បណ្ណសារ ប្រចាំខែ៖ ខែធ្នូ 2011

ខ្មែរ​យើង​​បាន​ចុះ​​​អាប់​អោន​​បីដង នៅក្នុង​​ប្រវត្តិសាស្រ្ត​របស់​​ខ្លួន..!!

សំគាល់៖ នៅក្នុង​ប្រកាស​ បដិវត្តន៍តាត្រសក់ផ្អែម លោកវិចិត្រ មិត្ត​អ្នកអាន​ជា​ទី​គោរពរបស់​ខ្ញុំ គាត់​បាន​សរសេរ​ក្នុង Comment ថា៖ …​ខ្មែរយើង​មិន​ទៅ​ចាំ​បាច់​មើល​អ្វី​ឆ្ងាយ​ជ្រៅ​ក្នុង​អតីតកាល​នោះ​ទេ មើល​តែ​ម្ដុំ​ឆ្នាំ​១៩៥០ មក​ដល់​សព្វ​ថ្ងៃនេះទៅ…  ដោយសារ​តែ​ចំលើយ​របស់​​ខ្ញុំ ​រាងវែង​ឆ្ងាយ​បែកអូរ ហូរ​ជា​ស្ទឹង លេចវាល​ចូលព្រៃ ចេញពី​ដឿង​ហែម​​ចូល​​កាហ្វេ​ហ្វីន… ហេហេ… ម្យ៉ាង​នឹក​ទៅ​ដល់​​អាជើង​ល្អ​នៅ​ WordPress ដែល​នឹង​អាច​បិទ​ Comment ចោល​ដូចប្រកាស​ ចំរៀងទន្សោង​គោព្រៃ ទៀត​..!! ហេតុនេះ ខ្ញុំក៍​សំរេច​ចិត្ត​ថា នឹង​ដាក់​ជាប្រកាស​ដូច​ខាង​ក្រោម​នេះ​តែ​ម្តង​ទៅ… ប្រសិន​បើ​ពួក​គេចង់​​បិទ​​ គឺបិទ​ប្រកាស​ក៍បាន បិទComment ក៍បាន…​ ​ត្រូវអត់ ក្រុមអន្ទឹត WordPress?…

*******************

ពីមុននេះ ខ្ញុំ​ធ្លាប់​​បាន​ដាក់​ប្រកាស​មួយដែល​​មាន​លក្ខណៈ​ជា​ការ​ជជែក​ពិភាក្សា​គ្នា​លេង​នៅ​ប្លុក​ស្រុក​ស្រែ​​ របស់​ខ្ញុំ​នេះ មាន​ចំណង​ជើង​ថា តើចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើង​មានអ្វីខ្លះ? ហើយ​ពេល​នោះ​ មាន​ញាតិ​មិត្ត​យើង​ជា​ច្រើន​នៅ​ទី​នេះ ​បាន​មាន​ប្រសាសន៍​​​ទាក់​ទង​នឹង​ចំណុចខ្សោយ​​របស់​ខ្មែរ​យើង​យ៉ាង​ផុលផុស…។

សំរាប់​ខ្ញុំ​នៅ​តែ​គិតថា ដោយ​សារ​តែ​ខ្មែរ​យើងពីសម័យ​ដើម និង​សម័យបច្ចុប្បន្ន មិនបាន​​សិក្សា​ច្បាស់​លាស់ និង​​មាន​ភាព​ស្រពិចស្រពិល​អំពី​មូល​ហេតុ​​ចម្បងៗ​ដែល​ជា​ចំណុច​ខ្សោយ​​នាំអោយ​ខ្មែរ​យើង​ចុះ​អាប់​អោន​នេះ​ហើយ បាន​ជា​យើង​ងើប​​​ពី​សន្លប់​អត់​រួច​សោះ។ ហេតុនេះ យើង​គួរ​តែ​សង្កេត​មើល​ថយក្រោយ​អោយ​បាន​ឆ្ងាយ​បន្តិច​ទៅ​ ក៍​ជា​ការ​ប្រសើរ​ដែរ។​ តាម​ខ្ញុំ​យល់​ អារ្យធម៌ ឬកិត្យានុភាពខ្មែរ​យើង​​ បានចុះ​អាប់​អោន និង​រលាយ​រលត់​ជា​បន្តបន្ទាប់​ នៅ​ក្នុង​ដំណាក់កាល​​ធំៗ​បីដង ​នៃ​ប្រវត្តិសាស្រ្ត​​របស់​​ជាតិ​យើង​គឺ៖

