដោយ។ អ្វីដែលខ្ញុំធ្វើនេះ ព្រោះខ្ញុំមិនចង់អោយសិស្ស និស្សិតខ្មែរយើង នាំគ្នាអានពាក្យទាំងខុសនៅផ្ទះស្រុកស្រែខ្ញុំទេ។ ហេតុនេះហើយបានជាលោក មើលទៅឃ្លាល្បះ និងចុះបន្ទាត់មានលក្ខណៈស្រដៀងៗគ្នា រាប់ទាំងមតិរាប់លោកផង។
ចុងក្រោយលោកមានប្រសាសន៍ថា ខ្ញុំនិងលោកចាស់សល់ពីសង្គម សុទ្ធតែមនុស្សមិនធម្មតា..!! ហេហេ… ស្រេចលោកយល់ចុះ… បើលោកចាស់សល់ពីសង្គម ខ្ញុំមិនដឹងទេ តែសំរាប់ខ្លួនខ្ញុំវិញ គឺសម័យលន់នល់ ខ្ញុំជាកូនក្មេងរៀននៅសាលាបឋមសិក្សាចៅពញាហុក, សម័យប៉ុលពត ខ្ញុំក៍នៅជាកូនក្មេងដែរ ក្នុងកងកុមារចល័ត ១៧មេសា, សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ខ្ញុំទ្រើសបន្តិចហើយ ដោយរៀនផងធ្វើស្រែផងនៅជនបទ រហូតដល់ឆ្នាំ១៩៨៦ ជាប់បាក់ឌុប។ មកដល់ឆ្នាំ១៩៩៣ បានចូលធ្វើការជាមួយអ៊ុនតាក់ ហើយតមក ខ្ញុំធ្វើការក្នុងអង្គការមនុស្សធម៌មួយរហូតដល់សព្វថ្ងៃ។ នេះគឺជាជីវិតខ្ញុំពិត ដល់លោកថាខ្ញុំមិនធម្មតា ដូចចង់សើចយ៉ាងម៉េចមិនដឹងទេខ្ញុំ..!!
ខ្ញុំមិនយល់គ្រប់ឃ្លោងឃ្លាទេ ប៉ុន្តែចាប់អារម្មណ៏លើការលើកឡើងនៅទស្សនរបស់ម្នាក់ ហាក់មានការយល់ដឹងច្រើនពីរបបនេះ។ ហ៊ានលើកឡើងពីតថភាពសង្គម នាសម័យនោះ តែសោកស្តាយបន្តិចនៅត្រង់ថា ម្នាក់នៅប្រើតាមទន្លាប់ចាស់ បើខ្ញុំមិនច្រលំទេ។ អ្នកណាជាប៉ុល ពត? ហើយអ្នកណាជា សាឡុតស? ។ ហើយស្អីទៅស្រុកស្រែ? ហើយស្តីទៅលោកចាស់សល់ពីសង្គមនោះ? ហើយសូមកោតសរសើរលោកម្នាក់ទៀតគាត់ក្លាហាន មិនលាក់លាម និងដាក់រូបថតបង្ហាញ។ អរគុណ និងសូមទោសផង។
សូមអរគុណលោក limchandara007… ចាត់ទុកថាខ្ញុំកំសាក លាក់មុខដូចពង្រូលក៍ថាបាន។ បើលោកចង់ជ្រាបច្បាស់ថា ហេតុអីបានជាខ្ញុំដាក់ឈ្មោះប្លុកខ្ញុំថា ស្រុកស្រែ នោះគឺលោកអាចចូលទៅអានអត្ថបទ អំពីខ្ញុំ ទៅ លោកអាចនឹងជ្រាបបានខ្លះ។
សុំសួរទៅលោកតារា មួយ៖ ហេតុអីបានជាលោក ដាក់រូបកូនមាន់? ម៉េចក៍មិនដាក់រូបថតរបស់លោកតែម្តងទៅ?
ដោយគោរពពីខ្ញុំ ស្រុកស្រែ
ម៉េចខ្លាចម្លេះ កូនមាន់ ? គ្រាន់តែនិយាយ កមិនហ៊ាន ហើយក៏មិនហ៊ានបញ្ចេញមុខទៅទៀត ?
តាមពិតទៅ ទាំងបុរស ទាំងស្រ្តី បើនៅលីវ ដែលមានភាពបរិសុទ្ធ តែងតែមានភាពខ្លាហាន ចឹងឯង តែបើ មានគេប៉ះពាល់ ឬ បាត់បង់ភាពបរិសុទ្ធរបស់ខ្លួនហើយ តែងតែខ្លាច លាក់មុខ លាក់មាត់ចឹងហើយ ! មែនទេ ?
សូមជំរាបសួរប្រិយ៌មិត្រគូសន្ទនាទាំងឡាយ!
ជាបឋម ខ្ញុំសុំថ្លែងអំណរគុណដោយស្មោះ ចំពោះការយកចិត្តទុកដាក់ពីរូបខ្ញុំ…..
