ប្រវត្តិសង្ខេប
- នាមនិងគោត្តនាមៈ អៀង ធីរិទ្ធ
- ឈ្មោះហៅក្រៅៈ មិត្ត ភា ឬមិត្តហុង
- ថ្ងៃខែឆ្នាំកំណើតៈ ១២ មីនា ១៩៣២
- ទីកន្លែងកំណើតៈ សង្កាត់លេខ៥ ក្រុងភ្នំពេញ
- ការសិក្សា និងការងារ: លោកស្រី អៀង ធិរិទ្ធ បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ បន្ទាប់មក លោកស្រីបានទៅសិក្សាផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យ សបូន (Sorbonne) ប្រទេសបារាំង។ លោកស្រី គឺជាស្រ្តីកម្ពុជាទីមួយ ដែលបានទទួលសញ្ញាប័ត្រផ្នែកអក្សរសាស្រ្តអង់គ្លេស។ លោកស្រីបានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៧ ហើយ បានធ្វើជាសាស្រ្តាចារ្យមុនពេលបង្កើតសាលាឯកជនបង្រៀនភាសាអង់គ្លេសមួយនៅឆ្នាំ១៩៦០។
- មុខតំណែងក្នុងសម័យកម្ពុជាប្រជាធិប្បតេយ្យៈ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ លោកស្រី អៀង ធិរិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។
- មុនពេលចាប់ខ្លួនៈ លោកស្រី អៀង ធិរិទ្ធ ត្រូវបានចោទថា បានធ្វើការជាមួយខ្មែរក្រហម រហូតដល់ពេលដែលស្វាមីរបស់គាត់គឺលោក អៀង សារី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជានៅឆ្នាំ១៩៩៨។ លោកស្រី និងស្វាមីបានមករស់នៅក្នុងទីក្រុងភ្នំពេញ រហូតដល់ពេលត្រូវប៉ូលីសចាប់ខ្លួននៅខែវិច្ឆិកា ឆ្នាំ២០០៧។
នៅក្នុងសំណុំរឿង០០២ ចំណុចចោទប្រកាន់ និងស្ថានភាពករណីរបស់លោកស្រី អៀង ធីរិទ្ធ មានដូចតទៅ៖
ស្ថានភាពករណី: លោកស្រី អៀង ធីរិទ្ធ ត្រូវចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។
ចំណុចចោទប្រកាន់: លោកស្រី អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្មឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយ ឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដូចខាងក្រោម៖
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិៈ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ៈ ការសម្លាប់រង្គាលក្រុមជនជាតិវៀតណាម និងចាម។
- ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩: មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្ម ឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាអោយមានរបួសធ្ងន់ធ្ងរ ឬអោយមានការឈឺចាប់ដល់រូបរាងកាយ ឬសុខភាព ការដក ហូតដោយចេតនាពីឈ្លើយសឹក ឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំង និងការនិរទេសជនស៊ីវិលដោយខុសច្បាប់។
- អំពើមនុស្សឃាតៈ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។
តែរាល់បទចោទប្រកាន់ទាំងអស់នេះ ត្រូវបានលោកស្រី អៀង ធីរិទ្ធ បានបដិសេធចោលទាំងស្រុង។
មេធាវីការពារក្តី:
- មេធាវីជាតិៈ លោក ផាត់ ពៅស៊ាង
- មេធាវីអន្តរជាតិៈ លោកស្រី ដាយអាណា អេលីស (Diana Ellis) ជាជនជាតិអង់គ្លេស ។
ស្រុកស្រែ