  • លើក​ទី​មួយ​​​ គឺក្រោយពេល​បដិវត្តន៍​ប្តូរ​សាសនា​ពី​​ព្រហ្មញ្ញ ទៅ​ព្រះពុទ្ធ ​របស់​តាជ័យ ឬតាត្រសក់ផ្អែម (១២៩០?) ​​ដើម្បី​បិទ​បញ្ចប់​ពូជ វរ្ម័ន ក្នុង​មហាក្សត្រ​ខ្មែរ។ ផលវិបាក​នេះ​ គឺ​បាន​ធ្វើ​អោយ​ខ្មែរយើង​លែង​នៅ​ជា​អាណាចក្រ​ទៀត​ហើយ ព្រោះ​​រដ្ឋ​ជា​ចំណុះ​ជិត​ខាងទាំងឡាយ បាន​របូត​ចេញ​​អស់​ពី​ក្នុង​ដៃ​​អាណាចក្រ​ខ្មែរ​ ហើយ​រដ្ឋ​ទទួលបាន​ឯករាជ្យ​ថ្មីៗ​ទាំង​នោះ បាន​ហក់​​មក​សង្រ្គប់​អាណាចក្រ​ខ្មែរ​វិញ​ រហូត​​ដល់​​ថ្នាក់​ រត់​​ចោល​រាជធានី​​អង្គរ​តែ​ម្តង​(១៣៨៨?)។
  • លើកទីពីរ គឺក្រោយ​ពេល​សៀម​វាយ​បែក​បន្ទាយ​លង្វែក​​នៅ​ឆ្នាំ១៥៩៣។ ផលវិបាកនេះ ​បាន​ធ្វើ​អោយ​ខ្មែរ​បាត់បង់​​នូវគម្ពីរ​ក្បួនខ្នាត​ទាំងអស់ ​ដែល​បន្សល់​ទុក​តាំងពីរើវាំង​​ចេញ​ពី​ក្រុង​​អង្គរ​មក… គឺហាក់​ដូច​ជា​សៀម បាន​ដក​យក​ព្រលឹង ឬ​ដួងកែវ​ចេញ​ពី​​ក្នុង​ខ្លួន​ខ្មែរ​​ទៅ​​បាត់​អស់​​អីចឹង… នេះ​មិន​និយាយ​ដល់​ការ​បាត់​បង់​ធនធាន​មនុស្ស​ដែល​សៀម​បាន​កៀរ​យក​ទៅ​ស្រុក​គេ​អស់ ៩ម៉ឺននាក់​ផងទេ។ ផល​វិបាក​លើក​​នេះ បាន​ធ្វើអោយ​ខ្មែរ​លែង​ទៅ​ជា​រដ្ឋ​ឯករាជ្យ​ទៀតហើយ ដោយ​​នៅ​ក្នុង​រាជវាំង​ខ្មែរ ម្តង​គ្រប់​គ្រង​ដោយ​ខ្លា​ទិស​ខាង​លិច ម្តងគ្រប់​គ្រង​ដោយក្រពើ​ទិស​​ខាង​កើត​… កាលណោះ​ ប្រសិន​បើ​ខ្លា និង​ក្រពើ​ ចេះ​និយាយ​ស្រុះស្រួល​​ក្នុង​ការ​បែងចែក​​​គ្នា​​តាមដំណើរ… លើៗ ក្រោមៗ ឬ​មួយចំហៀង​ម្នាក់​វិញ… ម៉្លេះសមខ្មែរ​​យើង​ ប្រហែល​ជា​អាលីងឆិញ​អត់ខុស​ពី​ចាម្ប៉ា​សោះ..!! តែនេះ​ហេង​ហើយ​ដែល​ខ្លា និង​ក្រពើ​​​ ម្នាក់ៗ​​លោភលន់​​ ចង់​ស៊ីដាច់​តែ​ម្នាក់​​​ឯង​រៀងៗខ្លួន ទើប​បាន​​យើង​ មាន​វាសនា​​​មាន​ឈ្មោះ​ក្នុង​ផែនទី​ពិភពលោក​នឹង​គេ​រហូត​ដល់​សព្វថ្ងៃ​នេះ…។
  • លើកទីបី គឺក្រោយពេល​ ប៉ុលពត វាយ​បែក​ទីក្រុង​ភ្នំពេញ​ក្នុង​ខែ​មេសា ឆ្នាំ១៩៧៥។ ​លើក​​នេះ គឺ​ជា​ស្នាដៃ​ខ្មែរ កំទេច​​អ្វីៗ​ទាំងអស់​ដែល​ជា​របស់​ខ្មែរ​ខ្លួន​ឯង ​អោយ​ទៅ​ជា​ផេះ… ​​​ក្នុង​នោះ​ បានបង្ក​នូវ​ឧក្រឹដ្ឋកម្ម​​សំលាប់​ខ្មែរ​គ្នាឯង​​អស់​ជិត​ពីរលាននាក់​ថែមទៀត​។ គឺផលវិបាក​លើក​ទីបី​​នេះ​ហើយ​​ ​ដែល​ជា​មូល​ហេតុ​ធ្វើ​អោយជាតិ​​សាសន៍​ខ្មែរ​យើង ប៉ើងខ្ទាត​​ទៅ​នៅ​តាម​ទ្វី​ប​​​នានា​ក្នុង​ពិភពលោក​ក្នុង​នាម​ជន​ភៀស​ខ្លួន​ រហូត​ដល់​សព្វ​ថ្ងៃនេះ។ ចំណុច​នេះ​ នឹង​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្មែរថា ​តើ​មូល​ហេតុ​អ្វី​បាន​ជា​ជនជាតិ​ខ្មែរ​យើងរាប់​សែននាក់ បាន​ធ្វើ​ចំណាក​ស្រុក ឬ​ធ្វើ​អន្តោប្រវេសន៍​ទៅ​នៅ​តាម​ទ្វីប​នានា​ ដូចជា​​អាមេរិក អឺរ៉ុប និង​​អូស្រ្តាលី… ជា​ដើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០?

ការចុះ​អាប់​អោន និង​រលាយ​រលត់​ជា​បន្តបន្ទាប់​នៃ​អារ្យធម៌​ និង​មោទនភាព​ជាតិ​​​ខ្មែរ​យើង​នេះ គឺ​ដោយ​សារ​តែ​យើង​មាន​ចំណុច​ខ្សោយ​​កែ​មិន​ឡើង​សោះ…។ ចំណុច​ខ្សោយ​​នោះ តាមខ្ញុំយល់ ​គឺបណ្តាល​មក​ពីមូលហេតុ​តែ​មួយ​គត់គឺ​ ការបែក​បាក់​សាមគ្គី​គ្នា​​​ នៃ​អ្នក​ដឹក​នាំ​ខ្មែរ… ព្រោះ​រឿង​នេះ មិន​អាច​បន្ទោស​​​ទៅ​លើ​រាស្រ្ត​តូចតាច​បាន​ទេ។ ​បើគិត​ថែម​បន្តិច​ទៀត​ទៅ… ​តើអ្វី​​ទៅ​ដែល​នាំ​អោយ​​អ្នក​ដឹក​នាំ​ខ្មែរ​​មិន​អាច​រួបរួម​សាមគ្គី​គ្នា​​​ និង​អត់​អោន​អោយ​គ្នា​ទៅវិញ​ទៅមក​បាន​? ចំឡើយ​គឺ ​បណ្តាល​មក​ពី​ការ លោភលន់​​ចង់បាន…។ គិត​លេងៗ​​បន្តទៀត… តើ​អ្វី​ទៅ​​ដែល​អ្នក​ដឹក​នាំ​​ខ្មែរ​​​​​និយមចូល​ចិត្ត លោភលន់​ចង់​បាន​នោះ? ចំឡើយគឺ​ អំណាច ​បុណ្យ​សក្តិ លាភ​សក្ការៈ..!!

…គឺចំឡើយ​ចុង​ក្រោយ​នេះ​ហើយ ដែល​​ជា​ឳកាស​មាស​​ សំរាប់​អោយ​​​ខ្លា និង​ក្រពើ​ នាំគ្នា​​កាត់​តំរឹម​យក​អស់​ម្តង​បន្តិចៗ តាំងពីដី​នៅលាត​សន្ធឹង​​​​ជា​​អាណាចក្រ​ រហូត​​ដល់​នៅ​​សល់​តែ ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា ត្រឹម​អត់លើស​ អត់ខ្វះ​​មួយមីល្លីម៉ែត្រ..!! ហេតុនេះ​ យកល្អ​ គឺ​យើងមិន​​គួរ​តូចចិត្ត​ តូចថ្លើម​នឹង​​អ្នក​ដទៃ​អី​ទេ… បើ​ចង់បន្ទោស គួរបន្ទោស​​ខ្លួន​ឯង​វិញ​ទៅ​​ ​បានឡូយ​..!!

ស្រុកស្រែ

ព្រះបាទ​ កោណ្ឌញ្ញជ័យវរ្ម័ន ឧត្តមសេនីយ៍​នៃទក្សិណ​សន្តិភាព​​​…

តាមឯកសារ​រឿងព្រេង និង​រឿង​និទាន​ជា​ច្រើន​បាន​អះអាង​ថា ព្រាហ្មណ៍​ត្រកូល កោណ្ឌញ្ញៈ បាន​ធ្វើ​ដំណើរចេញ​​ពី​ប្រទេសឥណ្ឌា មក​សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ព្រះនាម​ថា កោណ្ឌញ្ញជ័យវរ្ម័ន…។

