រមណីយដ្ឋាន ព្រែកត្នោត-​ត្រពាំងរពៅ


ក្នុងដំណើរឆ្លងកាត់ពីកំពង់សោមទៅកំពត កាត់តាមវាលរេញ ខ្ញុំបានឆៀងចូល​ទៅលេង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយកន្លែងឈ្មោះថា ព្រែកត្នោត។

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិព្រែកត្នោត ស្ថិតនៅជិតទីប្រជុំជនត្រពាំងរពៅ ដែលជាព្រំប្រទល់រវាងខេត្តកំពត និងខេត្តព្រះសីហនុ ដែល​មាន​ចំងាយ​ជិតពីរ​គីឡូម៉ែត្រ​ ចុះពីផ្លូវកៅស៊ូទៅ​ ឆ្ពោះ​ទៅ​កាន់​ជួរ​ភ្នំ​បូកគោ។ ​រមណីយដ្ឋាននេះ​ បាន​បង្កើត​ឡើងដោយ​ប្រជាសហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​នេះផ្ទាល់តែម្តង​នៅឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភពីអង្គការ SCW (Save Cambodia’s Wildlife)។​

ដោយធ្វើ​ដំណើរ​តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម មុននឹងទៅដល់រមណីយដ្ឋាននេះ អ្វីដែលភ្ញៀវទេសចរណ៍ទូទៅ​បានឃើញមុនគេ គឺបារ៉ាស់​លក់​សំបុត្រ។ ហេហេ… ឡានមួយតំលៃ ៤០០០រៀល ឬស្មើ​នឹង​ ១ដុល្លាអាគាំង។ រីឯម៉ូតូវិញ មួយតំលៃ ១០០០រៀល។ មុន​នឹង​អោយ​លុយថ្លៃសំបុត្រ ខ្ញុំបាន​ចាប់ផ្តើម​និយាយ​ស៊ិះស៊ុះ​ជាមួយ​អ្នក​លក់​សំបុត្រ ​តាមទំលាប់​ដែលខ្ញុំធ្លាប់បាន​ធ្វើ​ជាមួយ​នឹង​​អ្នកលក់​សំបុត្រ​ទូទៅ​​នៅ​តាម​រមណីយដ្ឋាន​​នានា​​ក្នុង​ស្រុក​ខ្មែរដែរ៖

  • មិនបាច់យកកន្ទុយសំបុត្រ… យកតែ ២០០០រៀលបានហើយ..!! ពាក់កណ្តាលតំលៃ..!!
  • អត់បានទេបង…  (អ្នកលក់​សំបុត្រ​ឆ្លើយមក​ខ្ញុំវិញ) ខ្ញុំមិនអាច​ក្បត់​នឹងសហគមន៍ខ្ញុំ​បានទេ…

ខ្ញុំក៍ហុចក្រដាស ៥០០០រៀលទៅ ហើយប្រាប់ថា៖ មិនបាច់អាប់ទេ…។ គ្រាន់បើ..!! (ខ្ញុំបន្ថែមក្នុងចិត្ត​​ដោយលួចសើច​ម្នាក់ឯង)។ ក្នុងអារម្មណ៍​ខ្ញុំ​មានការភ្ញាក់ផ្អើលណាស់​​ ដោយខ្ញុំកំរបានឮ​ចំឡើយ​ដោយ​សុទ្ធចិត្ត ​ពីអ្នក​លក់​សំបុត្រ​យកលុយ​បែបនេះ​ណាស់។ ព្រោះតាម​ទំលាប់​ធម្មតា​សឹងតែទូទៅ ទៅហើយដែលអ្នកលក់​សំបុត្រ​បាន​លួច​យកលុយ​ពីភ្ញៀវ​ដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​ ដោយមិនគិត​ពីហោប៉ៅរួម។