ដើម្បីឆ្លើយតបចំពោះចម្ងល់ច្រើនខាងលើ ខ្ញុំសូមបញ្ជាក់ជារួមម្តងទៀតថា ខ្ញុំនេះមិនមែនជាលោកស្រុកស្រែដែលជាម្ចាស់ប្លុកស្រុកស្រែនោះទេ… ខ្ញុំបានស្គាល់ប្លុកលោក ក៏ដូចជាដោយចៃដន្យប៉ុណ្ណោះ តែដោយហេតុថា តាំងពីក្មេងនៅរៀន ខ្ញុំចូលចិត្តការជជែកលេងដូចបណ្តាប្រិយ៌មិត្តទាំងអស់ ខ្ញុំក៏ចូលរួមជជែកជាមួយលោកស្រុកស្រែចាប់ពីនាះមក… សំរាប់ខ្ញុំផ្ទាល់ ការជជែកមិនមានចេតនាបន្តុះបង្អាប់ ឬធ្វើឲ្យអ្នកណាមួយរងការឈឺចាប់ ដល់ថ្នាក់ទ្រាំមិនបាននោះ ក៏ទេដែរ… ខ្ញុំជាមនុស្សធម្មតាដូចគេដូចឯង ចេះលេង ចេះសើច ចេះខឹង មានករណីខ្លះដែលខ្ញុំបានហៅពួកមេខ្មែរក្រហមថា ជាមនុស្សភ្លីភ្លើ អាចថាកង្វះសីលធម័… តែបើប្រៀបចំពោះអនាគតមួយរបស់ខ្ញុំផ្ទាល់(ខ្ញុំសូមមិននិយាយពីគ្រួសារ និងញាតិកាទាំងឡាយរបស់ខ្ញុំទេ) និងត្រូវបានបំផ្លាញចោលដោយមនុស្សក្រុមនេះវិញឃើញថា ទូទាត់មិនរួចផង…។
ខ្ញុំនេះជាអ្នកស្រុកមានកំណើតកើតជាខេត្តពោធិ៍សាត់ ស្រុកបាកាន ឃុំព្រះម្លូរ ភូមិបឹងខ្នារ… តែបច្ចុប្បន្នខ្ញុំមិនបានរស់នៅភូមិកំណើតទៀតទេ… សម័យលន់នល់ខ្ញុំជាសិស្សថ្នាក់ទីបញ្ចប់ម្នាក់ និងមានបងប្អូនជួយជ្រោមជ្រែងត្រៀមសិក្សានៅមហាវិទ្យាល័យ… គឺទើបបានស្គាល់ក្លិនសៀវភៅថ្នាក់ធំតិចៗប៉ុណ្ណោះ…. ឆ្នាំ៧៥ ខ្ញុំត្រូវបានពួកអាវខ្មៅជំលៀសទៅនៅគេហៅថាឃុំ៦០ ស្រុក៤២ បើរាប់ឥឡូវក្នុងស្រុកសង្កែ ខេត្តបាត់ដំបង… បិះងាប់ បិះរស់…… ក្រោយឆ្នាំ៧៩ ខ្ញុំបានប្រកបមុខរបរច្រីនមុខដើម្បីរស់ និងបច្ចុប្បន្នក៏មានមុខការបែបជាមនុស្សចាស់ និងមានការប្រែប្រួលខ្លះៗ ទាំងការគិត និងនិយាយស្តី គឺរបៀបមនុស្សចាស់…. ហេតុដូច្នេះទើបបានជាខ្ញុំចូលរួមជជែកលេងជាមួយលោកស្រុកស្រែ ក៏ដាក់នាមថាមនុស្សចាស់សល់ពីសង្គម អញ្ចឹងទៅ……..។
ខ្ញុំគិតថាចំលើយខ្ញុំអាចធ្វើឲ្យប្រិយ៍មិត្រយល់បានថា ខ្ញុំជាមនុស្សយ៉ាងណា.. គឺថាបើមិនបានយល់ទាំងអស់ទេ ក៏អាចនឹងថាបានច្រើនដែរ…..
គួរពុំគួរសូមមេត្តាអធ្យាស្រ័យផង… អរគុណ!
នៅក្បែរពួកខ្ញុំដែរតើ ! ខ្ញុំមានស្គាល់គេច្រើនណាស់ នៅស្រុកបាកានហ្នឹង ហើយធ្លាប់បានដើរទៅសួរសុខទក្ខខាងហ្នឹងច្រើនដងណាស់ កាល ៧៩ កាលមានរណ្តៅខ្មោចនៅឡើយ ខាងជើងអូចែង ឃើញគេបារខ្មោច រកមាសប្រាក់ ធំក្លិនស្អុយឆ្អាបខ្លាំងណាស់ យប់ឡើឆ្កែចចកលូ ពេញវាល ដូចស្រុកខ្មោចចឹង ! ពួកខាងហ្នឹងភាគច្រើនប្រហែលធ្វើការក្រុងបាត់ដំបង មានចញ្ចឹមមាន់ទា និងធ្វើជាងផ្ទះជាដើម សុទ្ធតែអ្នកគ្រាន់បើហើយ !
មានគ្រួសាខ្លះបានមកនៅភ្នំពេញ ទំនាក់ទំនងជាប់ខ្សែស្រឡាយ ខាងក្រសួង វប្បធម៌ផងដែរ ហើយក៏មិនភ្លេចទេ គេបានមកទាក់ទងខ្ញុំ អោយទៅមើល កូនក្រមុំលោកឯកឧត្តមក្រសួងវប្បធម៌ផងដែរ នាពេលនោះ តែមនុស្សខ្ញុំមិនសូវមានសំណាង ។ល។