ប៉ុន្តែ​បើ​ តាម​សិលាចារិក​ និង​ឯកសារ​ប្រវត្តិសាស្រ្ត​ចិន​ ​បាន​បញ្ជាក់​ច្បាស់​លាស់​ជាង​​ថា វាហាក់​ដូចជា​មាន​ការ​លុកលុយ​របស់​ពួក​ហិណ្ឌូ ប្រហែល​ជា​នៅ​ពាក់​កណ្តាល​សតវត្សរ៍​​ទី៥ នៃ​គ្រឹស្តសករាជ។ ពួកនេះ​ចេញ​មក​ពី​ឥណ្ឌាភាគ​ខាង​ត្បូង គឺ​ចេញ​ពី​តំបន់​ដេកង់ ធ្វើដំណើរ​កាត់​រាជាណាចក្រ​ប៉ានប៉ាន នៅ​ខាង​ជើង​ទៀបកោះ​ម៉ាឡាកា មកកាន់​កម្ពុជា។ មេកោយ​របស់​ពួក​នោះ​ឈ្មោះ កោណ្ឌញ្ញៈ បាន​ត្រូវ​ប្រកាស​លើក​ជា​ស្តេច​តាំងតែ​ពី​ពេល​មក​ដល់​ភ្លាម ​ រួចហើយ​បាន​ប្រកាន់​យកឋានៈ​ជាភាសា​សំស្រ្កឹតថា វរ្ម័ន មានន័យ​ថា អ្នកការពារ ដូចដែល​ស្តេច​នៃ​នគរបល្លវៈ នៅឥណ្ឌាដែរ។

រាជធានី ​របស់​ព្រះបាទកោណ្ឌញ្ញៈ នៅ​ហ្វូណន​នា​ពេល​នោះ​មាន​ឈ្មោះថា អនិន្ទត្តបុរៈ ដែល​គេ​មិន​ទាន់​កំណត់​រកឃើញ​ទីតាំង​ពិត​ប្រាកដ​បាន​នៅឡើយ។ តាម​កំណត់​ត្រា​របស់​ពួក​ចិន បាន​​ហៅ​រាជធានី​នេះ​ថា តូមូ ដែល​ក្រោយ​មក​ គឺជា​រាជធានី វយធបុរៈ គឺស្រុក​ព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃ។ មាន​អ្នក​ប្រវត្តិសាស្រ្ត​ជា​ច្រើន​ តែង​តែ​យល់​ច្រឡំថា ព្រះបាទកោណ្ឌញ្ញៈ និង​ព្រះបាទហ៊ុនទៀន គឺ​តែ​មួយដែល​តាម​ការពិត អ្នក​ទាំង​​ពីរ​​រស់​នៅ​ចន្លោះ​ពី​គ្នា​​ប្រហែល​ ៤សតវត្សរ៍​យ៉ាងតិច។

ព្រះបាទកោណ្ឌញ្ញៈ គឺជា​អធិរាជដ៏​មាន​អំណាច មានស្តេច​ចំណុះ​ជា​ច្រើន ហើយ​សិលាចារឹក​ព្រះឥន្ទកោសីយ៍ ដែល​គេ​ចារុ៍ ៤សតវត្សរ៍​ក្រោយមក​បានរៀបរាប់ថា៖ ក្រចកព្រះបាទ​របស់​ព្រះអង្គ​ទៅ​ជា​រលោង​ភ្លឺចិញ្ចាច អាស្រ័យ​​ដោយ​ប៉ះ​នឹង​ម្កុដ​ដាំពេជ្រ​របស់​ស្តេចចំណុះ​ទាំងឡាយនៅ​លើ​លោក​នេះ ដែល​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះអង្គ។ ព្រះអង្គ​ប្រៀបបាន​នឹង​ព្រះអាទិត្យទើប​នឹង​រះ ឬព្រះ​ច័ន្ទ​ពេញវង់ ដែល​ល្អ​លើស​ផ្កាឈូក​នៃ​ពូជជួរ​ទាំងឡាយ។ ព្រះអង្គ​ជាព្រះច័ន្ទ​នៃ​ត្រកូល កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌។ ជោគជ័យ​របស់​ព្រះអង្គ​មាន​ពន្លឺ​ចាំង​ដូច​ជា​ស្វេតច្ឆត្រ ហើយ​រាជធានី​មាន​ពន្លឺ ភ្លឺ​ចិញ្ចាច ដោយ​ស្នា​ព្រះហស្ត​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ…។

ឯកសារ​ប្រវត្តិសាស្រ្តចិន​ បាន​ហៅ​ព្រះអង្គថា កាវឆេនយូ គឺ កោណ្ឌញ្ញៈ តាមត្រកូល​របស់​ព្រះអង្គ ឬក៍​ហៅថា ចូយេប៉ាម៉ូ គឺ ជ័យវរ្ម័ន តាមព្រះនាម​របស់​ព្រះអង្គ​ពេល​គ្រង​រាជ្យ ហើយ​បាន​កំណត់​រជ្ជកាល​របស់​ព្រះអង្គ​ចាប់​ពី​ចុង​សតវត្សរ៍​ទី៥ ដល់​ដើម​សតវត្សរ៍​ទី៦ ពីព្រោះ​ព្រះអង្គ​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ស្តេចក្រុង​ចិន​ ២ដង គឺ​ម្តង​ក្នុង​ឆ្នាំ៤៨៣ និងម្តង​ទៀត​នៅ​ឆ្នាំ៥០៣ នៃគ្រឹស្តសករាជ។ ប្រទេស​ចិន​តែង​តែ​ចាត់ទុក​ប្រទេស​ជិត​ខាង​ ទោះ​ជា​នៅ​ឆ្ងាយ​បន្តិច​ក៍​ដោយ ថាជា​នគរ​ចំណុះដែរ។

ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន បានធ្វើ​សង្រ្គាម​ជា​មួយ​ប្រទេស​ចាម​ នៅរវាង​ឆ្នាំ៤៨៤ នៃគ្រឹស្តសករាជ។ អគ្គរាជទូត​ដែល​ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន បានបញ្ជូន​អោយ​​ទៅគាល់​ស្តេច​ក្រុងចិន​ដើម្បី​សុំជំនួយ​ធ្ចើ​សង្រ្គាម​ គឺ​ជា​ពុទ្ធសាសនិកជន​ម្នាក់​មាន​ឈ្មោះ​ថា សក្យនាគសេន រីឯ​រាជសារ​ដែល​ផ្ញើ​ទៅ​នោះ​ជា​លិខិត​សាមញ្ញ បង្ហាញ​ពី​ជីវិត​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​នូវ​ជំនួយ​ជា​ចាំបាច់។ ព្រះរាជសារ​នោះ​​ បាន​បង្ហាញ​អោយ​ដឹង​ពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ប្រទេស​ចាម្ប៉ា គឺ​ព្រះរាជា​ចាម​ពេល​នោះ​ជា​ស្តេច​ជ្រែករាជ្យ​ដែល​មាន​កំណើត​ជា​ខ្មែរ។ ពួកចាម​ក្រោម​រជ្ជកាល​នៃ​ស្តេច​ជ្រែករាជ្យ​នេះ ធ្លាប់​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​ដង្ហែរ​រាជទូត ​សក្យនាគសេន ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​លើក​ទី១ ដោយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ស្តេច​ក្រុង​ចិន​ ផ្ញើថ្វាយ​ស្តេច​នគរ​ហ្វូណន។