ផុតពីបារ៉ាស់លក់សំបុត្រសំរាប់​ឡាន-ម៉ូតូនេះបន្តិច គឺជាទីធ្លា​ចតយានយន្ត​​​ ដែលមាន​ទំហំមិនជាធំអី​ណាស់ណាទេ។ មុននឹងចូលដល់ក្នុងបរិវេណរមណីយដ្ឋាននេះ ភរិយាខ្ញុំ និងខ្ញុំ​ក៍ដូចជាភ្ញៀវទេសចរណ៍​ទូទៅដែរ គឺត្រូវតែឆ្លងកាត់​បញ្ជរលក់សំបុត្រចូលទស្សនា​ ក្នុងម្នាក់ៗ ៥០០រៀលទៀត។ ខ្ញុំសួរ៖

  • យកថ្លៃអី ៥០០រៀល ពីភ្ញៀវនេះ?
  • ថ្លៃអនាម័យ ការពារបរិដ្ឋានបង…​(ពួកគេឆ្លើយ​មក​ខ្ញុំវិញ)

អត់បញ្ហា..!! ចូលផុតពីបញ្ជរលក់សំបុត្រនេះទៅ ស្រាប់តែ​អ្នកលក់​ម្ហូបម្ហារ​ជាច្រើន​នាក់ បាន​ហុច​​នាមប័ណ្ណ​ផ្ទាល់ខ្លួន​​អោយរញ៉ីទៅ​ភរិយាខ្ញុំ ព្រមទាំង​និយាយ​ទាក់ទាញ​ភរិយាខ្ញុំ​អោយ​​ជួយ​​កុម្មង់ម្ហូបពួកគេ​រៀងៗខ្លួន។ ហេហេ… (ខ្ញុំនឹកក្នុងចិត្ត) ម៉ាឃីតធីង​អស់ស្ទះ..!! អ្នកលក់​​ទាំងអស់​នោះ​​ ខំនិយាយ​ទាក់ទាញពន្យល់ថា៖

  • បើបងចង់ពិសារអី សូមបងតេឡេហ្វូនកុម្មង់ពីតូបមកក៍បានដែរ ចាំពួកខ្ញុំ​យកទៅ​ជូនបង​ពិសារដល់កន្លែង…
  • តើខ្ញុំត្រូវដើរពីនេះទៅដល់តូប​ ចំងាយណារ៉ូវ? (ខ្ញុំសួរ)
  • ជិតទេបង… មិនដល់ ២០០ម៉ែត្រទេ… ជិតនេះឯង..!!
  • កាលពេលភ្ជុំប៉ុន្មានង៉ៃមុននេះ មានភ្ញៀវមកលេងច្រើនទេ? (ខ្ញុំសួរទៀត)
  • ច្រើនគួរសមពូ រកកន្លែង​ចតឡានសឹងអត់បាន…​ ពេញទាំងអស់..!! (អ្នកលក់ម្នាក់ទៀតឆ្លើយ)
  • ពួកអ្នក​មក​លេង​ មានបានកុម្មង់ម្ហូបពីនេះទៅញាំទេ? (ខ្ញុំសួរថែមទៀត)
  • មានកុម្មង់ខ្លះដែរ ដូចជាមាន់ដុត និងគ្រឿងសមុទ្រ… ម្ហូបនិងភេសជ្ជៈ​សុទ្ធ​តែសហគមន៍ជាអ្នកកំណត់តំលៃលក់ទាំងអស់ណឹង… ពួកខ្ញុំ​អត់​ហ៊ាន​លក់លើសតំលៃ​កោរពីភ្ញៀវទេចា៎ស!…

ដោយអ្នកលក់ច្រើនពេក ណាមួយកុំអោយច្រណែនគ្នាផង ខ្ញុំបានញាក់មុខ​ដាក់​ភរិយា​ខ្ញុំ​ អោយលាពួកគេទៅ រួចដើរសំដៅទឹកជ្រោះ ដែលកំពុងឮសូរ​រងំ​ចេញ​ពីក្នុង​ព្រៃក្បែរ​នោះ។