ព្រះបាទកោណ្ឌញ្ញៈ បាន​បញ្ជូន​រាជទូត​ទៅ​រាយការណ៍​ថ្វាយ​ស្តេច​ក្រុង​ចិន​ ដោយ​ទូល​ថា បើព្រះអង្គម្ចាស់​ ទ្រង់​ចង់ចាត់តាំង​ព្រះរាជាថ្មី​អោយ​សោយរាជ្យ​នៅ​នគរ​ចាម្ប៉ា​នោះ ទូលព្រះបង្គុំ​ជា​ខ្ញុំ​ទទួល​ព្រះរាជបញ្ជា​ដោយ​គោរព…។ រាជសារ​បានបញ្ចប់​ដោយ​ស្នើ​សុំ​​អោយ​មាន​ការ​ចាត់​បញ្ជូន​ទ័ព​មួយ​កង​តាម​ហែរ​ហម​ស្តេច​ហ្វូណន​គ្រប់​ទិសទី ដើម្បី​ដាក់​ទោស​ពួក​ក្បត់ និង​ជួយ​សង្រ្គោះ​អ្នក​ស្លូត​ត្រង់។

តាមមើល​ទៅ ស្តេចចិន​ប្រហែល​ជា​បាន​បញ្ជូន​ទ័ព​តាម​ការ​ស្នើសុំ​មែន ហើយ​នៅ​ពេល​ដែល​នគរ​ចាម្ប៉ា​បាន​ត្រូវ​បង្រ្កាប​អោយ​មាន​សន្តិភាព​​រួច​មក ​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន ក៍​ត្រូវ​បាន​ស្តេច​ស្រុកចិន​ ដាក់​ព្រះឋានៈ​អោយ​ជា ឧត្តមសេនីយ៍នៃទក្សិណ​សន្តិភាព ជា​ព្រះរាជា​​នៃ​នគរហ្វូណន ។ ព្រះអង្គ​បាន​សោយទីវង្គត​នៅ​ឆ្នាំ៥១៤ នៃគ្រឹស្តសករាជ…៕

(សង្ខេប ដកស្រង់​​ចេញ​ពី​សៀវភៅ ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា និពន្ធដោយ​លោក​អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះពុម្ពផ្សាយ​​នៅបារីស ឆ្នាំ១៩១៤)

តើឈ្មោះ វរ្ម័ន ជាពូជចាម(ជ្វា) ឬ?

សំគាល់៖ ក្រោយខ្ញុំ​ដាក់​ប្រកាស បដិវត្តន៍​តាត្រសក់​ផ្អែម រួចមក ដួងចាន់ មិត្ត​អ្នក​អាន​ជាទី​គោរពរបស់​ខ្ញុំ​ (sic!) បាន​សួរ​មក​​ខ្ញុំ​នៅ​ក្នុង Comment ​ថា៖ ឯកសារខ្លះគេថា អោយ​តែមាន​ឈ្មោះ​ វរ្ម័ន​ គឺជាពូជ​ចាម(ជ្វា) តើត្រូវអត់?… ខ្ញុំបាន​​ពិនិត្យ​មើល​ឯកសារ​របស់​លោក អាដេម៉ារ ឡឺក្លែរ ឡើងវិញ​ ប្រៀបដូច​ជា​ការបើ់ក​គម្ពីរចាក់​ ដើម្បី​ឆ្លើយតប​​ទៅ​គាត់​​វិញ​… តែ​ដោយ​​ចំលើយ​នេះ​​រាង​វែង​ឆ្ងាយ​បន្តិច ខ្ញុំ​ក៍​សំរេច​ថា នឹង​ដាក់​ជា​ប្រកាស​តែ​ម្តង​ទៅ ដើម្បី​ងាយ​ស្រួល​អានជាង។ ខាង​ក្រោម​នេះ គឺ​ជា​ចំលើយ​ដែល​ទាក់​ទង​ទៅ​នឹង​សំណួរ​របស់​ ដួងចាន់…

******************​ ​

​ឯកសារចិនដែល​សរសេរ​នៅ​សតវត្សរ៍​ទី៣ នៃ​គ្រឹស្តសករាជ (ក៍ប៉ុន្តែ​រឿង​ហេតុ ប្រហែល​ជា​អាច​​មាន​ឫសគល់​​តាំង​ពី​មួយរយ ឬពីររយ​ឆ្នាំ​មុន) ​បាន​រក្សា​ទុក​នូវ​រឿង​រ៉ាវ​ដ៏​សំខាន់​មួយ​ ដែល​អាច​ជា​ការ​ចងចាំ​សេសសល់​ពី​ការ​ឈ្លាន​ពាន​លើក​ទី​១​ របស់​ពួក​ម៉ាឡេ​ មកលើ​កម្ពុជានៅ​ត្រង់​ម្តុំ​ចូវដុក (ខេត្តមាត់ជ្រូក) ពី​ព្រោះ​ថា មាត់ពាម​ទន្លេ​មេគង្គ​កាល​ពី​ពេល​នោះ ប្រហែល​ជា​នៅ​ខ្ពស់​ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សាងសង់​លំនៅ​ស្ថាន​បាន​ នៅ​កាន់​តែ​ឆ្ងាយ​ជាង​នេះ​ទៅ​ខាងជើង។ ឯកសារ​ចិន​បាន​បញ្ជាក់​ថា កាលណោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្សត្រី​មួយអង្គ​ព្រះនាម លីវយី (អ្នកខ្លះថាឈ្មោះ ដៀបលីយើ) ប្រែថា ស្លឹកស្រូល…។ ក្រោយមក​មាន​បុរស​ម្នាក់​ឈ្មោះ ហួនហ្វ៊ី ឬ ហ៊ុនទៀន ដែល​គោរព​បូជា​ព្រហ្មញ្ញ​សាសនា​ ធ្វើដំណើរ​មក​ពី​ទិស​ទក្សិណ គឺ​ចេញ​ពី​សមុទ្រ​ខាង​ត្បូង (លោក​ពែលីយ៉ូ បាន​រកឃើញ​ឯកសារ​ដែល​និយាយ​ថា ព្រាហ្មណ៍ ហ៊ុនទៀន នោះ​មក​ពី​ វូវែម ឬ គី និង​រាជាណាចក្រ​គាវ ដោយ​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ កាត់​តាម​សឹង្ហបុរី)​ បាន​ចូល​មក​ចត​សំពៅនៅនឹង​រាជធានី ​ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ព្រះនាង​លីវយី។ ក្រោយ​ពី​បាន​រៀបចំ​ស្រុក​ទេស​អោយ​មាន​សន្តិភាព​​រួច ព្រាហ្មណ៍នោះ​ក៍​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះ​នាង​លីវយី រួចហើយ​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន ដែល​អ្នក​ស្រុក​ដើម​ហៅ​ថា គោកធ្លក…។ ហេតុនេះ ព្រះនាង លីវយី គឺអាច​ចាត់​ទុកថា ជាស្តេចសោយរាជ្យ​ដំបូង​គេ​នៅ​នគរ​គោកធ្លក។ ឯព្រះរាជា​ទី២ គឺ​ព្រះបាទ ហ៊ុនទៀន ដែល​ជា​ជន​បរទេស​បាន​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ លីវយី គឺ​អាច​ជា​ ម៉ាឡេ ឬ ជ្វា ព្រោះថា គឺ​ជាជន​បរទេស​ដែល​​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​នៅ​ពេល​នោះ​គឺ កោះជ្វា ឬកោះ​ស៊ូម៉ាត្រា…។

ព្រះបាទហ៊ុនទៀន បាន​គ្រង​រាជ​រហូត​ដល់​ព្រះជន្ម ៩០ព្រះវស្សា​ទើបសោយទីវង្គត​ទៅ ហើយ​ព្រះរាជបុត្រ​ទី២​ របស់​ព្រះអង្គ​ព្រះនាម ផាន់ផាន់ ​ត្រូវ​បាន​ជ្រើស​រើស​អោយ​សោយ​រាជ​បន្ត។ ពាក្យ ផាន់ផាន់ នេះ​ចិនហៅថា ហ្វាន ឯអណ្ណាម​ហៅថា ផាន គេ​ប្រើសំគាល់​ឋានៈព្រះរាជា​ ប្រៀបបាន​នឹង​ពាក្យ​ស្រី ឬព្រះ​ ដែលគេ​តែង​តែ​ប្រើ​នៅ​កម្ពុជាដែរ​ ហើយ​ប្រហែល​ជា​ពាក្យ​នេះ  ជាការ​អាន​ពាក្យ វរ្ម័ន មិន​ច្បាស់​​ក៍​អាច​ថាបាន។

តាម​ឯកសារ​ចិន​ដដែល​បាន​បញ្ជាក់​ថា ក្នុង​កំឡុង​ពេល​​សោយ​រាជ ស្តេចផាន់ផាន់ ​​បាន​ប្រគល់កិច្ចការ​ប្រទេស​ជាតិ​ទៅ​មេទ័ព​ព្រះអង្គ​ម្នាក់​ឈ្មោះ ហ្វាន់ចេម៉ាន់ ឬហ្វាន់ម៉ាន់​ កាន់កាប់ជំនួស។ ក្រោយ​មក​បីឆ្នាំ ពេល​ដែល​ស្តេច​ផាន់ផាន់ សោយ​ទីវង្គត​ទៅ ពួក​សេនាមន្រ្តី​ក៍បាន​លើក​មេទ័ព​ហ្វាន់ម៉ាន់ អោយ​ឡើង​សោយរាជ្យ​បន្ត។ ព្រះបាទ​ហ្វាន់ម៉ាន់ នេះ​​អង់អាច​ក្លាហានណាស់ និង​មាន​សមត្ថភាពធ្វើសឹកសង្រ្គាម​ វាយ​បង្រ្កាប​ប្រទេស​ទាំងឡាយ​​លើស​ពី​១០ ជាចំណុះ ក្នុង​នោះ​មួយ​ចំនួនធំ​ស្ថិត​នៅ​ក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅថា ម៉ាឡាកា។

រាជធានី​របស់​ព្រះបាទ​ហ្វាន់ម៉ាន់ មានឈ្មោះហៅ​ និង​សរសេរ​តាម​ភាសា​ចិន​ថា តូមូ នៅចំងាយ​ប្រមាណ ១៨០គីឡូម៉ែត្រ​ពី​មាត់​ពាម​​នៃ​ទន្លេ​មេគង្គ ​និង​មាត់​ច្រាំង​​​នៃ​ទន្លេ​ដ៏ធំមួយ​ ដែល​នាវា​សមុទ្រ​អាច​ចូល​ចត​បាន​យ៉ាង​ងាយ​ស្រួល។ ឈ្មោះ​ តូមូ ប្រហែល​ជា​ឈ្មោះ​ពិត​ប្រាកដ​គឺ​ តូម៉ូហ៊ូ ដែល​ជា​ឈ្មោះ​តាម​ភាសា​ម៉ាឡេ​នៃ​ទី​ក្រុង​មួយ​នៅ​កោះ​ជ្វា។

ព្រះបាទហ្វាន់ម៉ាន់ បានប្រឈួន​(ឈឺ) នៅ​ពេល​កំពុង​ធ្វើ​សង្រ្គាម ហើយ​បាន​តែងតាំង​រាជបុត្រ​ច្បង​ព្រះនាម គិនចេង បញ្ជាកងទ័ព​ជំនួស​ព្រះអង្គ ព្រមទាំងបាន​​ទុក​ព្រះភាគិនេយ្យ (ក្មួយប្រុស​ខាងប្រពន្ធ) ព្រះនាមចាន់ អោយ​កាន់​ទ័ព ២០០០នាក់ នៅការពារ​ព្រះអង្គ។ ឆ្លៀតឳកាស​ដែល​ព្រះបាទហ្វាន់ម៉ាន់​ កំពុងប្រឈួនស្រាប់ ព្រះភាគិនេយ្យ​ចាន់ បាន​ប្រកាស​ថា​ខ្លួន​ជា ហ្វាន់ចាន់ គឺ​ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន រួចបាន​ចាត់​​អោយ​គេ​ធ្វើឃាត​រជ្ជទាយាទ គិនចេង ដើម្បី​កុំអោយ​មក​ដណ្តើមរាជ្យ​​ពី​ព្រះអង្គ​វិញ ប្រហែល​ជា​នៅ​ឆ្នាំ២៣០ នៃ​គ្រឹស្តសករាជ។

តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ ព្រោះ​មក​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី៣ ហើយ បច្ឆាញាតិ​របស់​ព្រះនាងលីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​​គ្រប់គ្រង​រាជសម្បត្តិ​អស់​រយៈ​កាល​ ២សតវត្សរ៍។

ប្រសិនបើ​កាន់​តាម​ប្រពៃណីខ្មែរ ដែលលើក​ឡើងថា មានស្តេចចាម​ ៦អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ដែល​មាន​ព្រះនាម យូយូវរ្ម័នទិ, សុរិយាវរ្ម័នទិ, ទរនិន្ទ្រាវរ្ម័នទិ, អាទិត្យវរ្ម័នទិ និង អស្សកៃ ជាការពិតនោះ​ មានន័យថា ព្រះរាជាទាំងអស់​នោះ​ជា​បច្ឆាញាតិ​របស់​ព្រះនាងលីវយី និងជ្វា ហ៊ុនទៀន ទាំងអស់…

ដោយពិតទៅ ជ្វា ហ៊ុនទៀន ​មិន​មែន​ជា​ចាម​ទេ ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ពួក​ចាម​នៅ​ឡើយទេ។​ តែមាន​អំបូរជន​មួយ ដែល​ក្រោយ​ពីបាន​ដេញ​ចេញ​ពី​កម្ពុជាទៅ បាន​គេច​ទៅ​នៅ​ចំប៉ាសាក់​ខាង​ជើង​កម្ពុជា ឬ​ទៅនៅ​ខាង​កើត​ត្រង់​ដែល​ចិន​សព្វថ្ងៃ​​ហៅថា លីនយី ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​ចាម្ប៉ា​ នេះឯង៕

 

បដិវត្តន៍តាត្រសក់ផ្អែម…

*** ខាងក្រោមនេះ គឺ​ជាអត្ថបទដកស្រង់​ដោយ​សង្ខេប​ចេញ​​ពី​សៀវភៅ​ប្រវត្តិសាស្រ្ត​​ប្រទេស​​កម្ពុជា និពន្ធ​ដោយ​​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះ​ពុម្ព​ផ្សាយ​​​នៅបារីស ឆ្នាំ១៩១៤ ។