តាមពិតទៅ ទីនេះជា​ដងអូរទឹកជ្រោះ​ធម្មជាតិ ដែលមាន​ប្រភព​មក​ពី​ជួរភ្នំបូកគោ។ ខ្ញុំបានឆ្លៀត​សន្ទនាគ្នាលេង​ ជាមួយនឹង​អ្នក​ធ្វើការ​ក្នុង​តំបន់រមណីយដ្ឋាននេះ​យ៉ាង​ស្និទ្ធស្នាល៖

  • តើទឹកជ្រោះ​សំរាប់​ភ្ញៀវងូតលេង​មានប្រវែង​ប៉ុន្មានដែរ? (ខ្ញុំសួរ)
  • ទឹកជ្រោះធម្មជាតិនៅព្រែកត្នោតនេះ មានប្រវែងប្រហែល ៧០០ម អាចអោយភ្ញៀវ​ទេសចរណ៍​មក​ងូតទឹកលេង​កំសាន្តបាន​ទាំងខួបប្រាំង ខួបវស្សា…
  • មានខ្ចុះ (Kiosk) ប៉ុន្មាន សំរាប់​អោយភ្ញៀវ​ជួល​អង្គុយញាំបាយបង? (ខ្ញុំសួរទៀត)
  • សរុបទាំងអស់មាន​២៣…
  • តើបុគ្គលិក​ប្រជាសហគមន៍​ដែល​ធ្វើការ​នៅទីនេះ​ មានប៉ុន្មាននាក់ដែរ? (ខ្ញុំសួរបន្តទៀត)
  • ទាំងអស់មាន ១៣​នាក់… ក្នុង ១៣នាក់​នេះ មាន ១២នាក់ ត្រូវបានជ្រើស​រើស​យក​មក​ពីភូមិ​ចំនួនបួន​ក្នុង​ឃុំត្រពាំងរពៅនេះ។ អ្នកមក​ធ្វើការ​នៅទីនេះ​ ត្រូវបាន​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ពី​ប្រជាជន​ក្នុង​ភូមិ និង​មាន​អណត្តិ ៥ឆ្នាំទើប​​បោះឆ្នោត​ជ្រើស​រើស​ម្តងទៀត…
  • ហើយបែងចែក​ការងារគ្នាធ្វើយ៉ាងម៉េចទៅ? (ខ្ញុំសួរបន្ថែម)
  • មានក្រុមសន្តិសុខ​យាមឡាន ម៉ូតូ និងការពារសុវត្ថិភាព​ភ្ញៀវមក​លេង, មានក្រុមលក់សំបុត្រ, មានអ្នក​គ្រប់គ្រង​ចំណូល, និងក្រុមសំអាតអនាម័យ…
  • ចុះចំណូលដែលបានមកពីភ្ញៀវទេសចរណ៍ មានការ​គ្រប់គ្រង និងបែងចែក​​យ៉ាងម៉េចទៅ? (ខ្ញុំសួរទៀត)
  • នៅក្នុងសហគមន៍ឃុំត្រពាំងរពៅនេះ ចំណូលមានពីរផ្នែក គឺទី១ បានមក​ពី​ផលិតផល​ផ្តៅ និងទី២ បាន​មក​ពី​រមណីយដ្ឋាន​ព្រែកត្នោត​នេះ។ អ្នកមកធ្វើការ​នៅទីនេះ ម្នាក់ៗ​ក្នុងមួយថ្ងៃ​ មានខ្លះទៅ ៥០០០រៀល, ខ្លះ ៧០០០រៀល, ខ្លះ ៩០០០រៀល… គឺខាងអ្នកសំអាត​អនាម័យ​បាន​ថ្លៃ​ជាង​គេ ព្រោះនៅទីនេះ​មានការ​យកចិត្តទុកដាក់​​ការពារ​បរិដ្ឋាន​ខ្លាំងណាស់។ ហើយ​ចំណូល​នៅសល់ប៉ុន្មាន គឺត្រូវ​ដាក់បញ្ចូល​ទៅសន្សំទុក​ក្នុង​មូលនិធិសហគមន៍…