********************

តាត្រសក់ផ្អែម​ មាន​ឈ្មោះពិត​ថា តាជ័យ ដែល​តាម​ឯកសារ​ពង្សាវតារ​មួយ​​បាន​បញ្ជាក់​ថា មាន​កំណើត​ដើម​ជា​ជនជាតិសំរ៉ែ ។ តាម​រឿង​និទាន​ក្នុង​ពង្សវតារ​បាន​ដំណាល​​ថា ដោយសារ​តែ​គាត់​មាន​ជំនាញ​ខាង​​ដាំត្រសក់​ផ្អែម ទើបព្រះរាជា​​​សម័យ​នោះ​​ព្រះនាម​ សីហនុរាជ ទ្រង់​សព្វព្រះទ័យណាស់ ព្រមទាំង​បាន​ប្រទានលំពែង​មួយ​ទុកសំរាប់​យាម​ចំការ​ និងមាន​សិទ្ធិ​​សំលាប់​នរណា​​ក៍បាន អោយ​តែ​​ហ៊ាន​ចូល​មក​ក្នុង​ចំការ​ ​លួច​បេះ​ផ្លែ​ត្រសក់…។

ដោយ​ចង់ដឹង​ថា តើ​តាជ័យ​ ឬតា​ត្រសក់​ផ្អែម ​យាមថែចំការ​ឬអត់? ពេល​យប់មួយ​ ព្រះរាជា​សីហនុរាជ ​ទ្រង់​បាន​លប​ចូល​ទៅ​ក្នុង​ចំការ​ត្រសក់ ដោយ​មាន​តែ​មហាតលិត​ពីររូប​តាម​ហែរហម​ប៉ុណ្ណោះ​ (តាមការ​និទាន​ផ្ទាល់មាត់​ មហាតលិត​ទាំងពីរនោះ​ជា​នារី)។ ហើយ​នៅ​ពេល​ដែល​​តាត្រសក់​ផ្អែម​ដឹងទាន់ ស្មានតែ​ចោរ​ចូល​លួច​ត្រសក់ ក៍ចោល​លំពែង​ដែល​ព្រះរាជា​ប្រគល់​អោយ​នោះ ទៅ​ត្រូវ​ព្រះរាជា​សុគតទៅ…​(តាមការនិទាន​ផ្ទាល់​មាត់​​ដដែល​បាន​អោយ​ដឹង​ថា អដ្ឋិធាតុ​ព្រះរាជា​សីហនុរាជ ​ត្រូវបាន​ព្រះរាជបុត្រី​ព្រះនាម បទុម យក​ទៅ​តំកល់​ទុក​នៅ​ក្នុង​ប្រាសាទ​ប្រែរូប ឬព្រះរូប សព្វថ្ងៃ)។  ​​​

ពេលនោះ​នាម៉ឺន​សព្វមុខមន្រ្តី បានប្រជុំគ្នា​រិះរក​មនុស្សម្នាក់​អោយ​ឡើង​សោយរាជ្យ​ ដើម្បី​កុំអោយ​រាជបល្ល័ង្កទំនេរ ហើយ​ដោយ​មិន​ដឹង​ជ្រើស​រើស​នរណា ក៍​សំរេច​លើក​តាជ័យ ឬ​តាត្រសក់​ផ្អែម​អោយ​សោយរាជ្យ​តែម្តង។ ពេលឡើង​សោយរាជ្យ តាជ័យ​ត្រូវ​បាន​ថ្វាយ​ព្រះ​នាម​ថា ព្រះបាទ​សម្តេច​ព្រះបរម​មហាបពិត្រ​ធម្មិកមហា​រាជាធិរាជ និង​បាន​រៀប​អភិសេក​ជា​មួយ​​ព្រះរាជ​បុត្រី ច័ន្ទវរាវតី ជា​ព្រះអគ្គមហេសី​ មាន​ព្រះនាម​ថា ស្រីច័ន្ទរាជ ដែល​ក្រោយ​មក​មានព្រះរាជបុត្រ​ពីរអង្គ គឺព្រះបរម​និព្វានបទ និងព្រះ​សិទ្ធានរាជា។ ព្រះអង្គ (តាជ័យ) ទ្រង់​សោយរាជ្យ​បាន ១៧ឆ្នាំ ទើបសុគត​ទៅក្នុង​ព្រះជន្ម ៧០ព្រះ​វស្សា ក្នុង​ឆ្នាំ១៣៤០។ ហើយ​ព្រះរាជបុត្រា​ច្បង​​ ក៍សោយរាជ្យបន្ត​ពី​ព្រះបិតា​បាន​ ៦ឆ្នាំ ក៍សុគត​ទៀត​ទៅ និងត្រូវ​បាន​ព្រះអនុជ សិទ្ធានរាជា សោយរាជ្យ​បន្ត​នៅឆ្នាំ១៣៤៧ ដែល​តាម​ពិត​ ដំណែង​សោយរាជ្យ​នេះ គួរតែ​ត្រូវ​ធ្លាក់​មក​លើ​រាជបុត្រ​​ពីរអង្គ​របស់​​ព្រះបរមនិព្វានបទ ក៍ដោយ។

បដិវត្តន៍បង្ហូរឈាមបានបញ្ចប់​ពូជ វរ្ម័ន និង​បាន​ប្តូរ​សាសនា

រឿងនិទាន​តាត្រសក់​ផ្អែម​នេះ​ បើទោះបីជា​ចំលងយកចេញ​ពី​រឿងនិទានភូមា ឬ​រឿងនិទាន​ឥណ្ឌា​ដែល​មាន​វ័យ​ចំណាស់​ជាង​ មកធ្វើ​ជា​រឿង​ខ្មែរ​ក៍ដោយ ក៍រឿង​នេះ​មាន​បង្កប់​នូវ​ព្រឹត្តិការណ៍​អាថ៌កំបាំង​មួយ​នៅ​រវាង​ឆ្នាំ១៣២០ ឬ១៣២៥ ដែល​មាន​ព្រះរាជា​​មួយអង្គ​ត្រូវ​បាន​គេ​លួច​​ធ្វើ​ឃាត។

គេ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា នៅក្នុង​អំពើឃាតកម្ម​ទៅ​លើ​ព្រះរាជា​នេះ គឺ​បាន​ប្រព្រឹត្តិទៅ​នៅ​ក្នុង​ចំការ​ដំណាំ​តែ​ម្តង ​ដោយ​ឃាតករ ​អាចជាក្រុម​ដាំដំណាំ ឬជា​ក្រុម​​មន្រ្តី​ទ័ព​ជំនិត​ៗ​បំផុត​របស់​ព្រះរាជា និងមាន​ដើម​កំណើត​ជា​ជនជាតិ​ភាគតិចសំរ៉ែ។ ព្រឹត្តិការណ៍​នេះ​​អាច​ចាត់​ទុក​ថា ជារដ្ឋប្រហារ ឬ​ជា​បដិវត្តន៍​បង្ហូរឈាម​មួយ​ដើម្បី​បិទ​បញ្ចប់​ពួជ វរ្ម័ន នៅ​ក្នុង​រាជវង្ស​ក្សត្រ​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ននេះ។ ​មាន​ចំងល់​​ជា​ច្រើន​បាន​ចោទ​សួរ​ថា ក្រោយ​ពេល​ដែល​ព្រះរាជា​សោយទីវង្គតទៅ ហេតុអ្វី​បាន​ជា​ក្រុម​នាម៉ឺន​សព្វមុខ​មន្រ្តី​មិន​ជ្រើស​រើស​​រាជវង្ស​ក្សត្រ​អោយ​​ឡើង​សោយ​រាជ្យ​បន្ត? តែ​ហេតុអ្វីបែរ​ជា​ជ្រើស​រើស​ប្រជារាស្រ្ត និង​ជា​ឃាតករ​ផង​​អោយ​ឡើង​​សោយ​រាជ្យ​បន្ត​ទៅវិញ? ត្រង់​នេះ​អាច​បញ្ជាក់​​ច្បាស់​ថា ប្រាកដ​ជា​មាន​ការ​ផ្សំគំនិត​គ្នា​ដ៏​ធំ​មួយ​នៅ​​​ក្នុង​រាជវាំង​ ក្នុង​​​បុព្វហេតុ​បំរើ​នូវ​ផល​​ប្រយោជន៍​អ្វី​មួយ​សំរាប់​​បក្ស​ពួក​មួយក្រុម ឬសំរាប់​ប្រជារាស្រ្ត​ភាគច្រើន​ក្នុង​នគរ… ហើយក្រុម​ឃាតករ​ គឺ​​អាច​ជាមន្រ្តី​​ជាន់​ខ្ពស់​​​ខាង​កងទ័ព​ និង​មាន​អំណាច​ធំ​ដែល​ក្រុម​នាម៉ឺន​សព្វមុខ​មន្រ្តី​ក្នុង​រាជវាំង​មិន​អាច​ប្រឆាំង​​តវ៉ា​បាន។

​​វិភាគ​ទៅ​តាម​ស្លាកស្នាម​ប្រវត្តិសាស្រ្ត និង​សំណង់​ប្រាសាទ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក គេ​អាច​​ធ្វើ​ការ​សន្និដ្ឋាន​បន្ថែម​ទៀត​​ថា ឃាតកម្ម​ទៅ​លើ​ព្រះរាជា​នេះ គឺ​មក​ពី​មូល​ហេតុ​​ទំនាស់​​សាសនា មិនមែន​មក​ពី​មូលហេតុ​​នយោបាយ​ទេ។ អាចនិយាយ​បាន​ថា គឺជា​ការ​បដិវត្តន៍ ​​ដើម្បី​ប្តូរ​យក​​សេរីភាព​​ក្នុង​ការ​គោរព​ជំនឿ​​សាសនាពី​ព្រហ្មញ្ញ មក​ព្រះពុទ្ធ​វិញ តែ​ក៍​បាន​បំរើ​នូវ​ផលប្រយោជន៍​ផ្នែក​សំភារៈ​ខ្លះដែរ ដែល​បង្កប់​​ពី​ក្នុង​​បញ្ហា​ទំនាស់​​នោះ។

ផលវិបាកក្រោយ​ពេល​បដិវត្តន៍តាត្រសក់ផ្អែម

ចាប់តាំង​ពី​រជ្ជកាល​តាជ័យ ឬតាត្រសក់ផ្អែម​ឡើង​សោយ​រាជ្យ​មក ការប្រើប្រាស់​ភាសា​សំស្រ្កឹត​ដែល​ជា​ភាសារបស់​ពួក​ព្រាហ្មណ៍ បណ្ឌិត បុរោហិត អាចារ្យ​ព្រហ្មញ្ញ​សាសនា ជា​ភាសា​របស់​​ព្រះ​មហាក្សត្រ​ដែល​គោរព​ព្រះសិវៈ ឬព្រះវិស្ណុ ក្រោមរូបភាព​ជាព្រះ​ហរិហរៈ ត្រូវបានគេ​បោះ​បង់​ចោល ហើយ​ជំនួស​វិញ​ដោយ​ភាសាបាលី ជា​ភាសា​ពិសិដ្ឋ​​របស់​ពុទ្ធសាសនិកជននា​សម័យ​នោះ ដែល​ក្រោយមក​បាន​ក្លាយ​ទៅ​ជា​ភាសា​សំរាប់​អ្នក​ប្រាជ្ញ​នៅ​ក្រោមរាជវង្ស​ថ្មី។

បដិវត្តន៍តោងតែ​ជាបដិវត្តន៍ប្រជាប្រិយ បើហោចណាស់​ក៍​នៅ​តាម​ទី​ក្រុង​ដែរ។ បើ​ដូច្នេះ គឺ​ជា​បដិវត្តន៍ប្រជាធិបតេយ្យ​ ហើយដើម្បី​អោយ​ប្រជារាស្ត្រ​នៅ​តែ​គោរពបូជា​ខ្លួន​ ព្រះរាជា​ក៏តោងតែ​បោះបង់​ចោល​នូវទំលាប់​ខ្លះ​ជា​ពិសេស គឺ​ប្រពៃណី​ដែល​ប្រជារាស្រ្ត​មិន​ចូលចិត្ត ដូចជា​ការ​កេណ្ឌ​ប្រជា​ជន​អោយ​សង់វិមាន​ធំៗ សង់រាជវាំង សង់បន្ទាយ សង់ប្រាសាទ​សំរាប់​លំអរាជធានី ដូចជា​ប្រាសាទបាយ័ន អង្គរវត្ត ព្រះខ័ន តាព្រហ្ម…​។ល។ ដែល​ត្រូវ​ចំណាយ​មាស​ប្រាក់ ទុក្ខវេទនា និងទឹកភ្នែករាស្រ្ត​ជាច្រើន។ គឺ​ដោយ​ហេតុ​នេះ​ហើយ​ បាន​ជា​ការ​សាងសង់​ប្រាសាទ​មួយចំនួន​​ត្រូវបាន​បោះបង់​ចោល ដូចជា​ប្រាសាទ​អង្គរវត្ត​ជាដើម ដែល​​កសាង​ចាប់​ពី​សតវត្សរ៍​មុនមក តែចំលាក់​ក្បាច់​រចនានៅ​មិន​ទាន់​ហើយរួចរាល់​អស់​​នៅឡើយ​ គឺនៅ​ដដែល​ដូចមុន​រហូត​ដល់​សព្វថ្ងៃ​ ព្រោះ​ក្រោយបដិរត្តន៍នេះ​មក​ ព្រះពុទ្ធ​សាសនា​​បានក្លាយ​ទៅ​ជា​សាសនា​ផ្លូវការ ហើយព្រះ​រាជា​ក៍​គ្មាន​មធ្យោបាយ​ខាង​សំភារៈ និង​ស្មារតីណា​នឹង​បន្តការ​សាងសង់​ ដាប់​ឆ្លាក់​​តទៅទៀត​បាន​ឡើយ។ រីឯ​ប្រជារាស្រ្ត​​ដែល​ធ្លាប់​តែ​រង​នូវ​ការ​គាបសង្កត់ពី​រាជានិយម​ព្រហ្មញ្ញសាសនា ក៍ហាក់​ដូចជា​មាន​សេរីភាព​ជាង​មុន និងមាន​សេចក្តី​ក្លាហាន​ជាង​ជាមួយនឹង​រាជានិយម​ថ្មី ជា​ពិសេស​​ នៅពេល​ដែល​អាណាចក្រ​ទាំងមូល​កំពុង​តែ​រង​នូវ​ការ​បែក​បាក់​ ដូចនេះ​គ្មាន​ផល​ប្រយោជន៍​អ្វីដែល​ធ្វើ​អោយ​គេ​ចង់​ធ្វើការ​ងារ​ដ៏​លំបាក​ទាំងអស់​នោះ​ឡើង​វិញ​ទេ។ គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ការ​ចុះ​​អាប់​អោន​​នៃ​អាណាចក្រ​ខ្មែរ បាន​បណ្តាល​អោយ​មាន​ការ​​ចុះ​អាប់​អោន​នៃ​​សំណង់​ស្ថាបត្យកម្ម​ផង​ដែរ។ និយាយអោយខ្លីទៅ ក្រោយ​ពី​បដិវត្តន៍​ពុទ្ធសាសនា​របស់​តាជ័យ ឬតាត្រសក់​ផ្អែម​មក អ្វីៗទាំងអស់​នៃ​អាណាចក្រ​ខ្មែរ ​ត្រូវ​​បាន​​ធ្លាក់​បាក់​ ស្រុត​ចុះ​​ទាំង​អស់។