ខ្ញុំនឹកសរសើរ​ពីការគ្រប់គ្រងនៅទីនេះណាស់។ ដោយរដូវនេះ​ជារដូវវស្សាផង ហើយម៉្យាងទៀត ​ដោយ​ខ្ញុំ​ខ្លាចសត្វទៀកខាំផង ​ខ្ញុំមិនបាននៅញាំបាយ​ថ្ងៃត្រង់ និងងូត​ទឹក​លេង​នៅ​ទីនេះ​ឡើយ ដោយ​ខ្ញុំ​ស្រូតត្រឡប់​ចេញមក​វិញ ឆ្ពោះ​ទៅកាន់​ខេត្តកំពត។

ខ្ញុំលើកដៃលា​អ្នកធ្វើការ​នៅទីនោះ។ នៅក្នុងចិត្តខ្ញុំ បានបួងសួង​អោយ​ទីនោះ​ក្លាយទៅជា​រមណីយដ្ឋាន​ដ៏ពេញនិយម​សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​នា​ពេលអនាគត… ហើយ​នៅពេល​ដែលខ្ញុំ​កំពុង​សរសេរ​នូវ​កំណត់​ត្រា​នេះ​ឡើងវិញ រូបភាពញញឹម​រាក់ទាក់​នៃអ្នក​ភូមិត្រពាំងរពៅ នៅតែ​ដក់ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​នៅឡើយ…៕

ផ្លាកសញ្ញានៅលើចិញ្ចើមផ្លូវជាតិ ដែលបង្ហាញប្រាប់អ្នកដំណើរទូទៅអំពី រមណីយដ្ឋានព្រែកត្នោត

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១

About these ads

4 responses to “រមណីយដ្ឋាន ព្រែកត្នោត-​ត្រពាំងរពៅ

  1. ភាព​ស្មោះ​ត្រង់​ហ្នឹង​អាច​នឹង​មាន​តែ​ដំបូងៗ​ទេ​មើល​ទៅ, តែ​តិច​ទៅ ពេល​ដែល​មានមនុស្ស​ចូល​លេង​ច្រើន ឬ អស់ ហ្វាន់​ឧប្ថម្ភ​អន្តរជាតិ ក្រែង​តែ​លែង​ចឹង​ហើយ (ដូច​ភ្នំ​តា​ម៉ៅ អាឡូវ​យ៉ាប់​ដល់​ករ​ហើយ) តែ​ក្រែង​តែ​ខ្ញុំ​មាន​គំនិតទុដ្ឋិនិយម​ពេក​ក៏​មិន​ដឹង តែ​ឃើញ​ចឹង​វា​ច្រើន​ពេក ។

  2. និយាយបែបនេះ តិចលោ​លោកក្មេង​ស្រែ រស់នៅ​ម្តុំៗភ្នំតាម៉ៅចុះ?

    • អត់រ៉េ​បង, ញ៉ុម​កើត​នៅ​អំពេញ ហើយ​ក៏​នៅ​តែ​អំពេញ​តាំងពីតូច​មក, គ្រាន់​តែ​ធំ​ដឹង​ក្តី​ក្នុង​ស្រទាប់​ហៅ​ថា​បាត​មនុស្ស​នឹង​គេដែរ, ត្រូវ​រើស​អេដចាយ,  ត្រូវ​ទូល​ផ្លែឈើ​មួយ​កញ្រ្ចែង​លក់​អី​ចឹង​ទៅ ។

  3. បើអីចឹង អាចហៅថា សាច់ឈាម​អ្នកអំពេញចំ​ហើយ…​បើ​ទៅ​លេងជនបទ​ម្តងៗវិញ អ្នកស្រុក​នឹង​ស្រែក​ហ៊ោរឡើង៖ អ្នកអំពេញ​ម៉ោហើយ! អ្នកអំពេញ​ម៉ោហើយ!… ហាសហាៗៗៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s