ព្រឹត្តិការណ៍​ដ៏ធំមួយ ​ដែល​ជា​ផល​វិបាក​នៃ​បដិវត្តន៍​ពុទ្ធសាសនា​របស់​តាជ័យនោះគឺ ការ​របូត​ចេញ​ពីអំណាចអាណាចក្រ​ខ្មែរ នូវបណ្តារដ្ឋទាំងឡាយ​ដែល​ធ្លាប់​ជា​តែ​ចំណុះ​បន្ទាប់​ពី​ការ​បាត់​បង់​អំណាច​របស់​វង្សវរ្ម័ន​នៅ​​រាជវាំងអង្គរ។ ភាពរំជើបរំជួល​អាច​កើត​មាន​ឡើង​គ្រប់​ទិសទី។ បណ្តារដ្ឋ​ទាំងឡាយ ដែលធ្លាប់​តែ​ចុះចាញ់​ដាក់​ខ្លួ៍ន​ជា​ចំណុះ ហើយ​យល់​ព្រម​ទទួល​ស្គាល់​អនុត្តរភាព​របស់​អាណាចក្រ​ខ្មែរ ពេល​នោះ​ប្រហែល​ជា​ចាប់​កាន់​អាវុធ​រើបំរះ​ទាមទារ​ស្វ័យភាព រួចហើយ​ប្រកាស​ឯករាជ្យ​ក្នុង​ពេល​តែមួយ។ ព្រះរាជាខ្មែរ​​ដែល​អស់​អំណាច ហើយ​គ្មាន​យន្តការ​សង្គម​អ្វី​ដើម្បី​កេណ្ឌ​ប្រជារាស្រ្តរាប់​ពាន់​ រាប់​ម៉ឺននាក់​អោយ​ធ្វើ​សំណង់​ធំៗ​នោះ ក៍​គ្មាន​អំណាច​ណា​នឹង​កេណ្ឌពលរេហ៍​ធ្វើ​សង្រ្គាម ទៅទិសទាំងបួន ដូចពីមុន​ដែរ… ម្ល៉ោះហើយ​ក៍​មិន​អាច​នឹង​ចាប់​ពួក​បះបោរ​អោយ​ចូល​មក​ក្នុង​នឹម​ត្រួតត្រាវិញ​ដូចកាល​ពី​ដើម​បាន​ដែរ។

គេ​មិន​អាច​ពន្យល់​ពី​តថភាព​ខាងលើនេះ បែប​ដូចម្តេចបានទៀត​ទេ​ គឺថា​អ្វីៗ​ទាំងអស់​ចំពោះ​អាណាចក្រ​ខ្មែរ ហាក់​ដូច​ជាបញ្ចប់​ត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី១៤ ​នេះ ហើយ​ក្រោយ​ពី​នោះមក ប្រទេស​ខ្មែរ​ គឺ​ប្រៀបដូចជា​ការ​ចាប់​ផ្តើម​សារ​ជា​ថ្មី​ឡើងវិញ។ ព្រោះ​ថា ចាប់​ពី​ពេល​មាន​បដិវត្តន៍​នោះ​មក ការ​ចុះ​អាប់​អោន​​មាន​ល្បឿន​លឿន​គ្មាន​អ្វី​អាច​ទប់​បាន គឺ​ចុះអាប់​អោន​​ទាំងខាងសំណង់​​ស្ថាបត្យកម្ម និង​ទាំងខាង​ការ​គ្រប់​គ្រង​អាណាចក្រខ្មែរ។ បន្តិច​ម្តងៗ ខ្មែរលែង​នៅ​ជា​ជាតិ​សាសន៍​ធំមួយ ​ដែល​មាន​អារ្យធម៌​ហិណ្ឌូ​ដូច​ពីមុន​ និង​លែង​អភិវឌ្ឍន៍​អារ្យធម៌​​របស់​ខ្លួន​​ទៅ​តាម​មាគ៌ា​ដែល​ពួក​ហិណ្ឌូ​បាន​ត្រួសត្រាយ​ទុក​​អោយ​នោះ​ទៀត​ហើយ។ ជនជាតិ​ខ្មែរ​ បាន​ត្រឡប់​​មក​រក​ធាតុ​ដើម​វិញ គឺ​ស្ថានភាព​បុព្វកាល​ដូច​អ្នក​ស្រុក​នៅ​រក្សា​បាន​នៅឡើយ។ បើ​ក្រលេក​មើល​​ព្រះរាជា​វរ្ម័ន​ចុងក្រោយ​មុន​​ពេល​មាន​បដិវត្តន៍​នេះ ​ទោះ​ជា​ថាមពល​របស់​អាណាចក្រ​ខ្មែរ​បាន​ចុះ​ខ្សោយ​បន្តិច​ទៅ​ហើយ​ក៍​ពិត​មែន ក៍ប៉ុន្តែ​​​កំលាំង​កងទ័ព​នៅ​បាន​ទប់​ទល់​ជា​មួយ​ពួក​សៀម​ ដោយ​​​បោស​សំអាត​ទ័ពសៀម​ បាន​ស្អាត​ដូច​គេ​ដក​ស្មៅ បាន​​នៅឡើយ​ទេ។​​ ប៉ុន្តែ​ចាប់​​​ពី​អស់​វង្ស​វរ្ម័ន​មក​ ខ្មែរ​លែង​មាន​សមត្ថភាពនឹង​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​សៀម​ទៀត​ហើយ… ធ្វើ​សង្រ្គាម​ម្តង ចុះខ្សោយ​បន្តិច… គឺ​ចុះ​ខ្សោយ​រហូត​ទាល់​តែ​ក្លាយ​ទៅ​ជា​អស់​សមត្ថភាព​​ក្នុង​សឹក​សង្រ្គាម​តែ​ម្តង។

ចុង​ក្រោយ គឺចាប់​ពី​ពេល​ដែល​សៀម​ដណ្តើម​យក​ក្រុង​លង្វែក​បាន​នៅ​ឆ្នាំ១៥៨៧ មក វា​ហាក់​ដូច​ជា​សឹង​តែ​​ថា លែង​មាន​អារ្យធម៌​​នៃ​អាណាចក្រ​ខ្មែរ​តទៅ​ទៀត​ហើយ…៕